ដោយ:ទូច វណ្ណេត និង លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម/ភ្នំពេញ:នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាអប់រំ សហគមន៍ស្ដីពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ «ការងារមួយ ថ្ងៃនៅកងចល័តក្នុងរបប ខ្មែរក្រហម» ដោយមានការចូលរួមពីលោក សោម សេរី និង លោក លឹម ផល្លី សមាជិកក្រុមប្រឹក្សាឃុំ អ្នករស់រាន មាន ជីវិតពីរបបខ្មែរក្រហម និងសិស្សមកពីវិទ្យាល័យកោះសូទិន។ វេទិកាអប់រំសហគមន៍ រៀបចំឡើងនៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ក្នុងគោលបំណងដើម្បី បង្កើតឱកាសឲ្យមានកិច្ចសន្ទនាអន្តរជំនាន់រវាងអ្នក កើតមុន និង ក្រោយ របប ខ្មែរក្រហម រួមទាំងជំរុញឲ្យ មានការយល់ដឹងអំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងសហគមន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម។

ចាប់ផ្ដើមកម្មវិធី លោក សោម សេរី សមាជិកក្រុមប្រឹក្សាឃុំ បានឡើងនិយាយបើកវេទិកាអប់រំ សហគមន៍ និងប្រាប់អំពីសារសំខាន់ក្នុងការចងចាំប្រវត្តិសាស្រ្តខ្មែរក្រហមដែលប្រជាជនកម្ពុជាឆ្លង កាត់ រាល់ទុក្ខវេទនា, ការបែកបាក់គ្រួសារ, ការបាត់បង់ជីវិតដោយសារតែសង្រ្គាម និងអំពើប្រល័យពូជ សាសន៍ ។ សមាជិកក្រុមប្រឹក្សាឃុំរំឭកទៅកាន់យុវសិស្សអំពីការជម្លៀសចេញពីគ្រួសារ ការបង្ខំឲ្យធ្វើការ នៅតាមការដ្ឋានទំនប់ និងការរៀបការនៅវត្តស្ងួនពេជ្រ។ ពេលវេលា និងសកម្មភាពទាំងនេះក្នុង របប ខ្មែរក្រហមគឺនៅតែស្ថិតក្នុងការចងចាំរបស់គាត់។ បន្ទាប់ពីនិយាយបើកវេទិកាអប់រំសហគមន៍ លោក សោម សេរី លើកទឹកចិត្ដដល់យុវសិស្សឲ្យខិតខំរៀនសូត្រ និងចូលរួមថែរក្សាសុខសន្តិភាព។
លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានធ្វើបទបង្ហាញស្ដីពីប្រវត្តិ សាស្រ្តកម្ពុជាប្រជាធិបតេយ្យ។ បន្ទាប់ពីធ្វើបទបង្ហាញចប់ លោក ស៊ាង ចិន្ដា ដឹកនាំកិច្ចពិភាក្សាទៅលើ ប្រធានបទស្ដីអំពី «ការងារមួយថ្ងៃក្នុងកងចល័តនៅក្នុងរបបខ្មែរក្រហម។» សិស្សត្រូវបានបែង ចែកទៅ ជា៣ក្រុមដែលក្រុមនីមួយៗទទួលបានប្រធានបទពិភាក្សារៀងៗខ្លួន និងការជួបសន្ទនាផ្ទាល់ ជាមួយ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ក្រុមនីមួយៗមានរយៈពេល៣០នាទីដើម្បីពិភាក្សាដោយ មាន ការ ចូលរួមផ្ដល់សក្ខីកម្មរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអំពីបទពិសោធន៍របស់ខ្លួន។
តំណាងក្រុមពិភាក្សានីមួយបានឡើងធ្វើបទបង្ហាញពីប្រធានបទរបស់ខ្លួន និងអំពីអ្វីដែលខ្លួន បានពិភាក្សា និងដឹងពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដូចខាងក្រោម៖

• ក្រុមទី១ដែលមានសមាជិកក្រុមរួមមាន ញឹម បញ្ញា, មុយ ចាន់លាប, ស៊ុបអ៊ី រីណា, ឡាយ ម៉េងគាង, ឈី រក្សា, អ៊ីម ឆេងសៀវ និង លី ស្រីពៅ ទទួលបានប្រធានបទស្ដីពី «ការធ្វើការងារ នៅការដ្ឋានឆ្ន័ត្រ»។ ក្រុមទី១បានសង្ខេប អ្វីដែលខ្លួនពិភាក្សា និងដឹងពីការរៀបរាប់ពីបទពិសោធន៍របស់ លោក ឌឿន គឹមសាន ៖
