ដោយ៖ដេប៉ូ/សៀមរាប៖សួនផ្កាឈូករត្នចំនួន២ហិកតា ដែលកំពុងបញ្ចេញផ្កាយ៉ាងស្រស់ស្អាត និងមើលទៅកំពុងទាក់ទាញភ្នែកអ្នកទេសចរពីទីជិតឆ្ងាយចូលកម្សាន្តបានធ្វើឱ្យតំបន់ទេសចរណ៍នៅបរិវេណ មជ្ឈមណ្ឌល ស្រាវជ្រាវ និង អភិរក្សសួនកេសរកូល(ផ្កាអ័រគីដេ) សុខអាន ភ្នំគូលែនមានភាពទាក់ទាញភ្ញៀវទេសចរចូលកម្សាន្តកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
គួរបញ្ជាក់ថាមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសកូលសុខអានភ្នំគូលែនស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្ត សៀមរាបពោលគឺស្ថិតនៅជើងភ្នំគូលែន ក្បែរ ច្រកចូលឡើងទៅ លើ រមណីយដ្ឋានខ្នងភ្នំគូលែន។សួនផ្កា ឈូករត្ន ដ៏ស្រស់ស្អាតទាំងនេះត្រូវបានគេដាំយ៉ាងមានរបៀបរៀបរយ និងកំពុងបញ្ចេញសម្រស់យ៉ាងស្រស់ស្អាត ហើយកាលបើអ្នកទេសចរបានទៅដល់ហើយគេមិនភ្លេចចូលកម្សាន្តនិងផ្តិតរូបភាពសម្រាប់ទុកជាអនុស្សាវរីយ៍សោះឡើយ។
លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួលបន្ទុកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សសួនកេសរកូល សុខអាន ភ្នំគូលែនបានថ្លែងឱ្យដឹងថា គិតរហូតមកដល់លពេលនេះ ផ្កាឈូករត្ឋ ដ៏ស្រស់ស្អាតនេះត្រូវបានទាក់ទាញភ្ញៀវទេសចរចូលកម្សាន្ត និងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាសហគមន៍ក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពតាមរយៈវិស័យទេសចរណ៍ជាបន្តបន្ទាប់។
លោកស្រីបានបញ្ជាក់ថា៖មូលហេតុដែលក្រសួងបរិស្ថាន និងមជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិរក្សសួនកេសរកូល សុខអាន ភ្នំគូលែនជ្រើសរើសដាំផ្កាឈូករត្ននេះឡើង ហើយមិនជ្រើសរើសដាំផ្កាផ្សេងទៅវិញ ទាំងនេះដោយសារថាផ្កាឈូករត្ន មានសារៈសំខាន់៣យ៉ាងដែលយើងមិនអាចមើលរំលងបានទី១គឺផ្កាប្រភេទនេះវាបានផ្តល់នូវសម្រស់ជាងគេដោយសារវាមានផ្កាធំប្រកបទៅដោយភាពស្រស់ឆើតឆាយអាចទាក់ទាញភ្នែកទេសចរដែលទោះអស់កម្លាំងបែបណា ពេលបានឃើញផ្កាទាំងនេះហើយ ក៏មានអារម្មណ៍ស្រស់ស្រាយដែរ។ហេតុនេះវាបានក្លាយជាទីទាក់ទាញដល់ភ្ញៀវទេសចរណ៍ចូលកម្សាន្ត ដើម្បីធ្វើយ៉ាងណាផ្សារភ្ជាប់រវាងទេសចរន៍និងទឹកដី ។ សម្រាប់សារៈសំខាន់ទី២គឺដោយសារផ្កាឈូករដ្ឋបានផ្តល់នូវលំអងទាក់ទាញនូវសត្វល្អិតពិសេសសត្វឃ្មុំ ដែលសត្វទាំងអស់នេះជាអ្នកនាំលម្អងសម្រាប់ពង្រីក ក៏ដូចជាបង្កាត់ពូជដល់រុក្ខជាតិនិងដើមឈើដទៃទៀត។កម្ពុជាពឹងផ្អែកទៅលើកសិកម្ម យើងត្រូវគិតមើលបើអត់សត្វល្អិតទាំងអស់នេះថាតើយើងនឹងខាតប៉ុនណាដែរ។
លោកស្រីបានថ្លែងដែរថាសម្រាប់សារៈសំខាន់ទី៣វិញគឺដោយសារតែ គ្រាប់ផ្កាឈូករដ្ឋមានវីតាមីនច្រើន មានប្រូតេអ៊ីនខ្ពស់ និងអាចព្យាបាលជំងឺផ្សេងៗដូច្នេះហើយគោលគំនិតរបស់ក្រសួងបរិស្ថានពិសេស លោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន ចង់ឃើញពលរដ្ឋដាំផ្កាឈូករដ្ឋនៅតាមផ្ទះ និងមានគ្រាប់ផ្កានេះ ហូបជាអាហារសម្រាប់បំប៉នសុខភាព ។ផ្កាទាំងអស់នេះងាយដាំទេ យើងដាំហើយយកគ្រាប់វាមកលីងសម្រាប់ជំនួយដល់សុខភាពផងនិងអាហាររូបបឋមផ្សេងៗផង។
ជាមួយគ្នានេះលោកបានបញ្ជាក់បន្ថែមថាផ្កាឈូករត្ននេះត្រូវបានដាំទំហំចំនួន២ហិកតា ហើយបើយើងមើលពីលើវិញគេនឹងឃើញរូបរាងជាអក្សរគូលែនដែលតំណាងឱ្យទីតាំងកន្លែងភ្នំគូលែនតែម្តង។សម្រាប់ផ្តាឈូករត្ននេះក្នុងរយៈពេលត្រឹមតែ៣ខែគឺបានទទួលផលហើយដែរ។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ថាមជ្ឈមណ្ឌលមួយនេះ ត្រូវបានគេរៀបចំនូវផែនការមេ១៦តំបន់ ។ក្រៅពីនេះមជ្ឈមណ្ឌលនេះ ក៏កំពុងបានប្រែក្លាយជាការបែងចែកតំបន់អភិវឌ្ឍន៍ ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន, ការសិក្សាស្រាវជ្រាវ, ការអប់រំផ្សព្វផ្សាយ, ការរៀបចំចិញ្ចឹមសត្វ និងយន្តការអភិវឌ្ឍន៍។
លោកបានមានប្រសាសន៍ថា”នៅមជ្ឈមណ្ឌលនេះគឺជាទីកន្លែងប្រមូលផ្តុំ ថែរក្សា ការពារ ក្នុងនេះមានទាំងប្រភេទកេសរកូល ពូជរុក្ខជាតិ ដំណាំ ផ្សេងៗដែលយើងត្រូវការថែរក្សាឱ្យបានគង់វង្សនិងឈានដល់ការផ្សព្វផ្សាយនិងចែករំលែកដល់សហគមន៍។
លោករដ្ឋលេខាធិការបានថ្លែងដែរថា គោលដៅរបស់ក្រសួងបរិស្ថានក្នុងការការពារបាននូវធនធានធម្មជាតិ គឺការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ដើម្បីឱ្យពួកគាត់មានមុខរបរ មានចំណូល មានការងារ ដែលពួកគាត់ ឈប់ពឹងពាក់ទៅលើធនធានធម្មជាតិពោលគឺពួកគាត់មានជម្រើសថ្មីសម្រាប់កសាងជីវភាពថ្មីដែលរឹងមាំ និង មាននិរន្តរភាព៕/PC