ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អតីត​នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក ស៊ី​វី​យ៉ូ ប៊ែរ​លូ​ស្កូនី (Silvio Berlusconi)​បាន​ស្តីបន្ទោស​ប្រធានាធិបតី​អ៊ុយ​ក្រែន​ចំពោះ​ការលុកលុ​យរបស់​​រុស្ស៊ី​ជិត​មួយ​ឆ្នាំ​មកនេះ ដោយ​ដាក់ខ្លួន​គាត់​ជាថ្មី​ម្តង​ទៀត​ឱ្យ​ផ្ទុយ​នឹង​ការគាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​របស់​នាយក​រដ្ឋមន្ត្រីអ៊ីតាលីបច្ចុប្បន្នលោកស្រី ច​ច​ចា មេ​ឡូ​នី (Giorgia Meloni) សម្រាប់​រដ្ឋាភិបាល​ក្រុង​គៀវ​។​

​លោក​ប៊ែរ​លូ​ស្កូនី ដែល​គណបក្ស​របស់​លោក​គាំទ្រ​រដ្ឋាភិបាល​ចម្រុះ​ស្តាំនិយម​របស់​លោកស្រី​មេ​ឡូ​នី គឺជា​មិត្តភក្តិ​និង​ជា​សម្ពន្ធមិត្ត​យូរអង្វែង​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​។​លោក​បាន​​និយាយថា សង្គ្រាម​នៅ​អ៊ុ​យក្រែន “​នឹង​មិន​កើត​ឡើង​ជា​ដាច់ខាត​” ប្រសិន​បើ​លោក​ហ្សេ​លេន​ស្គី “​ឈប់​វាយប្រហារ​សាធារណរដ្ឋ​ស្វយ័ត​ដុន​បាស​” ជា​ផ្នែក​នៃ​ប្រទេស​អ៊ុយ​ក្រែន​ដែល​រុស្ស៊ី​បាន​កាត់យក​​ដោយ​ខុសច្បាប់​។​

​លោក​ប៊ែរ​លូ​ស្កូ​នី​បាន​និយាយថា លោក​វិនិច្ឆ័យ​អាកប្បកិរិយា​របស់​លោក​ហ្សេ​លេន​ស្គី “​អវិជ្ជមាន​យ៉ាងខ្លាំងបំផុត​”​។ លោក​ក៏​បាន​រិះគន់​លោកស្រី​មេ​ឡូ​នី​ផងដែរ​សម្រាប់​ការជួប​ជាមួយ​លោក​ហ្សេ​លេន​ស្គី ដោយ​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃអាទិត្យ​ថា លោក​នឹង​មិន​ធ្វើ​ដូច​លោកស្រី​ទេ ប្រសិន​បើ​លោក​ជា​នាយករដ្ឋមន្ត្រី​។​

​ការអត្ថាធិប្បាយ​នេះ​បាន​ទាក់ទាញ​ការរិះគន់​ភ្លាមៗ​កាលពី​ថ្ងៃអាទិត្យ​ពី​ការិយាល័យ​របស់​លោកស្រី​មេ​ឡូ​នី ដែល​និយាយថា “​ការគាំទ្រ​របស់​រដ្ឋាភិបាល​សម្រាប់​អ៊ុយ​ក្រែន​គឺ​រឹងមាំ​និង​មិន​ងាករេ​”​។ ការិយាល័យ​របស់​លោក​ស្រី​បាន​និយាយថា ការគាំទ្រ​សម្រាប់​អ៊ុយ​ក្រែន​គឺច្បា​ស់លា​ស់​ទាំងនៅ​ក្នុង​គោលនយោបាយ​រដ្ឋាភិបាល​និង​ការបោះឆ្នោត​សភា​ដែល​រួម​មាន​ការប្រគល់​អាវុធ​ដល់​កងកម្លាំង​​អ៊ុយ​ក្រែន​ផងដែរ​។​

​ទីប្រឹក្សា​របស់​លោក​ហ្សេ​លេន​ស្គី គឺ លោក អូ​ឡេក នី​កូ​លេនកូ (Oleg Nikolenko) កាលពី​ថ្ងៃ​ចន្ទ​បាន​ថ្កោលទោស​សេចក្តីថ្លែងការណ៍​របស់​លោកបឺ​លូ​ស្កូ​នី ដោយ​និយាយថា​”​តាមរយៈ​ការផ្សព្វផ្សាយ​​ការឃោសនា​របស់​រុស្ស៊ី លោក​លើក​ទឹកចិត្ត​រុស្ស៊ី​ឱ្យ​បន្ត​ឧក្រិដ្ឋកម្ម​របស់​ខ្លួន​ប្រឆាំង​នឹង​អ៊ុ​យក្រែន ហើយ​បន្ទាប់មក​ត្រូវ​ទទួលខុសត្រូវ​ផ្នែក​នយោបាយ​និង​សីលធម៌​”​។​

​លោក​នី​កូ​លេនកូ​បាន​និយាយថា “​ការចោទប្រកាន់​ឥតន័យ​របស់​លោក​ប៊ែរ​លូ​ស្កូនី​ប្រឆាំង​នឹង​ប្រធានាធិបតី​អ៊ុ​យក្រែន គឺ​ជា​ការប៉ុនប៉ង​ថើប​ដៃ​របស់​ពូ​ទីន ដែល​ជា​ដៃ​ប្រឡាក់​ឈាម​”៕

​អតីត​នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក ស៊ី​វី​យ៉ូ ប៊ែរ​លូ​ស្កូនី