ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ចិននៅថ្ងៃចន្ទនេះបាននិយាយថា អាម៉េរិកបានបង្ហោះបាឡុងរយៈកំពស់ខ្ពស់លើទឹកដីចិនដោយគ្មានការអនុញ្ញាតដល់ទៅជាងដប់លើកចាប់តាំងពីដើមឆ្នាំ២០២២ ជាហេតុនាំអោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចដេញមកបដិសេធភ្លាម។
ការចោទប្រកាន់របស់ចិនកាន់តែពង្រីកជម្លោះមួយដែលបានចាប់ផ្តើមពេលអាម៉េរិកបានបាញ់ទម្លាក់បាឡុងចិនមួយកាលពីជាងមួយសប្តាហ៍មុនដោយសង្ស័យវាជាយានឈ្លបយកការណ៍។វាបាននាំដល់រដ្ឋមន្ត្រីការបរទេសអាម៉េរិកលុបចោលដំណើរទស្សនកិច្ចមួយនៅចិន និងរដ្ឋមន្ត្រីការពារជាតិចិនមិនព្រមទទួលការហៅទូរស័ព្ទពីសមភាគីអាម៉េរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកវ៉ាង វិនពីន(Wang Wenbin)បាននិយាយក្នុងសន្និសីទកាសែតមួយនៅក្រុងប៉េកាំងថា «ចាប់តាំងពីដើមឆ្នាំមុន បាឡុងរយៈកំពស់របស់អាម៉េរិកជាងដប់គ្រឿងបានហោះចូលដែនអាកាសចិនដោយគ្មានការអនុញ្ញាតពីនាយកដ្ឋានពាក់ព័ន្ធរបស់ចិន»។
លោកវ៉ាងមិនបានបញ្ជាក់លក្ខណៈនៃបាឡុងទាំងនោះថាជាយានយោធាឬយានស៊ើបការណ៍អីទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកវ៉ាង វិនពីន
នៅថ្ងៃនេះដែរ សេតវិមានបានចេញមកបដិសេធភ្លាមៗការចោទប្រកាន់របស់ចិន ដោយអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោកស្រី អេដ្រៀន វ៉ាតសិន( Adrienne Watson)បានច្រានចោលវានិងចាត់ទុកថាជាកិច្ចខិតខំមួយដើម្បីប៉ះប៉ូវការខូចខាតបង្កឡើងដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។លោកស្រីបាននិយាយថា«ការអះអាងណាមួយដែលថារដ្ឋាភិបាលអាម៉េរិកដំណើរការបាឡុងចារកម្មលើសាធារណរដ្ឋប្រជាមានិតចិន ជាការពិមពិត»។
«គឺចិនទេដែលមានកម្មវិធីបាឡុងរយៈកំពស់ខ្ពស់សំរាប់ប្រមូលព័ត៌មានចារកម្ម មានជាប់ពាក់ព័ន្ធនឹងកងទ័ពចិន ដែលប្រើរំលោភលើអធិបតេយ្យភាពអាម៉េរិកនិងប្រទេសជាង៤០ទៀតនៅទូទាំងទ្វីបទាំងប្រាំ»។
មុននេះក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍មួយ អ្នកនាំពាក្យសន្តិសុខជាតិលោក ចន ឃឺប៊ី បាននិយាយថា«មិនពិតដាច់ខាត ។យើងមិនបានបង្ហោះបាឡុងលើចិនទេ»។
ការអះអាងរបស់ចិនកើតឡើងបន្ទាប់ពីអាម៉េរិកបានបាញ់ទម្លាក់អ្វីដែលខ្លួនហៅថា បាឡុងចារកម្មចិននៅឯនាយឆ្នេររដ្ឋសោតខារ៉ូឡាយណាកាលពីថ្ងៃ៤កុម្ភៈក្រោយពីវាហោះកាត់ពីលើដីគោកអាម៉េរិកអស់ប៉ុន្មានថ្ងៃ។ចិនបាននិយាយថា បាឡុងនេះជាយានសិក្សាស្រាវជ្រាវស៊ីវិលផ្តោយលើអាកាសធាតុ និងត្រូវខ្យល់បក់ចូលអាម៉េរិកដោយចៃដន្យ ហើយបានចោទប្រកាន់អាម៉េរិកថាប្រតិកម្មជ្រុល។
នៅប៉ុន្មានថ្ងៃមកនេះ អាម៉េរិកបានបាញ់ទម្លាក់យានមិនស្គាល់អត្តសញ្ញាណចំនួនបីគ្រឿងទៀតនៅពីលើអាម៉េរិក តែមិនដឹងថាចេញពីប្រភពណាទេ៕