ដោយៈ បាយ័ន/ សៀមរាបៈ នគរបាលស្រុកពួក បានឃាត់ខ្លួនបុរសម្នាក់ ដែលបានមួលកសម្លាប់ចៅប្រុស ដោយសារតែចិត្តខឹងចៅប្រុស យកដៃលូកលេងព្រីភ្លើង។ នគរបាល បានឃាត់ខ្លួនបុរសនោះ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បាននិយាយថាៈជនសង្ស័យ ជាជីតាបង្កើត ដែលមួលក សម្លាប់ចៅប្រុសនោះ មានឈ្មោះ ថ្ម ក្រាក់ អាយុ ៥២ ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ទេព ពុំសែន បាននិយាយថាៈ ជននេះ បានជាប់ពាក់ព័ន្ធបទល្មើសជាក់ស្តែង ករណីឃាតកម្ម កើតហេតុ កាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣ ស្ថិតនៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

លោកបានបញ្ជាក់ថាៈ បើតាមអង្គហេតុ គឺនៅវេលាម៉ោង១៨ និង១៥នាទី ថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ទទួលបានព័ត៌មានថា មានករណីក្មេងលង់ស្រះទឹក ត្រង់ចំណុចភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ថាមានសាកសពកុមារាម្នាក់ឈ្មោះ តាំ រតនា ឆ្នាំកំណើត ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

ដោយមានការសង្ស័យថា មានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ច ក៏បានណែនាំដល់ក្រុមគ្រួសារ រក្សាសាកសព ដើម្បីសុំឲ្យសមត្ថកិច្ចនគរបាលជំនាញ និងគ្រូពេទ្យចុះពិនិត្យ ឲ្យបានច្បាស់លាស់ តាមនីតិវិធី។

បន្ទាប់មក នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបបច្ចេកទេសវិទ្យាសាស្ត្រ និងក្រុមគ្រូពេទ្យ បានសហការជាមួយកម្លាំងនគរបាលស្រុកពួក ចុះដល់ទីតាំងខាងលើ ពិនិត្យសាកសព និងពិនិត្យវិភាគកន្លែងកើតហេតុ នៅចំណុចស្រះទឹក ស្ថិតនៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដែលមានចម្ងាយពីផ្ទះសព ប្រហែល ២៥០ ម៉ែត្រ។ សាកសព បានបាក់កមានស្នាមជាំ ក្រោមត្រចៀកខាងស្តាំ, ឆ្អឹងស្មាទាំងសងខាង ភ្លាត់ចេញពីគ្នា, ស្នាមជាំក្រោមឆ្អឹងជំនីខាងស្តាំ និងមានលាមក ចេញតាមរន្ធគូទ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ថ្ម ក្រាក់ បានសារភាពថាៈ ខ្លួនពិតជាបានជ្រុលដៃសម្លាប់ជនរងគ្រោះ ខាងលើពិតមែន ព្រោះខឹងរូបគេយកលូកព្រីភ្លើងលេង។

ជនសង្ស័យ បានរៀបរាប់ថាៈ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខ្លួនបានចូលទៅក្នុងផ្ទះដេកលេងទូរស័ព្ទជាមួយចៅ ឈ្មោះ តាំ រតនា លុះដល់វេលាម៉ោងប្រហែល ១៦ និង០០នាទី ចៅប្រុសឈ្មោះ តាំ រតនា បានទំលាក់ទូរស័ព្ទចោល ហើយយកដៃទៅលូកលេងព្រីភ្លើងដូចថ្ងៃមុន ខ្លួនក៏ចាប់កន្ត្រាក់ខ្សែភ្លើងចេញពីដៃរបស់គេ ព្រោះខ្លាចឆក់ ។ ដោយមានកំហឹង ខ្លួនបានយកខ្សែភ្លើងបត់ជាពីរ វាយលើដងខ្លួនចៅ ចំនួន ២ខ្សែភ្លើង ហើយគចៅ បានស្រែកយំ ខ្លួនបានទះចំក្រោមថ្គាម និងដងករបស់ចៅ ផ្នែកខាងស្តាំ មួយទំហឹង ហើយចៅ នៅតែយំខ្លាំងៗ ខ្លួនក៏យកដៃទាំងសងខាង ចាប់ក្បាលរបស់ចៅ មួលបង្វិលទៅផ្នែកខាងឆ្វេង ។ ស្របពេលនោះ ខ្លួនក៏យកដៃទាំងសងខាង លូកចាប់ដៃរបស់ចៅទំាងសងខាង ចំណុចក្រោមក្លៀកកន្ត្រាក់ឡើងលើ ហើយបោះទៅលើពូក ដែលមានចម្ងាយពីខ្លួនប្រហែល ១,៥ ម៉ែត្រ ភ្លាមនោះ ចៅក៏សន្លប់បាត់សម្លេងឈឹង។ នៅពេលស្ទាបមើល ឃើញថា ចៅប្រុសឈ្មោះ តាំ រតនា នៅមានដង្ហើម ដោយមានការភ័យ ខ្លាចអ្នកផ្ទះ និងអ្នកជិតខាងដឹងរឿង ទើបខ្លួនលើកបីចៅ ដោយប្រើដៃខាងស្តាំ ទ្រផ្នែកខាងក្រោម និងដៃខាងឆ្វេង ទប់ក្បាលត្រកង ក្បាលចៅ ឲ្យកើយលើស្មាខាងស្តាំ យកទៅទំលាក់នៅក្នុងទឹកស្រះ ដែលស្ថិតនៅចម្ងាយពីផ្ទះប្រហែល ២៥០ ម៉ែត្រ រួចត្រឡប់មកផ្ទះវិញធ្វើធម្មតាដូចមិនមានរឿងអ្វីកើតឡើង លុះវេលាម៉ោង១៧ និង៣០នាទី ស្រាប់តែប្រពន្ធផ្អើលឆោឡោថា បាត់ចៅប្រុស គេក៏ដើរក និងទៅស្រង់ចៅចេញពីទឹកស្រះ យកមកផ្ទះវិញ។

គួរបញ្ជាក់ថា ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ មានភាពស៊ីសង្វាក់ ទៅនឹងស្លាកស្នាម នៃដងខ្លួន និងអវយវៈសាកសពនគរបាលបានសំរេចអនុវត្តន៍ តាមនីតិវិធីច្បាប់តែម្តង៕ V / N