​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យ៉ាងហោច​ណាស់​មនុស្សបីនាក់​ត្រូវបាន​បាញ់សម្លាប់​និង​ច្រើន​នាក់​ទៀត​រងរបួស​បន្ទាប់​ពី​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បើក​ការបាញ់ប្រហារ​នៅ​សាកលវិទ្យាល័យ​​រដ្ឋ​មី​ស៊ី​ហ្គែ​ន (Michigan State University) កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​១៣​កុម្ភៈ​។​

​ប៉ូលីស​បានបញ្ជាក់​ថា មនុស្ស​ប្រាំ​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។ អ្នករបួស​ខ្លះ​កំពុង​ប្រឈម​ការបាត់បង់​អាយុជីវិត​។​

​ជនសង្ស័យ​កំពុង​រត់គេចខ្លួន ហើយ​ប៉ូលីស​កាលពី​យប់​ថ្ងៃ​ចន្ទ​បាន​បញ្ចេញ​រូបថត​របស់​បុរស​ដែល​ពួកគេ​ពណ៌នា​ថា​ជា​បុរស​ស្បែក​ខ្មៅ​កម្ពស់​ទាប​ពាក់​ម៉ាស់ ស្បែកជើង​ក្រហម អាវ​ខូវប៊យ​និង​មួក​កីឡា​​បេ​ស្ប​ល​។​

​លោក គ្រីស រ៉ូ​ស្មាន់ (Chris Rozman)​នាយប៉ូលីស​នៅ​ប៉ុស្តិ៍ប៉ូលីស​សាកលវិទ្យាល័យ​រដ្ឋ​មី​ស៊ី​ហ្គែ​ន បាន​និយាយថា “​សូម​ស្នាក់នៅ​តែ​ក្នុងផ្ទះ​”​។​

​លោក​រ៉ូ​ស្មា​ន់បាន​និយាយថា ឧបទ្ទវហេតុ​នេះ​បាន​ចាប់ផ្តើម​នៅ​ម៉ោង ៨៖១៨ នាទី​យប់​នៅ​អគារ Berkey Hall ក្នុង​បរិវេណ​សាលា​។​

“​ពួក​យើង​បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​ក្នុងពេល​តែ​ប៉ុន្មាន​នាទី ហើយ​នៅ​ទីនោះ យើង​បាន​រក​ឃើញ​ជនរងគ្រោះ​ពី​ការបាញ់ប្រហារ​ជាច្រើន​នាក់​”​។​

“​ឧបទ្ទវហេតុ​នេះ​បាន​រំកិល​ទៅ​អគារ​មួយ​ទៀត​នៅ​ជិត​នោះ គឺ អគារ​សហភាព​រដ្ឋ​មី​ស៊ី​ហ្គែ​ន ជា​កន្លែង​ដែល​មាន​របាយការណ៍​មួយ​ផ្សេង​ទៀត​អំពី​ការបាញ់ប្រហារ​ភ្លាមៗ​បន្ទាប់​ពី​របាយការណ៍​នៃ​ឧបទ្ទវហេតុ​ដំបូង​”​។​

​គេ​មិនដឹង​ច្បាស់​ទេ​ថា​តើ​ករណី​ស្លាប់​ម្នាក់​នោះ​បាន​កើតឡើង​នៅទីណា​។​

​លោក​រ៉ូ​ស្មា​ន់បាន​និយាយថា​មាន​ការឆ្លើយតប​យ៉ាង​លើស​សលប់​ពី​សំណាក់​ប៉ូលីស​ចំពោះ​ការបាញ់ប្រហារ​នេះ​។​

​លោក​បាន​និយាយថា​មាន​ជនសង្ស័យ​ម្នាក់ ហើយ​រូបគេ​ត្រូវ​បាន​ឃើញ​ចុងក្រោយ​គឺ​ចាក​ចេញពី​អគារ MSU Union ដោយ​ថ្មើរជើង​នៅ​ផ្នែក​ខាងជើង​នៃ​អគារ​នេះ​៕

​ជនសង្ស័យ​កំពុង​រត់គេចខ្លួន ជា​ជន​ស្បែក​ខ្មៅ​កម្ពស់​ទាប ពាក់​ម៉ាស់ ស្បែកជើង​ក្រហម អាវ​ខូវប៊យ និង​មួក​កីឡា​បេ​ស្ប​ល