​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ “​សម្តេច​តេ​ជោ ហ៊ុន សែន តែងមាន​មនោសញ្ចេតនា​ជ្រាលជ្រៅ បំផុត​ជាមួយ​ប្រជាពលរដ្ឋ ដោយ​សម្តេច​បាន​យកចិត្តទុកដាក់ ជាប់​ជាប្រចាំ​ចំពោះ​សុខទុក្ខ របស់​ជនរួមជាតិ ហើយ​សម្តេច ក៏​ជា​តួអង្គ​ដ៏​សំខាន់​មួយ នៃ​ដំណើរការ​បង្រួបបង្រួម​ជាតិ ដែល​បាន​នាំមក​នូវ​សុខ​ស​និ្ត​ភាព សិទ្ធិសេរីភាព និង​ឱកាស​គ្រប់បែបយ៉ាង ជូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ហែល​ឆ្លង​ទុក្ខលំបាក​វេទនា​ជាច្រើន ក្នុង​អតីតកាល​”​។ នេះ​ជាការ​បញ្ជាក់​របស់ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​ឆ្លង​ឧបដ្ឋានសាលា និង​សម្ពោធ​សមិទ្ធផល​នានា ក្នុង​វត្តភ្នំ​សុពណ៌​កា​ទ្បី ស្ថិតក្នុង​ភូមិ​ចំបក់ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ​២០២៣​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បន្តថាៈ ដរាបណា ប្រជាជន​កម្ពុជា នៅតែ​គោរព ស្រឡាញ់ និង​ផ្តល់​ការទុកចិត្ត មកលើ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ សម្តេច​តេ​ជោ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស​គ្រប់​ជាន់ថ្នាក់ នឹង​នៅតែ​ស្មោះត្រង់ បន្ត​បម្រើ និង​ការពារ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ឱ្យបាន​សុខសាន្ត និង​មានការ​អភិវឌ្ឍ​រីកចម្រើន ទៅមុខ​បន្ថែមទៀត​។​

​លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​ថាៈ ការធ្វើ​អំពើ​បុណ្យ និង​ការ​ធ្វើអំពើ​បាប គឺ​ត្រូវបាន​ឆ្លុះបញ្ចាំង និង​ទទួល​ការវិនិច្ឆ័យ តាម​តាមរយៈ​សច្ចធម៌​ពិតប្រាកដ ដោយ មនុស្ស​នៅ​ជុំវិញខ្លួន​។ ក្នុងន័យនេះ គណបក្ស​ប្រជាជន​កម្ពុជា តែង​បានធ្វើ​បុណ្យ​ធ្វើ​ទាន ជាមួយ​ប្រជាពលរដ្ឋ ជាប់​ជាប្រចាំ ជាពិសេស​អស់​រយៈកាល​ជាង ៤០ ឆ្នាំ កន្លងមកនេះ ហើយក៏​នៅតែ​បន្ត​កសាង​កុសលផល​បុណ្យ និង​សមិទ្ធផល​ច្រើនសន្ធឹក​សន្ធាប់ ត​ទៅមុខទៀត ដោយ​និរន្តរភាព និង​ចីរភាព​។​

​ជាមួយគ្នានេះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏បាន​ចូលរួម​អបអរសាទរ ចំពោះ​សមិទ្ធផល ជាច្រើន ដែលមាន​នៅក្នុង​ទី​អារាម ដែលមាន​វ័យ​ចំណាស់​ជាង ១០០ ឆ្នាំ​មួយ​នេះ និង​ដែលមាន​ជាប់​ទាក់ទិន ទៅនឹង​រឿងព្រេង​និទាន​បុរាណ ប្រចាំ​តំបន់​នេះ​ផងដែរ​។ សមិទ្ធផល​ទាំងនេះ កើតចេញពី​សទ្ធា​ជ្រះថ្លា របស់​ពុទ្ធបរិស័ទ និង​សប្បុរសជន​ជិត​ឆ្ងាយ តាមរយៈ​ការប្រតិបត្តិ នូវ​ប្រពៃណី នៃ​ការចែករំលែក ដោយបាន​ខិតខំ​ថែរក្សា និង​បន្ត​កសាង សមិទ្ធផល ដែល​បុព្វបុរស​ជំនាន់​មុន បាន​បន្សល់​ទុកឱ្យ ជា​កេរតំណែល និង​ប្រយោជន៍ ដល់​កូនចៅ​ជំនាន់​ក្រោយ​៕/V