ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា កំហុសរបស់សារព័ត៌មានវីអូឌី (VOD) ក្នុងពេល​នេះ គឺជាកំហុសវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល ហើយមិនព្រម​ធ្វើការកែសម្រួលតាមបទបញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន ។

លោករដ្ឋមន្រ្តីបន្តថា ស្ថាប័នសារព័ត៌មានណាមួយដែល​បានផ្សព្វផ្សាយព័ត៌មាន ដោយធ្វើឱ្យមានការប៉ះពាល់ដល់ស្ថាប័ន អង្គភាព ឬបុគ្គលណាក្តី ហើយត្រូវបានគេធ្វើលិខិត សរសេរបំភ្លឺបកស្រាយ ហើយផ្ញើមកស្ថាប័នសារព័ត៌មាននោះ ឬមិន​ផ្ញើមកក្តី តែវាពាក់ពន្ធ័ដំណឹងដែលយើងបានផ្សាយ គឺត្រូវតែផ្សាយនូវខ្លឹមសារ​ទាំងស្រុង បើមិនដូច្នេះទេ អាចប្រឈម​មុខនឹងការយកអាជ្ញាបណ្ណផ្សាយ ។ នេះជាការបញ្ជាក់នៅក្នុងកិច្ចប្រជុំសាមញ្ញ​ប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូហ្សូមកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើការពន្យល់ថា ជាគោលការណ៍ ការអនុវត្តន៍នេះ ក្រសួងព័ត៌មាន ត្រូវតែធ្វើគ្រប់​អង្គភាពសារព័ត៌មាន មិនមែនតែសម្រាប់សារព័ត៌មាន វីអូឌី មួយនេះនោះទេគឺអនុវត្តគ្រប់សារព័ត៌មានដែលធ្វើខុស​វិជ្ជាជីវៈ​ព្រោះថាការ​មិន​ផ្សាយ​ទាំង​ស្រុងនូវខ្លឹមសារនៃការបកស្រាយរបស់គេវិញ មានចេតនាអ្វីផ្សេងពីនេះ ។ បើសិន​ជាសារព័ត៌មាននោះ បានផ្សាយនូវ​ការបកស្រាយនោះដែរ តែក្នុងន័យបំភ័ន្ដការពិត នៅពេលចេញផ្សាយរួចហើយ នឹងមានការស្រាវជ្រាវដើម្បីដាក់​បន្ទុក​បន្ថែមទៀត ។

គួរបញ្ជាក់ថាដោយប្រើសិទ្ធិការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរស្ថាប័នជាតិ កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចឱ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់​ការផ្សាយ​នៅត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយសម្តេចតេជោ និងលោក ហ៊ុន ម៉ាណែត បានផ្តល់ឱកាស​គ្រប់គ្រាន់ដើម្បីថ្នាក់ដឹកនាំវិទ្យុនេះធ្វើការបង្ហាញភស្តុតាង និងសុំទោសជាសាធារណៈ ចំពោះកំហុសវិជ្ជាជីវៈរបស់​ខ្លួនក្នុង​ការផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះឯកឧត្តម ហ៊ុន ម៉ាណែត ថា បានដើរតួនាទី​ជំនួសសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាលើឯកសារផ្តល់ជំនួយដល់ប្រទេសតួកគី ដើម្បីជួយជនរងគ្រោះ​ក្នុងគ្រោះ​ធម្មជាតិ​រញ្ជួយដី ដែលការពិតមិនមានការចុះហត្ថលេខាឡើយ តែវិទ្យុនេះពុំបានធ្វើការសូមទោស៕សរន

(រូបថតក្រសួងព័ត៌មាន)