ដោយៈ ទេពកង្រី/កំពង់ឆ្នាំងៈ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី រួមនិងសហការីអាជ្ញាធមូលដ្ឋានឃុំបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវាយតម្លៃបញ្ចប់១០០% ការអនុវត្តគម្រោងលើការជួសជុលផ្លូវលំក្រាលគ្រួសក្រហមប្រវែង ២.៧៣០ម៉ែត្រ ទទឹង ៤ម៉ែត្រស្ថិតនៅឃុំកំពង់អុស ក្រោមថវិកាជាមូលនិធិឃុំឆ្នាំ២០២២ ។

លោក ដូវ គឹមស៊ីន បានឲ្យដឹងតាមរយៈទូរសព្ទថា ផ្លូវមួយខ្សែនេះត្រូវបានធ្វើការជួសជុលកែលម្អឡើងវិញដោយចក្រាគ្រួសដោយប្រើរយៈពេល ២ ខែទើបបានរួចរាល់។

លោកអភិបាលស្រុកបានបញ្ជាក់ឲ្យដឹងថា លទ្ធផលគម្រោងរួមធ្វើការជួសជុលកែលម្អផ្លូវឡើងវិញនេះគឺនៅ ភូមិព្រែកឆ្ដោ ប្រវែង ៩០០ម៉ែត្រ ភូមិកំពង់អុស ប្រវែង ១.៨៣០ម៉ែត្រ ក្នុងឃុំកំពង់អូស ស្រុកជលគីរី ដែលពីមុនមានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមករបស់ប្រជាពលរដ្ឋ តែពេលនេះត្រូវបានចុះធ្វើការសិក្សាបញ្ចប់ ១០០% លើការជួសជុលកែលម្អផ្លូវទាំងពីខ្សែខាងលើនេះ។

នៅក្នុងឱកាសចុះពិនិត្យបញ្ចប់គម្រោងជួសជុលកែលម្អផ្លូវ ១០០%ខាងលើនេះលោក ដូវ គឹមស៊ីន បានធ្វើការអំពាវនាវដ៏បងប្អូនប្រជាពលរដ្ឋដែលនៅអមសងខាងផ្លូវទាំងពីរខ្សែខាងលើនេះសូមចូលរួមថែរក្សាសម្បត្តិរបស់រដ្ឋឲ្យបានល្អដើម្បីបម្រើដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះងាយស្រួលក្នុងការធ្វើដំណើរទៅមក៕/R