​កសិករ​ចិញ្ចឹម​ជ្រូក​តាម​ផ្ទះ​អាច​ដកដង្ហើម​គ្រាន់​ស្រួល​ឡើងវិញ​

1552
ចែករម្លែក
  • 72
    Shares

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បានលើកឡើង​ថា នាពេល​បច្ចុប្បន្ន​ស្ថានភាព អ្នក​ចិញ្ចឹម​ជ្រូក​តាម​លក្ខណៈ​គ្រួសារ​ពិតជា​ល្អ​ប្រសើរឡើង​បន្តិច​វិញ​។​បន្ទាប់ពី​គេ​សង្កេតឃើញថា​ពល​ល​រដ្ឋ​កម្ពុជា​បាន​ងាក​មក​ចាប់អារម្មណ៍​បរិភោគ​សាច់ជ្រូក​ចិញ្ចឹម​តាម​លក្ខណៈ​គ្រួសារ​កាន់តែច្រើន​ឡើងមក​។​
​ ​
​លោក​ស្រ៊ុន​ពៅ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា​រយៈពេល​២​ទៅ​៣​ខែ​មកនេះ​កសិករ ចិញ្ចឹម​ជ្រូក តាម​លក្ខណៈ​គ្រួសារ​ដែល ធ្លាប់តែ​ត្អូញត្អែរ​ពី​ការខាតបង់​ថ្លៃ​ចិញ្ចឹម​នោះ​។ នាពេលនេះ​ពួកគាត់​អាច​រកប្រាក់​ចំណេញ​បាន​ខ្លះ​វិញ​ដោយ​ក្នុងនេះ​កាលពីមុន​ជ្រូក​រស់​មួយ​គីឡូក្រាម​លក់បាន​តម្លៃ​តែ​ជាង​៦​ពាន់​រៀល​។​ប៉ុន្តែ​ពេលនេះ​ពួកគាត់​អាច​លក់បាន​រហូតដល់​៨.៨០០​រៀល​ទៅ​៩.០០០​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​។​
​ ​
​លោក​បាន​បន្ថែមថា​ពេលនេះ​តម្លៃ​ជ្រូក​ចិញ្ចឹម​តាម​ក្រុមហ៊ុន​និង​ជ្រូក​ចិញ្ចឹម​តាម​គ្រួសារ​គឺ​ប្រហាក់ប្រហែលគ្នា​។​កាលពីមុន​ជ្រូក​លក់​តាម​ក្រុមហ៊ុន​តែងមាន​តម្លៃ​ខ្ពស់ជាង​ជ្រូក​របស់​ប្រជាកសិករ​។​ប៉ុន្តែ​ចាប់ពី​ពេលដែល​ពលរដ្ឋ​កម្ពុជា​ចូលចិត្ត​បរិភោគ​ជ្រូក​ចិញ្ចឹម​តាម​ផ្ទះ​ឬ​ហៅ​ជ្រូក​ស្រែ​របស់​ខ្មែរ​មក​ឃើញថា​អ្នក​ចិញ្ចឹម​ជ្រូក​តាម​ផ្ទះ​អាច​លក់បាន​តម្លៃ​ខ្ពស់​ស្មើនឹង​ជ្រូក​ក្រុមហ៊ុន​។​
​ ​
​លោក​ស្រ៊ុន​ពៅ​បាន​បន្ត​ឱ្យដឹងថា​“​កាលពីមុន​កសិករ​យើង​ចិញ្ចឹម​ជ្រូក​ខាត​ហើយ​បិទ​ទ្រុង​ឈប់​ចិញ្ចឹម​ច្រើន​គ្រួសារ​គឺ​ស្ទើរ​ស្មើ​ជាង​៦០​ភាគរយ​ដល់​៧០​ភាគរយ​ហើយ​។​ប៉ុន្តែ​ពេលនេះ​តម្លៃ​ជ្រូក​ចិញ្ចឹម​តាម​ផ្ទះ​ចាប់ផ្តើម​មាន​ហាងឆេង​ធ្វើឱ្យ​ពួកគាត់​អាចមាន​ដង្ហើមរស់​បន្តិច​វិញ​ខ្លះ​ហើយ​”​។​
​ ​
​បើតាម​លោក​ស៊ុន​ពៅ​អះអាង​ផង​ថា​ដោយសារ​ជ្រូក​កសិករ​ចិញ្ចឹម​តាម​គ្រួសារ​កាន់តែ​មាន​អ្នក​ចូលចិត្ត​បរិភោគ​ច្រើន​ទើប​គេ​ឃើញ ឈ្មួញ​ដើរ​ចុះ​ទិញ​តាម​ផ្ទះ​កសិករ​បន្តបន្ទាប់ ខុសប្លែក​កាលពីមុន​ទៀតផង​។​

ទាក់ទិន​ទៅនឹង​តម្លៃ​ជ្រូក​ឡើងថ្លៃ​បន្តិច​នេះដែរ​ត្រូវបាន​ប្រធាន​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​រូបនេះ​បានឱ្យដឹងថា​ក៏ដោយ​សារ​ក្នុងអំឡុង​ប៉ុន្មាន​ខែ​មកនេះ​ជ្រូក​នៅ​ប្រទេស​វៀតណាម​មានតម្លៃ​ខ្ពស់​ទើប​លែងមាន​នាំចូល​ទីផ្សារ​កម្ពុជា​។​
​​ទោះបីយ៉ាងណា​លោក​បានលើកឡើង​ដែរ​ថាបើ​ទោះបី​ជ្រូក​វៀតណាម​មិនមាន​នាំចូល​កម្ពុជា​ក្នុង​រយៈពេល​នេះ​ក៏ដោយ ប៉ុន្តែ​ជ្រូក​ប្រទេស​ថៃ​បែរជា​នាំ​ចូលមក​កម្ពុជា​ជំ​នូ​ស​វិញ​។​

​គួរបញ្ជាក់​ថាបើ​តាម​មន្ត្រី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​និង​ផលិតកម្ម​សត្វ​បានឱ្យដឹងថា ក្នុង​មួយឆ្នាំ​ៗ​កម្ពុជា​បាន​នាំ​ជ្រូក​ចូល​យ៉ាងហោចណាស់​ប្រមាណ​មួយ​លាន​ក្បាល​ពី​ប្រទេសជិតខាង​។​ដែល​កត្តា​នេះ​ជា​ផ្នែក​មួយ​ធ្វើឱ្យ​ការចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​ត្រូវ​ទទួលរង​ផលប៉ះពាល់​នា​កន្លងមក​។​
​ ​
ដោយឡែក​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​និង​ផលិតកម្ម​សត្វ​នា​កន្លងមក​បានលើកឡើង​ដែរ​ថា​កម្ពុជា​ប្រកាន់​ទីផ្សារសេរី​មិនអាច​ទប់ស្កាត់​ការនាំ​ជ្រូក​ពី​ប្រទេសជិតខាង​បានទេ​។​ព្រោះថា​កាលណា​កម្ពុជា​ទប់ស្កាត់​ការ​នាំចូល​អ្វីមួយ​នោះ ប្រទេស​គេ​ក៏មាន​សិទ្ធ​ទប់ស្កាត់​យើង​វិញ​ដូចគ្នា​៕S/

​លោក ស្រ៊ុន ពៅ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​(​រូប​៖​ដេប៉ូ​)

​ជ្រូក​កសិករ​ចិញ្ចឹម​តាម​គ្រួសារ​ឡើង​តម្លៃ​បាន​បន្តិច​វិញ​(​រូប​៖​ដេប៉ូ​)

ទីតាំងផ្សាយពាណិជ្ជកម្ម