ដោយៈ ចាន់តូ / ភ្នំពេញ៖ ក្មេងស្រីអាយុជាង ២ ខួបម្នាក់ ត្រូវរថយន្តដឹកទំនិញមួយគ្រឿង កិនស្លាប់ នៅកន្លែង ហើយឪពុកបានរងរបួសធ្ងន់ ខណៈពេលដែលគាត់បាន ឈប់ម៉ូតូ កង់៣ លើចិញ្ចើមផ្លូវ បញ្ចុកបាយកូនស្រី កាលពីវេលាម៉ោងប្រមាណ ៨និង៣០ នាទី ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវ ៤០ម៉ែត្រ ក្នុងភូមិក្រាំងអង្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្មេងស្រីរងគ្រោះ ដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ថាវ ជីអ៊ីង អាយុ ២ខួប ២ខែ ត្រូវរថយន្តកិនជាប់ក្រោមរថយន្ត ។ ចំណែក បុរសជាឪពុក ពុំស្គាល់អត្តសញ្ញាណឡើយ ត្រូវរថយន្ត បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ រថយន្តដែលបង្កគ្រោះថ្នាក់នោះ ម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះ ៥ តោន ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ ៣A.២៣៧៩ បើកបរ ដោយបុរសម្នាក់ បានរត់គេចខ្លួនបាត់។
តាមព័ត៌មាន បានឱ្យដឹងថាៈ នៅមុនពេលកើតហេតុ ជនរងគ្រោះ ជាឪពុក ដែលជាអ្នករត់ ម៉ូតូកង់៣ បានដឹកម៉ូយ មកម្តុំកន្លែងកើតហេតុ ដោយមានកូនស្រី អាយុជាង ២ ខួប មកជាមួយ ព្រោះម្តាយទៅធ្វើការ ហើយក៍បានឈប់ម៉ូតូកង់៣ នៅលើចិញ្ចើមផ្លូវ បញ្ចុកបាយកូនស្រី ។ ខណះនោះ ស្រាប់តែមានរថយន្តដឹកទំនិញ មួយគ្រឿង ខាងលើ បានធ្វើដំណើរក្នុងទិសដៅពីខាងលិច ទៅខាងកើត បានបើកវ៉ាជែង ឆ្វេងដៃ រថយន្ត មួយគ្រឿង ហើយក៍បានទាញចង្កូត ទៅខាងស្តាំដៃវិញ ក៏ជ្រុលឡើងចិញ្ចើមផ្លូវ ទៅបុកកិនម៉ូតូកង់៣ ជាប់ក្រោមរថយន្ត បណ្តាលឱ្យក្មេងស្រី ស្លាប់នៅកន្លែង ហើយបុរសជាឪពុក បានរងរបួសធ្ងន់តែម្តង៕/V/R