ដោយ: រ៉ូហ្សា/ភ្នំពេញ:កីឡាករការ៉ាតេស្រៀង វីរ:ដែលជាម្ចាស់មេដាយមាសព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍លើកទី៩ឆ្នាំ២០២២ប្រកាសថាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខនេះគេត្រៀមខ្លួនរួចរាល់ហើយ។
មហិច្ឆតារបស់គេគឺមេដាយមាសស៊ីហ្គេមដែលគេកំពុងតែស្រេកឃ្លានខ្លាំងបំផុត។ស៊ីហ្គេមនៅកម្ពុជាគឺជាឪកាសមាសសម្រាប់អត្តពលិកកម្ពុជា។ក្នុងនាមជាកីឡាករជម្រើសជាតិផងនិងជាម្ចាស់ផ្ទះផងយើងត្រូវតែមានការតាំងចិត្តក្នុងការប្រជែងយកមេដាយដែលល្អបំផុត។
វីរ:បានអះអាងថា សម្រាប់រូបគេៗបានត្រៀមខ្លួនរួចមួយរយភាគរយហើយដើម្បីបង្កើតកំណត់ត្រាថ្មីដណ្ដើមមេដាយមាសពីស៊ីហ្គេម។ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិការ៉ាតេមួយថ្ងៃហាត់៥ម៉ោងគឺព្រឹក២ម៉ោងកន្លះនិងល្ងាច២ម៉ោងកន្លះ។
បច្ចុប្បន្នក្រុមជម្រើសជាតិការ៉ាតេមានចំនួន២៨នាក់គឺកីឡាករចំនួន១២នាក់កីឡាការិនី១៦នាក់ដោយហ្វឹកហាត់ចែកចេញជាពីរវិញ្ញាសាធំៗគឺវិញ្ញាសាប្រយុទ្ធនិងសម្ដែង។សម្រាប់ស៊ីហ្គេមលើកទី៣២ខាងមុខនេះមាន១៧វិញ្ញាសាដែលបានដាក់ឲ្យប្រកួតក្នុងនោះនារីមាន៨វិញ្ញាសានិងបុរស៩វិញ្ញាសា។វិញ្ញាសាប្រយុទ្ធបុរសមាន៥វិញ្ញាសាដែលក្នុងនោះមានក្រោម៥៥គីឡូក្រាម ក្រោម៦០គីឡូក្រាម ក្រោម៧៥គីឡូក្រាម ក្រោម៨៨គីឡូក្រាមនិងលើ៨៨គីឡូក្រាម។
ចំពោះនារីមានប្រភេទទម្ងន់៥០គីឡូក្រាម ក្រោម៥៥គីឡូក្រាម ក្រោម៦១គីឡូក្រាម ក្រោម៦៨គីឡូក្រាមនិងលើ៦៨គីឡូក្រាមនិងវិញ្ញាសាប្រយុទ្ធជសក្រុម។
ចំពោះវិញ្ញាសាសម្ដែងមាន៤វិញ្ញាសាគឺបុរស-នារីឯកត្តជននិងសម្ដែងជាក្រុមបុរស-នារី។
ស្រៀង វីរ:គេទើបតែដណ្ដើមបានមេដាយមាស១គ្រឿងពីព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៩លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម៨៤គីឡូក្រាមដោយប្រកួតផ្ដាច់ព្រ័ត្រឈ្នះកីឡាករឥណ្ឌូនេស៊ី៕/PC