ដោយ: ពៅនិមល / ភ្នំពេញ៖ នៅទីស្ដីការក្រសួង កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី១ លើការពិនិត្យលទ្ធភាពចុះអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន អាលីបាបា (Alibaba) ក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអនឡាញបរទេស។
តាមក្រសួងពាណិជ្ជកម្ម បានឲ្យដឹងក្នុងបណ្តាញសង្គមថាៈ នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ក្នុងការដឹកនាំប្រជុំដោយផ្ទាល់ និងបានស្នើឱ្យក្រសួងពាក់ព័ន្ធ ចូលរួមពិភាក្សា និងផ្ដល់ធាតុចូលបន្ថែម លើការពិនិត្យលទ្ធភាព ចុះអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba។
លោករដ្ឋមន្រ្តី បានបន្តថាៈ ក្រសួងពាណិជ្ជកម្មបានខិតខំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន Alibaba ដោយមានការចូលរួម ពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ ហើយជាលទ្ធផលបឋម ក្រុមការងារ បានចូលរួមប្រជុំ ចំនួនបីលើក ជាមួយក្រុមហ៊ុន Alibaba រហូតដល់ឈានដល់ការសម្រេច នូវសេចក្ដីព្រាង អនុស្សរណៈនៃការយោគយល់គ្នានេះ។ ទន្ទឹមនឹងការត្រៀមចូល eWPT របស់ Alibaba ក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិស័យឯកជន ដោយបាននាំចេញផ្លៃមៀន ទៅប្រទេសចិន ដោយដាក់លក់ នៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Alibaba ដែលជាលទ្ធផល ត្រឹមតែរយៈពេលតែ ៣ ថ្ងៃប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជា លក់បានរហូតដល់ ១៨ តោន។
នៅកិច្ចបញ្ចប់ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការផ្តល់មតិគាំទ្រ ក៏ដូចជា ការផ្ដល់ធាតុចូលសំខាន់ៗបន្ថែម ពីគ្រប់ភាគីពាក់ព័ន្ធ និងបានផ្ដល់អនុសាសន៍ ដល់ក្រុមការងារ ដើម្បីបន្តផ្ដល់នូវធាតុចូលបន្ថែម និងរៀបចំកិច្ចប្រជុំបន្តបន្ទាប់ដើម្បីជម្រុញឱ្យការចូល eWPT បានឆាប់រហ័ស ស្របតាមយុគសម័យឌីជីថល៕/V-PC
រូបភាព៖ ហ្វេសប៊ុក