ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ យន្តហោះនិងនាវាចម្បាំងចិនជាងម្ភៃគ្រឿងត្រូវបានគេឃើញនៅក្នុងច្រកសមុទ្រតៃវ៉ាន់កាលពីព្រឹកថ្ងៃចន្ទចំពេលមានសេចក្តីរាយការណ៍ថាកងទ័ពជើងទឹកនិងម៉ារីនរបស់សហរដ្ឋអាម៉េរិកកំពុងធ្វើសមយុទ្ធរួមគ្នានៅក្នុងសមុទ្រចិនខាងត្បូង ខណៈភាពតានតឹងកើនឡើងរវាងមហាអំណាចទាំងពីរក្រោយអាម៉េរិកបាញ់ទម្លាក់បាឡុងចិនមួយ ដែលខ្លួនសង្ស័យជាយានឈ្លបយកការណ៍។
យោងតាមសារព័ត៌មានដេ្លលីម៉េល យន្តហោះចម្បាំងចិន១៨គ្រឿងនិងនាវាចម្បាំងបួនគ្រឿងបានបើកតាមច្រកសមុទ្រតៃវ៉ាន់ក្នុងនេះ១១គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រដែលត្រូវបានគេចាត់ទុកជាតំបន់ទ្រនាប់រវាងមហាចិនដីគោកនិងកោះតៃវ៉ាន់។
វារំលេចអំពីភាពតានតឹងនៅក្នុងតំបន់ បន្ទាប់ពីអាម៉េរិកចោទប្រកាន់ចិនថាធ្វើចារកម្មលើទឹកដីខ្លួនតាមរយៈបង្ហោះបាឡុង។កងទ័ពអាម៉េរិកក៏បាននិងកំពុងធ្វើសមយុទ្ធនៅក្នុងសមុទ្រចិនខាងត្បូងចាប់តាំងពីចុងសប្តាហ៍។
ឧទ្ធម្ភាគចក្រនិងយន្តហោះអាម៉េរិកចុះឡើងលើនាវាដឹកយន្តហោះUSS Nimitzក្នុងសមយុទ្ធនៅក្នុងសមុទ្រចិនខាងត្បូងកាលពីថ្ងៃ១១កុម្ភៈ
យន្តហោះចិនហោះលើកោះពីងតាន(Pingtan)ក្នុងខេត្តហ្វ៊ុយជៀនរបស់ចិន នៅក្បែរកោះតៃវ៉ាន់បំផុតកាលពីឆ្នាំមុន
ក្នុងពេលជាមួយគ្នា ក្រសួងការពារជាតិអាម៉េរិកបានបន្តស៊ើបអង្កេតវត្ថុហោះចំនួនបួនដែលខ្លួនបានបាញ់ទម្លាក់នៅទូទាំងដែនអាកាសអាម៉េរិកនិងកាណាដានៅប្រាំបីថ្ងៃកន្លងមកនេះ។វត្ថុហោះទីមួយជាបាឡុងរបស់ចិន តែបីទៀតគេនៅមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយទេ។ពួកមន្ត្រីអាម៉េរិកមិនបានច្រានចោលលទ្ធភាពដែលថាវត្ថុទាំងនេះអាចជាអេលៀន(យានបញ្ជូនមកពីភពផ្សេង)ក្រោយពីការបាញ់ទម្លាក់យានមានជ្រុងប្រាំបីមួយនៅលើបឹងហ៊ូរ៉ុន( Huron)ក្បែរកាណាដាកាលពីថ្ងៃអាទិត្យ។
ឧត្តមសេនីយ៍ទ័ពអាកាសលោក ក្លេន វ៉ាន់ហឺក(Glen VanHerck)បាននិយាយថា ផ្នែកសេវាស៊ើបការណ៍កំពុងសិក្សាមើលគ្រប់ទិដ្ឋភាពទាំងអស់ រួមទាំងវត្ថុមិនកំណត់អត្តសញ្ញាណបីដែលត្រូវបានបាញ់ទម្លាក់នៅពេលថ្មីៗនេះថាពួកវាអាចជាប់ពាក់ព័ន្ធនឹងអេលៀន។
ការបាញ់ទម្លាក់វត្ថុហោះរាងបញ្ចកោណ(៨ជ្រុង)កាលពីថ្ងៃអាទិត្យ ធ្វើឡើងដោយយន្តហោះF-16បន្ទាប់ពីវាហោះវិលក្បែរទីតាំងយោធាអាម៉េរិកដ៏សំខាន់មួយនៅរដ្ឋម៉ុងតាណា(Montana)និងអាចមានសមត្ថភាពស៊ើបការណ៍។
F-16 បាញ់ទម្លាក់វត្ថុហោះប្រាំបីជ្រុងលើបឹងហ៊ូរ៉ុន ដោយសារវាហោះកំពស់ត្រឹមតែ៦.០០០ម៉ែត្រ នៅពេលការបាញ់ទម្លាក់បីលើកមុនប្រើF-22ដោយសារវត្ថុទាំងនោះហោះខ្ពស់ៗហួសពីសមត្ថភាពយន្តហោះចម្បាំងធម្មតា
ឧត្តមសេនីយ៍ទ័ពអាកាសលោក ក្លេន វ៉ាន់ហឺក
លោក ក្លេន វ៉ាន់ហឺក បាននិយាយថាវត្ថុមិនកំណត់អត្តសញ្ញាញបីចុងក្រោយមិនដូចបាឡុងចិនទេ វាតូចនិងហោះយឺតជាង។ហេតុដែលយោធាអាម៉េរិកយកវាចេញពីក្នុងដែនអាកាសខ្លួនដោយសារពួកវាគំរាមអាកាសចរណ៍ស៊ីវិល។
ក្នុងពេលជាមួយគ្នា ប្រធានការិយាល័យវត្ថុហោះមិនស្គាល់អត្តសញ្ញាណ(UFO)អាម៉េរិកលោកបណ្ឌិត ស៊ីន គៀកផាទ្រិក(Sean Kirkpatrick)បានអោយដឹងថា ការិយាល័យរបស់លោកបានទទួលរបាយការណ៍ជាច្រើនមកពីមន្ត្រីស៊ើបកាណ៍និងយោធាព្រមទាំងពីបណ្តាទីភ្នាក់ងារផ្សេងៗអំពីវត្ថុហោះមិនស្គាល់អត្តសញ្ញាណដោយមិនត្រឹមតែនៅក្នុងដែនអាកាសអាម៉េរិកតែនៅក្រោមទឹកនិងក្នុងទីអវកាសថែមទៀត៕