ដោយៈបញ្ញាសាស្រ្ត/កំពង់ធំ៖ ស្ត្រីកម្ពុជាតែងទទួលបានការចូលរួមក្នុងគ្រប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិ ទាំងផ្នែក​វិស័យ សាធារណៈ សន្តិសុខ នយោបាយ ការទូត ឯកជន អង្គការជាតិ អន្តរជាតិ និងត្រូវបានលើកទឹកចិត្តឲ្យចាប់យក​តួនាទី​សំខាន់ៗដោយស្មើភាព គ្មានការរើសអើង។នេះជាការបញ្ជាក់របស់លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ ក្នុងពិធីសំណេះ​សំណាលជាមួយសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ៩ ក្រុង ស្រុក ៨១ ឃុំ សង្កាត់ និងថ្នាក់ដឹកនាំជានារី នៅក្នុងខេត្តកំពង់ធំ​នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោកស្រីបានរំលេចឱ្យឃើញថា ជាក់ស្ដែង នៅកម្ពុជាស្ត្រីក្នុងតួនាទីធ្វើសេចក្ដីសម្រេចចិត្ត និងអភិបាលកិច្ចមាន​ស្ត្រីជា​សមាជិកាព្រឹទ្ធសភា ស្ត្រីជាសមាជិការដ្ឋសភា ស្ត្រីជាថ្នាក់ដឹកនាំរដ្ឋាភិបាលមានឋានៈជា ឧបនាយករដ្ឋមន្ត្រី ស្ត្រីជារដ្ឋមន្ត្រី ស្ត្រីជាអគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ស្តីជារដ្ឋលេខាធិការ ស្ត្រី ជាអនុរដ្ឋលេខាធិការជាដើម។

លោកស្រីបន្តថា បើក្រឡេកមើលសង្គមកម្ពុជាបច្ចុប្បន្ននេះ គឺមានការផ្លាស់ប្តូរ និងរីកចម្រើនជាបន្តបន្ទាប់ពិសេសផ្នែក​ឌីជីថល និងតិចណូឡូជីទំនើបថ្មីៗ ដែលផ្តល់ភាពងាយស្រួលក្នុងការងារក៏ដូចជាជីវភាពរស់នៅ ។ការងារនៅក្នុង​វិស័យ​ឌីជីថល និងតិចណូឡូជីនេះ គឺជាការងារដែលមានសារៈសំខាន់អាច សាងកេរ្តិ៍ឈ្មោះ និងរកប្រាក់​ចំណូលបានយ៉ាងច្រើន។ ប៉ុន្ដែជំនាញនេះ គឺមានបុរសភាគច្រើន ចំណែកស្ត្រីមានភាគតិចណាស់ក្នុងការធ្វើការងារនេះ។ នេះគឺជាយល់​ខុសទាំង​ស្រុងទៅលើការអប់រំ និងជំនាញវិជ្ជាជីវៈ តាមពិតទៅការងារនេះវា មិនមែនសម្រាប់តែបុរសទេ តែវាគួរតែ និងត្រូវតែ​សម្រាប់ស្ត្រី និងក្មេងស្រីដែរ ពីព្រោះស្ត្រី និងក្មេងស្រីសុទ្ធតែមានបញ្ញាវាងវៃ ទេពកោសល្យ គំនិតច្នៃប្រឌិត ការបង្កើតថ្មី មិនចាញ់បុរសទេ តែសំខាន់ គឺការ ផ្ដល់ឱកាសឱ្យពួកគាត់ក្នុងការសម្រេចចិត្តរៀនសូត្រ និងចូលរួមក្នុងវិស័យការងារ​នេះដែលពួកគេចង់ បាន ហើយនេះជាសិទ្ធិរបស់ពួកគេផងដែរក្នុងការទទួលបាននូវការអប់រំ។

លោកស្រីលើកទឹកចិត្តបងប្អូនស្ត្រីទាំងអស់ ខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពតាមរយៈបង្កើនការរៀនសូត្រ ដើម្បីពង្រីក​ចំណេះដឹងឱ្យទាន់ សភាពការណ៍នៃការវិវត្តិផ្នែកឌីជីផល និងតិចណូឡូជី ដើម្បីឱ្យស្រ្ដីអាចចាប់បានឳកាសថ្មីៗល្អៗ​នា​ពេល​ខាងមុខទៀត និងបានផ្តាំផ្ញើបងប្អូនទាំងអស់គ្នា មិនត្រូវភ្លេចការពារខ្លួនពីជំងឺកូវីដ-១៩ និងត្រូវ ចាក់វ៉ាក់សាំងដូសជំរុញ​ឱ្យបានគ្រប់ៗគ្នា៕សរន