​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ ស្លាក​លេខ​រថយន្ត​ផ្ទាល់ខ្លួន ដែល​មាន​អក្សរ “R”​ត្រូវ​គេ​លក់​បាន​ជាង ២៥ លាន​ដុល្លារ​ហុងកុង (៣,១៨ លាន​ដុល្លារ​អាម៉េរិក​) នៅឯ​ការលក់​ដេញថ្លៃ​របស់​រដ្ឋាភិបាល ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ទី​ពីរ​នៅក្នុង​ទីក្រុង​ហុងកុង​។​

​ស្លាក​លេខ​ចុះបញ្ជី​ត្រឹមត្រូវ​មួយ​នេះ​គឺជា​ស្លាក​លេខ​មួយ​ក្នុងចំណោម​ស្លាក​លេខ​ចំនួន ៤៩​សម្រាប់​ទិញ​នៅឯ​ការលក់​ដេញថ្លៃ​នៅ​ពិធី​បុណ្យចូលឆ្នាំថ្មី​ដែល​រៀបចំឡើង​ដោយ​នាយកដ្ឋាន​ដឹកជញ្ជូន​​កាលពី​ថ្ងៃអាទិត្យ​ទី​១២ កុម្ភៈ​។​

​ការដេញថ្លៃ​សម្រាប់​ស្លាក​លេខ “R” បាន​ចាប់ផ្តើម​នៅ​តម្លៃ ៥.០០០ ដុល្លារ​ហុងកុង ហើយ​អ្នក​ទិញ​រាប់សិប​នាក់​បាន​ដំឡើងថ្លៃ​យ៉ាង​ឆាប់រហ័ស​។ អ្នកដេញថ្លៃ​ម្នាក់​បាន​ផ្តល់ជូន ២ លាន​ដុល្លារ​ហុងកុង ប៉ុន្តែ​ភ្លាមៗ​នោះ​តម្លៃ​បាន​កើនឡើង​ដល់​ទៅ ៩ លាន​ដុល្លារ​ហុងកុង រួច​ហើយ​ឡើង​ដល់ ៩,៤ លាន​ដុល្លារ​ហុងកុង​។​

​បន្ទាប់​ពី​ការដេញថ្លៃ​ប្រហែល​៦០​ជុំ ញញួរ​បាន​វាយ​សម្រេច​ត្រឹម​តម្លៃ ២៥,៥ លាន​ដុល្លារ​ហុងកុង ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ទី​ពីរ​ដែល​បាន​ចំណាយ​សម្រាប់​ស្លាក​លេខ​នៅ​ក្នុង​ទីក្រុង​ហុងកុង​។​

​រំលឹកថា ស្លាក​លេខ “W” បាន​លក់​ក្នុងតម្លៃ ២៦ លាន​ដុល្លារ​ហុងកុង​ក្នុង​ខែ​មីនា ឆ្នាំ ២០២១ គឺ​លើស​ប្រហែល ៥.២០០ ដង​នៃ​តម្លៃ​លក់​បើកឆាក​។​

​អ្នកលក់​ស្លាក​លេខ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មុន​ពេល​លក់​ថា ស្លាក​លេខ “R” ត្រូវ​គេ​រំពឹងថា​នឹង​ទទួលបាន​យ៉ាងហោចណាស់ ១០ លាន​ដុល្លារ​ហុងកុង ពីព្រោះ​អក្សរ​នេះ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​រថយន្ត​ប្រណាំង​និង​លេខ​សំណាង​នៅក្នុង​ហោរាសាស្ត្រ​ចិន​៕