ដោយ:មុនីរ័ត្ន/ភ្នំពេញ : អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានសម្តែងការខកចិត្តយ៉ាងខ្លាំង និងបានច្រានចោលទាំងស្រុងនូវការព្រួយបារម្ភនានាធ្វើឡើងក្រោមហេតុផលនយោបាយ មានការរើសអើង និងមានភាពលម្អៀងរបស់ស្ថានទូតបរទេសមួយចំនួន ចំពោះការដកហូតអាជ្ញាប័ណ្ណពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ ដែលទទួលមូលនិធិពីបរទេស។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានបញ្ជាក់ថា :
១. ចំណាត់ការរដ្ឋបាលចំពោះអង្គភាពដែលបំពានច្បាប់ មិនសមនឹងទទួលបានការព្រួយបារម្ភអ្វីទាំងអស់។ អ្វី ដែល គួរឱ្យ បារម្ភ នោះ គឺ ការ ផ្សាយ ព័ត៌មាន មិន ពិត និង ការ បង្កាច់ បង្ខូច ដោយ ចេតនា ដែល ធ្វើ ឱ្យ ប៉ះពាល់ដល់ ខ្លឹមសារ និង គោលការណ៍ នៃ សិទ្ធិ មនុស្ស និង សេរីភាព។ គួរឱ្យសោកស្ដាយ ការថ្លែងដោយលម្អៀងរបស់ស្ថានតំណាងទាំងនោះ បង្ហាញពីការធ្វើមិនដឹងមិនឮ ចំពោះការពិតមិនអាចប្រកែកបាន គឺមជ្ឈមណ្ឌលផ្សព្វផ្សាយនោះ បានបំពានវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបដិសេធមិនកែប្រែកំហុស អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន។ មាត្រា ១០ (ខ) នៃច្បាប់នេះ ចែងថា «ចំពោះករណីដែលពាក់ព័ន្ធដល់បុគ្គលសាធារណៈ គ្រប់ការពោលអះអាង ឬការទំលាក់កំហុសដែលអ្នកសារព័ត៌មានយកមកចុះផ្សាយដោយផ្ទាល់ ឬក៏យកមកចុះផ្សាយបន្តខុសពីការពិត ក្នុងបំណងបំផ្លាញបុគ្គល សាធារណៈនោះ គឺជាការមួលបង្កាច់ ដែលច្បាប់ហាមឃាត់»។

២. ការអះអាងថាជា «សារព័ត៌មាន សេរី និង ឯករាជ្យ» មិនមែនជា អាជ្ញាប័ណ្ណ ដើម្បី បំពាន ច្បាប់ ដោយ និទណ្ឌភាព ឡើយ។ ឯករាជ្យ ភាព មិន អាច កាត់ផ្តាច់ចេញ ពី ភារៈកិច្ចទទួលខុស ត្រូវ លើការងារ និង ការ ទទួល ស្គាល់កំហុស។ ការថ្លែងថា សារព័ត៌មាននេះធ្វើសេចក្ដីរាយការណ៍ដោយផ្អែកលើការពិត គឺជាការអះអាងដោយគ្មានមូលដ្ឋាន និងលម្អៀង។ អ្វីដែលពិតគឺ សារព័ត៌មាននេះ បានចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជាក្នុងការផ្តល់ជំនួយមនុស្សធម៌ទៅវិញ។ ចំណាត់ការចំពោះវិទ្យុមិនគោរពវិជ្ជាជីវៈ មិនធ្វើឱ្យចុះខ្សោយនូវសេរីភាពសារព័ត៌មានដ៏រស់រវើកនៅកម្ពុជាទេ ផ្ទុយទៅវីញ គឺជាការរួមចំណែកដល់ការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន។

៣. ការប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាពិនិត្យមើលឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន គឺស្មើនឹងការរំលោភលើអនុសញ្ញាទីក្រុងវីយែនស្តីពី ទំនាក់ទំនងការទូត (អនុសញ្ញាទីក្រុងវីយែន)។ ជាតំណាងឱ្យប្រទេសមានអរិយធម៌និងគោរពច្បាប់ ស្ថានទូតបរទេសទាំងនោះគួរអនុវត្តតួនាទីរបស់ខ្លួន ដោយគោរពឱ្យបានម៉ឺងម៉ាត់ស្របតាមមាត្រា ៤១ (១) និង ៤២ (២) នៃអនុសញ្ញាទីក្រុងវីយែន ដែលគូសបញ្ជាក់ថា អ្នកការទូត «មានភារកិច្ច មិនត្រូវជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស ម្ចាស់ផ្ទះ» និងបានតម្រូវថា «រាល់ការងារផ្លូវការទាំងអស់ជាមួយប្រទេសម្ចាស់ផ្ទះ គឺត្រូវធ្វើឡើងជាមួយ ឬតាមរយៈក្រសួងការបរទេសនៃប្រទេសម្ចាស់ផ្ទះ»៕srn-PC