ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អេប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi)បានមកដល់ប្រទេសចិននៅថ្ងៃអង្គារទី១៤កុម្ភៈនេះដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
រដ្ឋាភិបាលក្រុងតេអេរ៉ង់បាននិយាយថា លោករ៉ៃស៊ី នឹងធ្វើកិច្ចពិភាក្សាឯកជនជាមួយសមភាគីចិនរបស់លោក ស៊ី ជីនភីង នៅក្នុងរដ្ឋធានីប៉េកាំង ដោយអ្នកទាំងពីររំពឹងចុះហត្ថលេខាលើ “ឯកសារកិច្ចសហប្រតិបត្តិការ” មួយចំនួន។
អ៊ីរ៉ង់និងចិនមានទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ជាពិសេសក្នុងវិស័យថាមពល ការដឹកជញ្ជូន កសិកម្ម ពាណិជ្ជកម្ម និងការវិនិយោគ ហើយនៅឆ្នាំ ២០២១ បានចុះហត្ថលេខាលើ”សន្ធិសញ្ញាសហប្រតិបត្តិការយុទ្ធសាស្ត្រ” រយៈពេល ២៥ ឆ្នាំ។
ប្រទេសទាំងពីរបានប្រឈមមុខនឹងសម្ពាធពីប្រទេសលោកខាងលិចជុំវិញជំហររបស់ពួកគេលើការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីជិតមួយឆ្នាំមុន។
អ៊ីរ៉ង់បានក្លាយជាសម្ពន្ធមិត្តមួយក្នុងចំណោមសម្ពន្ធមិត្តនៅសេសសល់តិចតួចរបស់រុស្ស៊ី ខណៈរដ្ឋាភិបាលក្រុងមូស្គូផុងជ្រៅក្នុងភាពឯកោជាអន្តរជាតិជុំវិញការឈ្លានពានរបស់ខ្លួន។
រដ្ឋាភិបាលក្រុងតេអេរ៉ង់បានប្រឈមមុខនឹងការចោទប្រកាន់ពីបណ្តាប្រទេសលោកខាងលិចថា ខ្លួនបានផ្គត់ផ្គង់ដ្រូនប្រដាប់អាវុធដល់រុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ជាការចោទប្រកាន់ដែលអ៊ីរ៉ង់បានបដិសេធ៕
លោករ៉ៃស៊ីរំពឹងធ្វើកិច្ចពិភាក្សាឯកជនជាមួយសមភាគីចិនរបស់លោក ស៊ី ជីនភីង នៅក្នុងរដ្ឋធានីប៉េកាំង