ដោយៈប.ខុន/ភ្នំពេញៈ កសិកដ្ឋានចញ្ចឹមសត្វអូទ្រីសនិងសត្វចៀមបានក្លាយជាកន្លែងទេសចរណ៍ថ្មីមួយទៀតនៅក្នុងស្រុកព្រៃនុបខេត្តព្រះសីហនុ ដោយពេលនេះគេបានបើកឱ្យ ភ្ញៀវចូលមើលហើយ តែមិនទាន់មានសត្វអូទ្រីសគ្រប់អាយុអាចជិៈកម្សាន្តបាននៅឡើយទេ។


លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣ថាកសិដ្ឋាន ចិញ្ចឹមសត្វអូទ្រីស និង សត្វចៀម នៅស្រុកព្រៃនប់ តាមបណ្ដោយវិថីសម្ដេចសង្ឃ ទេព វង្ស វាមិនមែនគ្រាន់តែសម្រាប់ផ្តល់សាច់សម្រាប់ម្ហូបអាហារទេ គឺវាក៏ជាផ្នែកមួយជួយទៅដល់វិស័យទេសចរណ៍ ថ្មីមួយទៀត នៅខេត្តព្រះសីហនុ តាមរយៈវិស័យឯកជន ដែលគេបានរៀបចំឡើង នេះ។
លោកអភិបាលខេត្តបានប្រាប់ឱ្យរស្មីកម្ពុជាដឹងបែបនេះបន្ទាប់ពីលោកបានអញ្ជើញទៅពិនិត្យមើលកសិកដ្ឋាននេះកាលពីថ្ងៃទី១២ខែកុម្ភៈ ដោយលោកបានកោតសរសើរនិងលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានឱ្យខិតខំពង្រីកបន្ថែមទៀតនិងត្រូវស្វែងរកទីផ្សារតាមរយៈការបង្កើតឱ្យមានភោជនីយដ្ឋានសាច់ចៀមនៅនឹងកសិកដ្ឋាន សម្រាប់បម្រើដល់ ភ្ញៀវដែលបានមកមើលសត្វអូទ្រីសនិងត្រូវរកពូជចៀមដែលអារកចំណូលបានទាំងសាច់និងរោម។
លោកគួច ចំរើន និយាយឱ្យដឹងទៀតថាសត្វអូទ្រីសដែលគេបានចិញ្ចឹមនៅក្នុងកសិដ្ឋាននេះមានចំនួនប្រមាណជា៥០០ក្បាលនិងសត្វចៀមជាង៨០០ក្បាល។សត្វ អូទ្រីសមានពងកូនជាបន្តបន្ទាប់ តែមិនទាន់ឈានទៅដល់បើកឱ្យភ្ញៀវជិៈកម្សាន្តនៅឡើយទេ ដោយសារវាមិនទាន់គ្រប់អាយុ។ ទោះជាយ៉ាងណាក៏មានភ្ញៀងចូលមើលជាបន្តបន្ទាប់ក្រោយពីគេបានបើកឱ្យអ្នកទេសចរណ៍ចូលមើលជាផ្លូវការកាលពីដំណាច់ឆ្នាំកន្លងទៅ៕ P / N