ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ ក្រុមអាជីវករចំនួន ២៣១ តូប បានដាក់លក់បន្លែត្រីសាច់ លើផ្លូវសាធារណៈ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បង្កឲ្យកកស្ទះផ្លូវចូល ទៅសាលាខេត្តកំពង់ស្ពឺ បន្ទាប់ពីក្រុមអាជីវករទាំងនោះ បាននាំគ្នាដាក់ពាក្យបណ្តឹង ជាច្រើនដង ប៉ុន្តែគ្មានដំណោះ ស្រាយ។
អាជីវករម្នាក់ តំណាងក្រុមអាជីវករ ចំនួន ២៣១ តូប មានឈ្មោះ ខៀវ ចាន់ឡា បាននិយាយថាៈ ពួកគាត់បាននាំគ្នាធ្វើពាក្យបណ្តឹង ស្នើសុំអាជ្ញាធរក្រុងច្បារមន ឲ្យជួយរៀបចំការលក់ ដូរ ក្រុមអាជីវករ ត្រង់ចំណុចរង្វង់មូលដើមលាភ មុខផ្សារកំពង់ស្ពឺ ឲ្យទៅលក់នៅដីឈួន កម្សាន្ត វិញ ព្រោះថា តាំងពីក្រុមអាជីវករកន្លែងលោក ឈួន កម្សាន្ត មកដាក់ត្រង់ចំណុច ខាងលើនេះ បានឲ្យពួកគាត់ លក់ដូរមិនដាច់សោះ សព្វថ្ងៃ ពួកគាត់ ជំពាក់លុយធនាគារ ត្រូវបង់រាល់ខែ។ ព្រោះបងប្អូនអ្នកដើរទិញម្ហូបអាហារ ពួកគាត់ លែង ចូលផ្សារអស់ហើយ ដោយសារអ្នកលក់ដូរ នៅខាងរង្វង់មូល មានលក់ដូរបន្លែត្រីសាច់ គ្រប់ប្រភេទណាមួយ ពួកគាត់មិនចាំដើរទិញឈប់ម៉ូតូ ឬរថយន្តទិញបានទៅហើយ។
គាត់បានបន្តទៀតថាៈ បើសិនមានបងប្អូនណា មកឈប់ម៉ូតូពីមុខផ្សារដើរ ចូលទៅទិញ បន្លែត្រីសាច់ ត្រូវសមត្ថកិច្ចរៀបចំសណ្ដាប់ធ្នាប់ក្រុង ចាប់លើកម៉ូតូទៅសាលាក្រុង ហើយ ដោយប្រើលេសថាបង្កឲ្យកកស្ទះ ទើបពួកគាត់សម្រេចចិត្ត នាំគ្នាដាក់លក់ដូរ លើផ្លូវសាធារណៈមុខផ្សារកំពង់ស្ពឺ មានការកកស្ទះ ដើម្បីឲ្យអាជ្ញាធរក្រុងច្បារមន បានហៅពួកគាត់ ទៅដោះស្រាយបញ្ហាពាក្យបណ្តឹង ដែលពួកគាត់ បានទាមទារ។
ទាក់ទិននឹងការលើកឡើងពីកង្វល់របស់ក្រុមអាជីវករ ចំនួន ២៣១ តូបនេះ លោក ទឹម ផានូ អភិបាលក្រុងច្បារមន បាននិយាយថាៈ លោកបានឲ្យគណៈកម្មការផ្សារ ហៅបងប្អូន ក្រុមអាជីវករ ទាំងអ្នកលក់ នៅក្នុងផ្សារ និងនៅរង្វង់មូលមុខផ្សារ មកសាលាក្រុង ដើម្បីដោះស្រាយ នៅរសៀលថ្ងៃទី១៣ ខែកម្ភៈនេះ ដើម្បីសម្របសម្រួល និងដោះស្រាយ បញ្ហាទាំងនោះ៕ V / N