ដោយ ចៅចាក់ស្មុក :ភ្នំពេញ:​ ខណៈកម្ពុជាចាត់វិធានការបិទវិទ្យុរំលោភយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនៃរាជរដ្ឋាភិ បាលហើយមិនព្រមកែតម្រូវតាមបញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន បណ្តាស្ថានទូតបរទេសមួយចំនួន បណ្តុំអង្គការសង្គមស៊ីវិលដែលទទួលជំនួយពីបណ្តាប្រទេសទាំងនោះបានចេញមកសម្តែងការព្រួយបារម្ភថាការដកអាជ្ញាបណ្ណពីមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកម្ពុជា CCIM ដែលគ្រប់គ្រងវិទ្យុសំឡេងប្រជាធិបតេយ្យ VOD និងគេហទំព័រពាក់ព័ន្ធ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ឬ ថាធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាស្លាប់ជាដើម។ ប៉ុន្តែ ត្រង់ប្រទេសនៃបណ្តាស្ថានទូតទាំងនោះអនុវត្តវិធានការដូច ដូចគ្នាដកអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយរបស់រុស្សីដូចជា RT, Sputnik និងហាមឃាត់បណ្តាញទំនាក់ទំនងសង្គមប្រទេសចិនមិនឱ្យមានការផ្សព្វផ្សាយនៅលើទឹកដីខ្លួន ពួកគេលើកហេតុផលថាដើម្បី«ការពារសេរីភាពសារព័ត៌មាន គឺមិនមែនវាយប្រហារលើសេរីភាពសារព័ត៌មានទេ» ខណៈប្រព័ន្ធផ្សព្វផ្សាយទាំងនេះមិនបានប្រព្រឹត្តអ្វីខុសលើផ្នែកក្រមសីលធម៌វិជ្ជាជីវៈឡើយ។ ប៉ុន្តែក្រោមហេតុផលនយោបាយនៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនិងអ៊ុយក្រែន សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចបានព្រួតគ្នាដាក់ទណ្ឌកម្មរុស្ស៊ីក្នុងនោះក៏បានដាក់ទណ្ឌកម្មលើប្រព័ន្ធផ្សព្វផ្សាយនិងសេរីភាពសារព័ត៌មានដែលមិនដឹងអីផងដែរ។

ឥឡូវនេះ ពេលកម្ពុជាប្រើប្រាស់ច្បាប់និងក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានដើម្បីពង្រឹងការគោរពវិជ្ជាជីវៈ ប្រឆាំងនឹងព័ត៌មាន ក្លែងក្លាយ ពង្រឹងតួនាទីប្រព័ន្ធផ្សព្វផ្សាយឱ្យដើរតួនាទីត្រឹមត្រូវ គោរពច្បាប់ជាធរមាន ផ្តល់ព័ត៌មានពិត និងការពារសិទ្ធិសេរី ភាពសារព័ត៌មានដូចបណ្តាប្រទេសនៃស្ថានទូតនានាដែលចេញសេចក្តីថ្លែងថា បែរជាថាកម្ពុជាបិទខ្ទប់សេរីភាពសារព័ត៌ មាន។ នេះគឺជាការអនុវត្តស្តង់ដារពីរដែលប្រទេសលោកខាង លិចតែងតែអនុវត្ត។ តាមពិត វាគ្មានអ្វីគួរឱ្យឆ្ងល់ឡើយ មេគេកូនគេ និងដៃគូរបស់គេ ពួកគេត្រូវតែការពារ ទោះបីជាវិទ្យុវីអូឌីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ ផ្សាយព័ត៌មានបំភ្លៃ បំផ្លើស បំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូរ និងបំបែកបំបាក់រាជរដ្ឋាភិបាល និងសង្គមកម្ពុជា ក៏ពួកគេមិនខ្វល់ឡើយ។ ពួកគេ ចាំបាច់ត្រូវការពារឧបករណ៍បំពងសំឡេងរបស់ពួកគេដូចជាវិទ្យុវូអូឌី មជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកម្ពុជា ក្រោម សេសពង្រឹងសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ សេរីភាពសារព័ត៌មាន លទ្ធិប្រជាធិបតេយ្យនិងការតស៊ូមតិ។ មជ្ឈមណ្ឌល CCIM និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅបានចុះហត្ថលេខាទទួលជំនួយចំនួនទឹកប្រាក់ ២,១ លានយូរ៉ូឬស្មើប្រមាណ ២,៥លានដុល្លារអាម៉េរិក ដើម្បីធ្វើសកម្មភាពលើការតស៊ូមតិ។ នេះមិនគិតពីជំនួយរបស់ បណ្តាប្រទេសផ្សេងទៀតដូចជាស៊ុយអែត ន័រវេស ដាណឺម៉ាក់ និងបណ្តាទីភ្នាក់ងារអភិវឌ្ឍន៍ផ្សេងៗដែលគាំទ្រថវិកាដល់ប្រព័ន្ធផ្សព្វផ្សាយនេះ។

