ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ដើម្បីលើកកម្ពស់ការបង្រៀនភាសាខ្មែរ និងការយល់ដឹង ពីវប្បធម៌ និងអរិយធម៌ខ្មែរ ដល់សិស្សានុសិស្ស ដែលមានសញ្ជាតិខ្មែរ ចាប់ពីឆ្នាំសិក្សា ២០២២ -២០២៣ នេះតទៅ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំ ដល់គ្រប់ “គ្រឹះស្ថានសិក្សា ចំណេះទូទៅឯកជន ត្រូវលើកកម្ពស់ការសិក្សាភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ ។
សម្រាប់សេចក្តីណែនាំនេះ បានបញ្ជាក់ដូចខាងក្រោម៖៖
១. តម្រូវឱ្យសិស្សានុសិស្ស ដែលមានសញ្ជាតិខ្មែរ ជ្រើសរើសមុខវិជ្ជាភាសាខ្មែរ ជាមុខវិជ្ជាកាតព្វកិច្ច។
២. គ្រឹះស្ថានសិក្សា ត្រូវរៀបចំ និងបង្រៀនមុខវិជ្ជាចំណេះដឹងទូទៅ ស្តីពីវប្បធម៌ និងអរិយធម៌ខ្មែរ។
៣. គ្រឹះស្ថានសិក្សា ត្រូវដាក់បញ្ចូលកម្មវិធីសិក្សា មុខវិជ្ជាភាសាខ្មែរ និងមុខវិជ្ជាវប្បធម៌ និងអរិយធម៌ខ្មែរ ក្នុងម៉ោងសិក្សារបស់ គ្រឹះស្ថាន សិក្សា តាមការកំណត់ដែលមានចែង ក្នុងលិខិតបទដ្ឋានគតិយុត្ត ដោយឡែករបស់ក្រសួងអប់រំ យុវជន និងកីឡា។
ទទួលសេចក្ដីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ ដើម្បីចូលរួមអនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់៕ V / N