ដោយៈប.ខុន/ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី១៣ខែកុម្ភ់ៈឆ្នាំ២០២៣បានអនុញ្ញាតឲ្យប្រធានសាជីវកម្មសហគមន៍ជនបទកូរ៉េ(KRC)និងសហការីចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ ដើម្បីពង្រឹងភាពជាដៃគូនៅកម្ពុជានិងស្វែងយល់អំពីតម្រូវការរបស់កម្ពុជាសម្រាប់គម្រោងវិនិយោគនាពេលអនាគត ។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍បានសម្ដែងនូវការនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកូរ៉េនិងបានជម្រាបជូន លោក លី ប្យុងហូ ប្រធានសាជីវកម្មសហគមន៍ជនបទកូរ៉េ អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច លើវិស័យអភិវឌ្ឍន៍ជនបទ ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថាក្រសួងបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤នីតិកាលទី ៦ ឆ្នាំ ២០១៨ – ២០២៣ តាមរយៈការដាក់ចេញនិងអនុវត្តនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ រយៈពេល៥ឆ្នាំ២០១៨-២០២៣ ដោយកំណត់នូវគោលបំណងគោលនយោបាយចម្បងគឺការលើកកម្ពស់គុណភាពនិងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាប័ន្ន ទាំងផ្នែក សេដ្ឋកិច្ច សង្គមនិងវប្បធម៍។ក្រសួងបានផ្តោតការយកចិត្តទុក ដាក់លើការងារជាសារវ័ន្តមួយចំនួនទៀត ដើម្បីកែលម្អ និងលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រជាជនជនបទ កាត់បន្ថយភាពក្រីក្រ និងបង្រួមគម្លាតរវាងអ្នកជនបទ និងអ្នកទីក្រុង ដើម្បីឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងស៊ីវិល័យ តាមរយៈ ការលើកកម្ពស់ជីវភាពរស់នៅ និងការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ។ នៅក្នុងជំនួបខាងលើ លោក អ៊ុក រ៉ាប៊ុន បានថ្លែងនូវការអរគុណចំពោះ សាជីវកម្មសហគមន៍ជនបទកូរ៉េដែលបានជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចឲ្យបានល្អប្រសើរ ជាពិសេសបានផ្តល់ការគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងការរៀបចំ និងអនុវត្តគម្រោង “ជំនួយអភិវឌ្ឍន៍ផ្លូវការ ដែលជាដៃគូរដ៏សំខាន់របស់រាជរដ្ឋភិបាលក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ។ លោក លី ប្យុងហូ ហូ បានថ្លែងអំណរគុណនិងសប្បាយរីករាយចំពោះរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងអភិ វឌ្ឍន៍ជនបទ ដែលបានផ្តល់កិច្ចសហការល្អជាមួយ សាជីវកម្មសហគមន៍ជនបទកូរ៉េ នាពេលកន្លងមក។លោកបានសម្ដែងការគាំទ្រចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការអភិវ ឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូ ថ្នល់ ។ លោកបានថ្លែងបន្តទៀតថាសាជីវកម្មសមាគមន៍ជនបទកូរ៉េ ជាអង្គភាពរបស់រដ្ឋាភិបាលកូរ៉េ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មកូរ៉េ។ជាមួយនេះ សាជីវកម្មសហគមន៍ជនបទកូរ៉េ បាននឹងកំពុងសិក្សាគម្រោងចំនួនផ្លូវការជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ បន្ថែមទៀតរវាងសាជីវកម្មសហគមន៍ជនបទកូរ៉េជាមួយរដ្ឋាភិបាល ជាពិសេស ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ។ លោកបានស្នើសុំឲ្យក្រសួងអភិវឌ្ឍន៍ជនបទ បន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីត្រៀមចំគម្រោងធំៗថែមទៀតនៅពេលអនាគត ៕/R