តើគេប្រកាសថាវិទ្យុវីអូឌីជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យយ៉ាងដូចម្តេច បើរាល់ការចំណាយទាំងថ្លៃប្រតិបត្តិការ និងប្រាក់ខែបុគ្គលិកជាជំនួយបរទេស? តើគេវាវិទ្យុវិអូឌីនេះឯករាជ្យយ៉ាងម៉េចបើការផ្សាយផ្សេងៗរបស់ខ្លួនត្រូវគោរពនូវគោលបំណងរបស់ប្រទេសម្ចាស់ជំនួយដែលចង្អុលឱ្យធ្វើតាមលក្ខខណ្ឌកំណត់ដើម្បីទទួលបានថវិកា? តើអ្នកសារព័ត៌មាននៃវិទ្យុវីអូឌី មានសេរីភាពគ្រប់គ្រាន់ក្នុងការធ្វើព័ត៌មានលើប្រធានបទក្រៅពីការកំណត់កម្មវត្ថុរបស់ម្ចាស់ជំនួយ? ច្បាស់ណាស់ថាពយកគេនឹងគ្មានសេរីភាពពេញលេញក្នុងការបំពេញអាជីពរបស់គេទេ តែត្រូវដើរតាមបន្ទាត់ដែលម្ចាស់ជំនួយបានគូសឱ្យ។ នេះឬជាការផ្តល់ជំនួយដើម្បីលើកស្ទួយសេរីភាពនិងប្រជាធិបតេយ្យនិងសេរីភាពនៃការបញ្ចេញមតិ? សូម្បីតែក្នុងការអនុវត្តគម្រោងរបស់ខ្លួនក៏មានការរឹតត្បិត មិនផ្តល់សេរីភាពពេញ លេញ តើនេះឬជាវិទ្យុឯករាជ្យ និងលើកស្ទួយសេរីភាព។ ដោយសារតែមិនមែនជាវិទ្យុឯករាជ្យ និងមានសេរីភាពពេញ លេញដូច្នេះហើយបានជាសូម្បីតែការឆ្លើយតបនឹងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន ក៏ថ្នាក់ដឹកនាំនៃវិទ្យុ VOD និងមជ្ឈមណ្ឌល CCIM គ្មានសេរីភាពនិងឯករាជភាពពេញលេញសម្រេចចិត្តផង គឺពួកគេបានធ្វើអហវីៗតាមការចង្អុលបង្ហាញរបស់ស្ថានទូតបរទេសនៅកម្ពុជា។ រហូតដល់ពួកគេ មិនហ៊ានប្រើពាក្យ «សុំទោស» ចំពោះការរំលោភបំពានអ្នកដទៃ និងការប្រព្រឹត្តកំហុសវិជ្ជាជីវៈសារព័ត៌មានដ៏ធ្ងន់ធ្ងរ តែបានត្រឹមប្រើពាក្យថា «សោកស្តាយ» និង «អធ្យាស្រ័យ» ដែលវាមិន មែនជាការបង្ហាញពីការទទួលស្គាល់កំហុសនិងធ្វើឡើងដោយចិត្តបរិសុទ្ធឡើយ។ នេះហើយជាវិទ្យុដែលគេលើកតម្កើងថាជា «វិទ្យុឯករាជ្យតែមួយគត់» នៅកម្ពុជា!៕
ចំណែកក្រុមអង្គការសង្គមស៊ីវិលដែលទទួលជំនួយបរទេស ក៏បានចេញមកបន្ទរតាមក្រោយទាំងបំពាន និងថែមទាំងខិតខំ បង្ហាញពីក្តីបារម្ភតាមម្ចាស់ជំនួយខ្លួនដែរ និងថែមទាំងធ្វើសោកនាដកម្មលើវិស័យសារព័ត៌មាននៅកម្ពុជាថាការបិទវិទ្យុវីអូឌី គឺជាការស្លាប់វិស័យសារព័ត៌មាន និងសេរីភាពព័ត៌មាននៅកម្ពុជា។ នៅថ្ងៃទី១៤ ខែកុម្ភៈនេះ ទោះបីជាគ្មានវិទ្យុវីអូឌីនិងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតរបស់ CCIM ក៏សេរីភាពសារព័ត៌មាននិងលំហប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិនៅកម្ពុជា នៅតែមានភាពល្អប្រសើរដដែល។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈនិងបំពេញតួនាទីត្រឹមត្រូវស្របតាមច្បាប់ទាំងវិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី