​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​មនុស្ស​បី​នាក់​បាន​ស្លាប់​និង​ប្រាំបួន​នាក់​រងរបួស​ក្នុង​ការផ្ទុះ​គ្រាប់បែក​នៅ​ស្ថានីយ​រថភ្លើង​មួយ​នៅ​មី​យ៉ាន់​ម៉ា​ខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ នេះ​បើ​តាម​សេចក្តីរាយការណ៍​​របស់​អាជ្ញាធរ​និង​សារព័ត៌មាន​ក្នុងស្រុក​។​

​ការផ្ទុះ​នេះ​បាន​កើត​ឡើង​នៅ​ស្ថានីយ​រថភ្លើងមួយ​ក្នុង​ទីប្រជុំជន​ញូ​អ៊ុង​ក្លេ​ប៊ីន​(Nyaunglaybin)​ក្នុង​តំបន់​បា​ហ្គោ(Bago)ចម្ងាយ​ប្រមាណ​១៥០​គីឡូម៉ែត្រ​ខាងជើង​ទីក្រុង​យ៉ាងហ្គោន​នៅ​ម៉ោង​ជាង​១២​ថ្ងៃត្រង់​។​

​រូបភាព​បញ្ចេញ​ដោយ​អាជ្ញាធរ​បង្ហាញ​កម្ទេច​និង​ក្បឿង​ដំបូល​ស្ថានីយ​ធ្លាក់​ជ្រុះ​រាយប៉ាយ​លើដី​

​ដោយ​ស្រង់​សម្តី​អ្នកស្រុក សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយថា មនុស្ស​បី​នាក់​បាន​ស្លាប់​និង​យ៉ាងតិច​មនុស្ស​ប្រាំបួន​នាក់​ទៀត​រងរបួស​។​

​សេចក្តីថ្លែងការណ៍​របស់របប​យោធា​មី​យ៉ាន់​ម៉ា បាន​បន្ទោស​ការវាយប្រហា​រ​នេះ​ទៅ​លើ​«​កងកម្លាំង​យោធា​របស់​ប្រជាជន​(PDFs)»​ដែល​ជា​ក្រុមប្រឆាំង​រដ្ឋប្រហារ តែ​មិន​បាន​ផ្តល់​ភស្តុតាង​ទេ​។​

​យោធា​មី​យ៉ាន់​ម៉ា​និង​ក្រុម PDF​បាន​បន្ទោស​គ្នា​ទៅវិញទៅមក​ចំពោះ​ការផ្ទុះ​សម្លាប់​មនុស្ស​ជាច្រើន​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។​

​នៅ​មិនទាន់មាន​សេចក្តីថ្លែងការណ៍​ណាមួយ​ចេញពី​ក្រុង​PDF​ប្រចាំ​តំបន់​បា​ហ្គោ ដែល​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​ផ្តាច់​ស្ពាន​មួយ​នៅ​ទីប្រជុំជន​ញូ​អ៊ុង​ក្លេ​ប៊ីន​កាលពី​ថ្ងៃ​៩​កុម្ភៈ​។​

​សូមបញ្ជាក់​ថា មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ចូល​ក្នុង​ចលាចល​ចាប់តាំងពី​យោធា​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​មួយ​កាលពី​ពីរ​ឆ្នាំ​មុន ដោយ​ក្រុមប្រឆាំង​រដ្ឋប្រហារ​រួម​ទាំង​ក្រុម​ឧទ្ទាម​ជនជាតិ​បាន​​ប៉ះទង្គិច​ជាមួយ​ទាហាន​រដ្ឋាភិបាល​នៅ​ពាសពេញ​ប្រទេស​៕