ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ តារាចម្រៀង​ប៉ុប និង R&B លំដាប់​កំពូល នាង​រី​ហា​ណា​បាន​ត្រឡប់​មក​ឆាក​តន្ត្រី​វិញ​កាលពី​ថ្ងៃអាទិត្យ ទី​១២ កុម្ភៈ ដោយ​បណ្តែត​ខ្លួន​ខ្ពស់​ពី​លើ​ទីលាន Super Bowl ជាហេតុ​ធ្វើឱ្យ​មហាជន​រំភើបចិត្ត​ជាមួយនឹង​ការជ្រើសរើស​បទ​ល្បីៗ​របស់​នាង និង​ការ​លាតត្រដាង​ថា​នាង​មាន​ផ្ទៃពោះ​កូន​ទី​ពីរ​។​

​ស្លៀកពាក់​ឈុត​រ៉ូប​ពណ៌​ផ្កាឈូក​និង​អាវ​ក្រៅ​ប៉ោងៗ នាង​រី​ហា​ណា​បាន​បើក​កម្មវិធី​តន្ត្រី​ដ៏​ធំ​បំផុត​ដោយ​ច្រៀង​បទ Bitch Better Have My Money ខណៈ​នាង​ឈរ​នៅលើ​វេទិកា​ដែល​ព្យួរ​លើ​អាកាស ជា​មួយ​ក្បាល​ពោះធំ​មើលឃើញ​ច្បាស់​ក្រឡែត​។​

​នាង​ត្រូវបាន​ទម្លាក់​ចុះ​បន្តិច​ម្តងៗ ខណៈ​នាង​បាន​ច្រៀង​បទ​ល្បីៗ​ចាប់ពី Only Girl (In the World) រហូត​ដល់​បទ Rude Boy និង​បទ Work​។​

​នាង​រី​ហា​ណា​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ជុំវិញ​១៣​នាទី​ដោយ​អ្នករាំ​រាប់សិប​នាក់​ក្នុង​ឈុត​ប៉ោងៗ​ពណ៌​ស​។​

​វា​ជា​ការសម្តែង​លើ​ឆាក​លើកដំបូង​របស់​ម្ចាស់​ជ័យលាភី​ពានរង្វាន់ Grammy អាយុ ៣៤ ឆ្នាំ​រូប​នេះ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​។ អាល់​ប៊ុម​ចុងក្រោយ​របស់​នាង​គឺ Anti ត្រូវបាន​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ ២០១៦៕

​នាង​រី​ហា​ណា​សម្តែង​ក្នុងអំឡុង​ការប្រកួត Super Bowl