គេហទំព័រនានារួមនឹងបណ្តាញទំនាក់ទំនងសង្គមដំណើរការរបស់ខ្លួនជា ធម្មតា។ សេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យកម្ពុជារស់ឬស្លាប់ វាមិនអាស្រ័យលើបបូរមាត់ជនបរទេស ឬតំណាងមួយក្តាប់តូចនៃក្រុមប្រព័ន្ធផ្សព្វផ្សាយដែលទទួលជំនួយពីបរទេស បម្រើគោលនយោបាយបរទេសឡើយ ប៉ុន្តែវាឈរលើស្ថានភាពពិតជាក់ស្តែងដែលកម្ពុជាជាប្រទេសដែលមាន សេរីភាពព័ត៌មានល្អប្រសើរក្នុងតំបន់ ហើយប្រជាពលរដ្ឋមាន សិទ្ធិ លទ្ធភាព និងសមត្ថភាពប្រើប្រាស់បានដោយសេរី។ មាន តែក្រុមដែលតាំងខ្លួនជាតួឯកសេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យក្លែងក្លាយទេ ដែលថាការអនុវត្តច្បាប់ប្រឆាំងនឹង ប្រព័ន្ធផ្សព្វផ្សាយដែលផ្សាយព័ត៌មានបំភ្លៃការពិត បម្រើរបៀបវារៈនយោបាយនេះគឺជាការបិទសិទ្ធិសេរីភាពសារព័ត៌មាន ខណៈក្នុងប្រទេសរបស់ខ្លួន នៅតែអះអាងថាមានការរំលោភបំពាន ហើយប្រទេសខ្លះមានទាំងប្រធានាធិបតីខ្លួនឯងផងដែរ ប្រមាថអ្នកសារព័ត៌មាន និងនិយាយថាសារព័ត៌មានទាំងអស់ក្នុងប្រទេសខ្លួនជា «រោងចក្រផលិតព័ត៌មានក្លែងក្លាយ» និងបានប្តឹងអ្នកកាសែតឡើងតុលាការថែមទៀត។

ចំណាត់ការប្រកបដោយភាពម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលនិងក្រសួងព័ត៌មានដែលបានដកអាជ្ញាបណ្ណពីមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកម្ពុជា CCIM ដែលគ្រប់គ្រងវិទ្យុសំឡេងប្រជាធិបតេយ្យ VOD និងគេហទំព័រពាក់ព័ន្ធដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនៃរាជរដ្ឋាភិបាលហើយមិនព្រមកែតម្រូវ តាមបញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន គឺជាការពង្រឹងការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ ដែលប្រជាពលរដ្ឋ ក្រសួងស្ថាប័នស្វាគមន៍និងគាំទ្រយ៉ាងពេញទំហឹង។ គោលការណ៍ការអនុវត្តនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ គូសបញ្ជាក់ថានឹងត្រូវធ្វើគ្រប់អង្គភាពសារព័ត៌មាន ដែលធ្វើខុសវិជ្ជាជីវៈ។ នេះគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន បំបាត់ប្រព័ន្ធផ្សព្វផ្សាយដែលរំលោភក្រម សីលធម៌វិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានបំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោង និងមិនគោរពច្បាប់សារព័ត៌មានដែលជ្រកក្រោមសម្បកសិទ្ធិមនុស្សនិងលទ្ធប្រជាធិបតេយ្យ។ សេរីភាពសារព័ត៌មាននៅកម្ពុជានឹងកាន់តែមានភាពប្រសើរឡើង ហើយគេរំពឹងថាចំណាត់ការលើប្រព័ន្ធផ្សព្វផ្សាយដែល រំលោភបំពានក្រមសីលធម៌វិជ្ជាជីវៈគឺជាមេរៀនដ៏សំខាន់សម្រាប់ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានបន្ថែមទៀត។ ចំណាត់ការនេះមិនត្រូវបកស្រាយថាជា ការគាប់សង្កត់សេរីភាពសារព័ត៌មានឡើយ តែជាការលើកតម្កើងសេរីភាពសារព័ត៌មានទៅវិញទេ ហើយក៏មិនមែនជាភាពផ្តាច់ការលើវិស័យព័ត៌មានដែរ តែជាការការពារសេរីភាពសារព័ត៌មានពីការប្រើប្រាស់ដោយខុសច្បាប់របស់ក្រុមអ្នកកាសែតក្រោមខ្សែញាក់បរទេស៕