ដោយ: ពៅនិមល / ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ឡានតុន ក្លៅដ៏ សឺវីស ថេកណឡជី ឯ.ក ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក នៅកម្ពុជា ព្រមទាំងជំរុញដល់ការផ្សព្វផ្សាយ ផលិតផលរបស់កម្ពុជា សម្រាប់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទៅកាន់ពិភពលោក។

ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ បានធ្វើឡើង នៅទីស្តីការក្រសួង ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួម ពីមន្រ្តីថ្នាក់ជាន់ខ្ពស់នៃក្រសួង, លោកបណ្ឌិត លី គន់ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនខាងលើ និងសហការី ព្រមទាំងមន្ត្រីរាជការ ក្រោមឱវាទក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។

ក្រសួងពាណិជ្ជកម្ម នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានសសេរថាៈ នៅក្នុងពិធីនាឱកាសនោះ លោករដ្ឋមន្រ្តី បានលើកឡើងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងពាណិជ្ជកម្ម ក្នុងការកសាងភាពជាដៃគូ រវាងរដ្ឋ និងឯកជន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងជំរុញការផ្សព្វផ្សាយ ផលិតផលកម្ពុជាសម្រាប់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទៅកាន់ពិភពលោក ហើយតាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ នឹងបង្កើតឱ្យមានការតភ្ជាប់ រវាងប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួងពាណិជ្ជកម្ម ជាមួយនឹង Platform ដែលបង្កើតដោយវិស័យឯកជន ក្រោមកម្មវិធី Lanton Cloud ក្នុងការជំរុញឱ្យផលិតផលរបស់កម្ពុជា មានលទ្ធភាពពង្រីក ទៅកាន់ទីផ្សារក្រៅប្រទេស ឱ្យកាន់តែទូលំទូលាយថែមទៀត។

លោក ប៉ាន សូរស័ក្តិ បានលើកឡើងបន្តថាៈផ្អែកតាមគោលនយោបាយ នៃរាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជា ២០២១ -២០៣៥ ព្រមទាំងយុទ្ធសាស្រ្តពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម បានអភិវឌ្ឍវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងសម្រេចនូវសមិទ្ធផលជាច្រើន ដែលក្នុងនោះ រួមមាន៖ ទី១.ការអនុម័ត និងប្រកាសឱ្យប្រើច្បាប់ ស្តីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមកនេះ ដែលក្របខណ្ឌគោលនយោបាយ និងលិខិតបទដ្ឋានច្បាប់ទាំងអស់នេះ បានផ្តល់ជាមូលដ្ឋានគតិយុត្ត សម្រាប់គាំទ្រដល់ការអភិវឌ្ឍ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ទី២.ការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងឆ្នាំ២០២២ និងទី៣.ការចូលរួមចរចា ក្នុងជំពូកស្តីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងតំបន់ (RCEP) ហើយដាក់ឱ្យអនុវត្តនៅដើមឆ្នាំ២០២២ ផងដែរ។ លើសពីនេះ ក្រសួងពាណិជ្ជកម្ម ក៏បាននឹងកំពុងបន្តកិច្ចសហការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីកែលម្អនូវហេដ្ឋរចនាសម្ព័ន្ធ ផ្នែកឌីជីថល និងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ។
បន្ថែមពីនេះ ក្រោមគម្រោង Enhanced Integration Framework (EIF) លោករដ្ឋមន្រ្តី បានបញ្ជាក់ថាៈ ក្រសួងពាណិជ្ជកម្ម បានបង្កើតថ្នាល សម្រាប់ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (Go4eCam) ដែលបច្ចុប្បន្ន បានទទួលនូវការចុះបញ្ជី និងការគាំទ្រយ៉ាងច្រើន ពីវិស័យឯកជន និងបានសម្រួលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោកផងដែរ។

នៅកិច្ចបញ្ចប់ លោករដ្ឋមន្រ្តី បានបង្ហាញនូវក្ដីរំពឹងថាៈ តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ នឹងរួមចំណែក្នុងការជំរុញការងារ ពាក់ព័ន្ធនឹងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេស គឺការពង្រីកទីផ្សារ សម្រាប់ផលិតផលកម្ពុជា ការការពារអ្នកប្រើប្រាស់ ការទាញយកប្រយោជន៍ ពីបរិវដ្តកម្ម (Transformation of Digitalization) និងបដិវត្តន៍ឧស្សាហកម្មទី៤ (Industrial Revolution 4.0) ក៏ដូចជាការកសាងសមត្ថភាព របស់មន្រ្តីរាជការក្រសួងពាណិជ្ជកម្ម សម្រាប់ការប្រឡូក ក្នុងកិច្ចចរចាផ្នែកពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ឱ្យកាន់តែប្រសើឡើងបន្ថែមទៀត៕/V-PC

រូបភាព៖ ក្រសួង