ដោយៈសុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធកីឡាហាប់គីដូកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រ ដល់គ្រូបង្វឹក មកពីសាលាបណ្ឌិតសភា នគរបាលកម្ពុជា ដែលបានបញ្ចប់ការសិក្សា វគ្គកម្រិតមធ្យម ក្បាច់គុនកីឡាហាប់គីដូ នៅមណ្ឌលកីឡា ក្រសួងមហាផ្ទៃ នៃពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា។
ក្នុងឱកាសពិធីប្រគល់នេះ ដោយមានការអញ្ជើញពីសំណាក់លោក គួច ហុង ជៀក អនុប្រធានសហព័ន្ធតំណាងឲ្យលោក ឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូកម្ពុជា និងសិក្ខាកាមទទួលវិញ្ញាបនបត្រ ១០ នាក់។
លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាគ្រូបង្វឹក បាននិយាយថាៈ វគ្គកម្រិតមធ្យមក្បាច់គុនកីឡាហាប់គីដូ បានសិក្សារយៈពេល ៣ ខែ ចាប់តំាងពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានសិក្ខាកាម ចំនួន ១០ នាក់ មកពីសាលាបណ្ឌិតសភានគរបាលកម្ពុជា ក្នុងនោះ មានស្រី្តមួយនាក់។
លោក គួច ហុងជៀក បានមានប្រសាសន៍ថាៈ សកម្មភាពទំាងនេះ ជាផែនការមេរបស់ សហព័ន្ធ ដើម្បីសម្រួចទិសដៅអភិវឌ្ឍវិស័យកីឡាហាប់គីដូ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត និងជំរុញឲ្យវគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ប្រភេទកីឡាហាប់គីដូ ឲ្យខិតខំហ្វឹកហាត់បង្កើន បច្ចេកទេស ដើម្បីអភិវឌ្ឍសមត្ថភាព ឲ្យកាន់តែល្អប្រសើរ ក្នុងការទទួលបាន ឱកាសក្លាយជាគ្រូបង្គោល នាថ្ងៃអនាគត ។
លោកបានបន្តថាៈ សហព័ន្ធខ្វះ ការឧបត្ថម្ភសម្រាប់រៀបចំការប្រកួត កីឡាហាប់គីដូ ជ្រើសរើសជើងឯក ប្រចាំឆ្នាំរបស់ខ្លួន រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹកសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រម និងវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ក្នុងការពង្រីកក្លិប តាមបណ្តា ខេត្តនានា ក្នុងប្រទេសកម្ពុជា ដោយសាតែសហព័ន្ធ មានតែ ៥ ក្លិបតែ ដូច្នេះសម្រាប់ ផែនការមេ អាណត្តិថ្មី ឆ្នាំ២០២០-២០២៤ នឹងខិតខំប្រឹងប្រែង ឲ្យអស់សមត្ថភាពក្នុង ការបង្កើតក្លិប និងវគ្គបណ្តុះបណ្តាល ៕ V / N