ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំកម្មវិធីទិវានឹករលឹក ឆ្នាំ២០២៣ ក្រោមប្រធានបទ «ពិភពលោកយេីង អនាគតសុខសាន្តរបស់យេីង» បរិស្ថាន និងចីរភាព និងពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៥ នៅដឹព្រេមៀសែនធ័រ សែនសុខ ក្រោមអធិបតីភាពលោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ កាលពីរសៀល ថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ។
លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានបង្ហាញភាព ជឿជាក់ថាៈ ក្មួយកុមារី យុវតី សមាជិកា ដែលចូលសមាគមកាយឫទ្ធិនារីកម្ពុជា នឹងមានឱកាសជាច្រើន ដូចជាការអភិវឌ្ឍសមត្ថភាព អភិវឌ្ឍបញ្ញា ស្មារតី មានក្តីសង្ឃឹម ការជឿជាក់លើខ្លួនឯង និងការទំនាក់ទំនងដ៏ល្អ ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក ជាង ១៥០ ប្រទេស។
លោកស្រី អគ្គស្នងការ បានបង្ហាញមោទនភាព ដោយបញ្ជាក់ថាៈ ភាពជោគជ័យរបស់ យើង មកដល់ថ្ងៃនេះ គឺមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារ សប្បុរសជន ដែលបានជួយឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ ថវិកា ស្មារតី និងសមាជិកា សមាជិក ដែលបានចូលរួមសកម្មភាព យ៉ាងសកម្ម នៅក្នុងសកម្មភាពសមាគម ក្នុងបុព្វហេតុអភិវឌ្ឍ សមត្ថភាពកុមារី យុវតី ក្លាយជាម្តាយដ៏ល្អ អ្នកអប់រំដ៏ល្អ និងផ្តល់នូវក្តីសង្ឃឹម និងអនាគតដ៏ល្អ។
លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងថាៈ ជាកិត្តិយសណាស់ ដែលសម្តេចព្រះមហា ក្សត្រី ព្រះវរាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសសមាគម កាយឫទ្ធិនារីកម្ពុជា និងកាយឫទ្ធិនារីពិភពលោក ដែលតែងតែគាំទ្រ កោតសរសើរ និងលើកទឹកចិត្ត ចំពោះសកម្មកាយឫទ្ធិនារីកម្ពុជា។
គួរបញ្ជាក់ថា នេះគឺជាលើកទី២៥ ហើយ ដែលសមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំ កម្មវិធីទិវានឹករលឹក និងពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៥ ក្នុងនោះ សមាជិកា សមាជិកសច្ចាថ្មី មានចំនួន ៤៣០ នាក់ ដែលធ្វើឱ្យសមាគមមានសមាជិកសរុប ទាំងអស់ចំនួន ១.២៩៧ នាក់ ៕/V