«នៅដើមឆ្នាំ១៩៧៦ ខ្មែរក្រហមបានរៀបផែនការបួនឆ្នាំលើកទី១ ពីឆ្នាំ១៩៧៧-១៩៨០។ ដើម្បីសម្រេចគោលបំណងផែនការបួនឆ្នាំ ខ្មែរក្រហមបង្ខំឲ្យប្រជាជនធ្វើការនៅតាមការដ្ឋានលើកទំនប់ និងធ្វើស្រែ។ លោក ឌឿន គឹមសាន គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង ធ្លាប់ធ្វើការនៅការ ដ្ឋានឆ្ន័ត្រ បាននិយាយថា នៅឆ្នាំ១៩៧៦ គឺជាការចាប់ផ្ដើមបង្កើតសហករណ៍ និងការធ្វើការ នៅកង ចល័ត នៅតាមការដ្ឋាន។ គឹមសាន ត្រូវបញ្ជូនទៅធ្វើការនៅកងចល័តរយដែលមាន ទិសដៅធ្វើស្រែ និង លើកទំនប់នៅការដ្ឋានឆ្ន័ត្រ។ គឹមសាន ត្រូវងើបពីម៉ោង៤ និងចូលប្រជុំជួររយៈពេលមួយម៉ោង។ ការងារ ចាប់ផ្ដើមធ្វើពីម៉ោង៦ព្រឹកដល់ម៉ោង១១ និងពីម៉ោង១ដល់ម៉ោង៥រសៀល។ ម៉ោង៦ដល់ម៉ោង៧ ល្ងាច គឺជាម៉ោងធ្វើការងារសង្គមនិយមដែល គឹមសាន និងសមមិត្តផ្សេងទៀត ត្រូវទៅកាប់ទន្ទ្រានខែត្រ និង កំប្លោកដើម្បីយកមកធ្វើជាជី។ នេះគឺជាការរៀបរាប់ការងារពេញមួយថ្ងៃរបស់ គឹមសាន ក្នុងកងចល័តនៅ ការដ្ឋានឆ្ន័ត្រនៅក្នុងរបបខ្មែរក្រហម។»


• ក្រុមទី២ដែលមានសមាជិកក្រុមរួមមាន សូទី អាស៊ីរ៉ស់, រ៉សាត រ៉ស៊ីសាស់, បូ មយូរ័ត្ន, ភិន ចាន់ថេង, លី ស្រីមី, រិទ្ធីស្រីណែត និង ឌឿន ស្រីវី ទទួលបានប្រធានបទស្ដីពី «ការភ្ជួរដីស្រែនៅការ ដ្ឋានឆ្ន័ត្រ»។ ក្រុមទី២បានសង្ខេបសាច់រឿងដែលខ្លួនពិភាក្សា និងដឹងពីការរៀបរាប់ពីបទពិសោធន៍របស់ អាន រី៖
«ប្រជាជនត្រូវបានចាត់ចូលធ្វើការងារនៅតាមកងចល័តក្នុងរបបខ្មែរក្រហម ដើម្បីធ្វើការភ្ជួររាស់ លើកទំនប់ និងដាំដំណាំផ្សេងៗ។ អាន រី ត្រូវបញ្ជូនទៅធ្វើស្រែនៅការដ្ឋានឆ្ន័ត្រនៅក្នុងឆ្នាំ១៩៧៦។ នៅ រដូវវស្សា អាន រី ត្រូវបានចាត់តាំងឲ្យកាន់គោមួយនឹម និងភ្ជួររាស់នៅលើវាលស្រែឆ្ន័ត្រ ដែលមាន ផ្ទៃដី ទំហំប្រមាណ៥០០ហិកតា។ អាន រី ត្រូវក្រោកតាំងពីម៉ោង៤ទៀបភ្លឺ និងទៅប្រជុំជួរ។ បន្ទាប់ មក អាន រី បររទេសគោទៅភ្ជួរដីស្រែ។ នៅកន្លែងភ្ជួរមានគោសរុបចំនួនប្រាំនឹមសម្រាប់ធ្វើការភ្ជួររាស់ដី ស្រែចំនួន១ ហិកតា។ អាន រី ចាប់ផ្ដើមភ្ជួរដីចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១០ព្រឹក។ បន្ទាប់មក អាន រី សម្រាក ហូបបបរ និងយកគោទៅឲ្យស៊ីស្មៅរហូតដល់ម៉ោង៤ល្ងាចទើបទៅយកមកវិញ។ នៅរដូវប្រាំង អាន រី ត្រូវចាត់តាំងឲ្យទៅដឹកឧសនៅពាមជាំងដើម្បីយកមកដាក់នៅរោងបាយ»។
• ក្រុមទី៣ដែលមានសមាជិកក្រុមរួមមាន សំ វិច្ឆិកា, ថុល សុធានី, ហួ សុវណ្ណរី, អ៊ី លក្ខអា លីហ្សា, វង សុខមាន និង អេស ម៉ានីស ទទួលបានប្រធានបទស្ដីពី «ការងារក្នុងកងចល័តនារីឈាន មុខ» ក្រុមទី៣ បានសង្ខេប អ្វីដែលខ្លួនពិភាក្សានិងដឹងពីការរៀបរាប់ពីបទពិសោធន៍របស់ អាន រី ៖
«បន្ទាប់ពីខ្មែរក្រហមដាក់ចេញផែនការបួនឆ្នាំ ប្រជាជនទទួលរងការធ្វើការហួសកម្លាំង និងហូប មិនគ្រប់គ្រាន់។ ចេង សុថុល អាយុ៦១ឆ្នាំ រស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន លើកឡើងថា ៖ នៅឆ្នាំ១៩៧៥ គ្រួសាររបស់ខ្ញុំត្រូវបានជម្លៀសចេញពីភូមិទៅពាមជីកង ដោយជិះទូកនិងមិន មាន កន្លែង ស្នាក់ នៅ។ ខ្ញុំ ដេក នៅព្រៃចេករយៈពេល២០ថ្ងៃ ទើបមានឡានបន្តដឹកទៅតាំងគោក។ នៅពេលទៅ ដល់តាំងគោក ឪពុកម្ដាយរបស់ខ្ញុំត្រូវដាក់ឲ្យធ្វើការងារច្រូតស្រូវនៅការដ្ឋានស្នែងទង ក្នុងសង្កាត់ស្វាយ ភ្លើង។ ខ្ញុំត្រូវទៅបេះត្រកួនយកមកហូប។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវដាក់ឲ្យធ្វើការនៅកងចល័តឈានមុខ ដើម្បីរែកដីនៅការដ្ឋានកំពង់ត្របែក។ នៅពេលនោះមានសមាជិកចំនួន១០០នាក់។ ខ្ញុំត្រូវក្រោកចាប់ពី ម៉ោង៥ទៀបភ្លឺដើម្បីដើរទៅប្រជុំជួរ និងបន្ទាប់មកទៅធ្វើការតាមផែនការដាក់ឲ្យ។ ខ្ញុំនិងសមមិត្តនារីផេ្សង ទៀតត្រូវស្លៀកពាក់ខោអាវពណ៌ខ្មៅ និងក្រមាពណ៌ខៀវ និងពាក់ស្បែកជើងកង់ឡាន។ បន្ទាប់ពីធ្វើការ នៅការដ្ឋាននៅពេលថ្ងៃរួច ខ្ញុំត្រូវបន្តធ្វើការងារនៅពេលយប់ចាប់ពីម៉ោង៨ទៅម៉ោង៩យប់ គឺបាតុកម្មវាយ កណ្ដុរ។ ខ្ញុំធ្វើការនៅកងចល័តនារីឈានមុខនៅការដ្ឋានកំពង់ត្របែករហូតដល់ឆ្នាំ១៩៧៩។ បន្ទាប់ពី របប ប៉ុល ពត ដួលរំលំ ខ្ញុំវិលត្រឡប់មករស់នៅភូមិកំណើតវិញ»។
បន្ទាប់ពីការឡើងធ្វើបទបង្ហាញរបស់ក្រុមនីមួយៗបានបញ្ចប់ លោក ស៊ាង ចិន្តា បន្តដឹកនាំកិច្ច ពិភាក្សាទូទៅ និងបកស្រាយសំណួររបស់យុវសិស្សទាក់ទងប្រវត្តិសាស្រ្តខ្មែរក្រហម។ ជាចុងក្រោយ ក្រុម ការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានចែកសៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩)» ជាភាសាខ្មែរបោះពុម្ពលើកទី២ និងទស្សនាវដ្ដីស្វែងរកការពិតដល់ សិស្ស និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទុកជាឯកសារផ្ទាល់ខ្លួន និងដើម្បីធ្វើការឈ្វេងយល់បន្ថែម ពី ប្រវត្តិសាស្ត្រនេះ។
នៅពេលរសៀល អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសិស្សទៅមើលចេតិយរំឭកសម្រាប់ សហគមន៍ និងទីតាំងសម្លាប់ប្រជាជនខ្មែរ និងចាម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសិស្ស ទទួលបានការស្វាគមន៍ដោយ លោក តុង សុភា តំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរ ក្រហមក្នុងមូលដ្ឋានឃុំគគរ។ លោក តុង សុភា ក៏បានរៀបរាប់ពីព្រឹត្តិការណ៍នៃការសម្លាប់ប្រជាជននៅ ក្នុងរបបខ្មែរក្រហមនៅក្នុងភូមិឃុំរបស់គាត់៕
សរន

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាអប់រំ សហគមន៍ស្ដីពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ «ការងារមួយ ថ្ងៃនៅកងចល័តក្នុងរបប ខ្មែរក្រហម» ដោយមានការចូលរួមពីលោក សោម សេរី និង លោក លឹម ផល្លី  សមាជិកក្រុមប្រឹក្សាឃុំ អ្នករស់រាន មាន ជីវិតពីរបបខ្មែរក្រហម និងយុវសិស្សមកពីវិទ្យាល័យកោះសូទិន។  (លី ដេវីដ/មជ្ឈមណ្ឌលឯកសារកម្ពុជា)