ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យសម្ពន្ធមិត្តប្រញាប់បញ្ជូនជំនួយយោធាបន្ថែមទៀតអោយបានលឿនខណៈបណ្តារដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូនឹងជួបប្រជុំគ្នានៅថ្ងៃពុធទី១៥កុម្ភៈនេះ ហើយរុស្ស៊ីកំពុងបាញ់ផ្លោងជ្រំលើខ្សែត្រៀមជួរមុខនៅភាគខាងកើត ក្នុងអ្វីដែលហាក់ដូចជាការចាប់ផ្តើមការវាយលុកថ្មីមួយ។
ការបាញ់កាំភ្លើងធំរបស់រុស្ស៊ីភាគច្រើនគឺផ្តោតលើទីក្រុងបាឃ្មុត (Bakhmut)ជាទីក្រុងរងគ្រាប់ផ្លោងជោគជាំក្នុងខេត្តដូណិតសខ៍ និងជាគោលដៅសំខាន់របស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ ទាហានអ៊ុយក្រែននៅទីនោះបានពង្រឹងទីតាំងរួចជាស្រេចសម្រាប់ត្រៀមការប្រយុទ្ធគ្នាតាមដងផ្លូវឆាប់ៗ។
ការដណ្តើមបានទីក្រុងបាឃ្មុតនឹងផ្តល់ប្រៀបសម្រាប់រុស្ស៊ីដើម្បីរុលទៅកាន់ទីក្រុងធំពីរទៀតរបស់ខេត្តដូណិតសខ៍ គឺ ទីក្រុងក្រាម៉ាថ័រសខ៍ (Kramatorsk) និងទីក្រុងស្លូវីយ៉ានសខ៍ (Sloviansk) ហើយនឹងផ្តល់សន្ទុះដល់រដ្ឋាភិបាលក្រុងមូស្គូ បន្ទាប់ពីរងបរាជ័យក្នុងសមរភូមិជាច្រើនខែ ក្រោយការលុកលុយរបស់ខ្លួនកាលពីខែកុម្ភៈឆ្នាំមុន។
ក្រុមរដ្ឋមន្ត្រីការពារជាតិរបស់ណាតូកំពុងជួបប្រជុំគ្នានៅទីក្រុងព្រុចសែលដើម្បីពិភាក្សាអំពីសង្គ្រាមនិងការស្តុកអាវុធ។ លោកហ្សេលេនស្គីបាននិយាយថារុស្ស៊ីកំពុងប្រញាប់ប្រញាល់សម្រេចជោគជ័យឱ្យបានច្រើនតាមដែលអាចធ្វើបានជាមួយនឹងការវាយសម្រុកចុងក្រោយរបស់ខ្លួន មុនពេលអ៊ុយក្រែននិងសម្ពន្ធមិត្តអាចប្រមូលកម្លាំងបាន។
លោកបាននិយាយក្នុងសុន្ទរកថាវីដេអូពេលល្ងាចថា “នោះហើយជាមូលហេតុដែលល្បឿនគឺជារឿងសំខាន់”។
“ល្បឿនគឺមាននៅក្នុងគ្រប់អ្វីៗទាំងអស់ ដូចជា ការធ្វើសេចក្តីសម្រេចចិត្ត ការអនុវត្តការសម្រេចចិត្ត ការផ្គត់ផ្គង់ការដឹកជញ្ជូន ការបណ្តុះបណ្តាល។ ល្បឿនជួយជីវិតមនុស្សល្បឿននាំមកនូវសន្តិសុខឡើងវិញ ហើយខ្ញុំសូមអរគុណដៃគូរបស់យើងទាំងអស់ដែលបានដឹងថា ល្បឿនមានសារៈសំខាន់”។
អ៊ុយក្រែនកំពុងប្រើគ្រាប់ផ្លោងលឿនជាងលោកខាងលិចអាចផលិតវាទៅទៀត។
រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន បាននិយាយថា លោករំពឹងអ៊ុយក្រែនចាប់ផ្តើមការវាយលុករបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីនៅនិទាឃរដូវហើយសម្ពន្ធមិត្តរបស់រដ្ឋាភិបាលក្រុងគៀវកំពុងធ្វើការដើម្បីធានាថា ពួកគេមានរថពាសដែក កាំភ្លើង និងភស្តុភារ ដើម្បីធ្វើឱ្យអ៊ុយក្រែនប្រយុទ្ធមានប្រសិទ្ធភាព។
លោកអូស្ទីនបានប្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិថា “អ៊ុយក្រែនមានតម្រូវការបន្ទាន់ដើម្បីជួយឱ្យខ្លួនបំពេញបាននូវកាលៈទេសៈដ៏សំខាន់នៅក្នុងដំណើរការនៃសង្គ្រាម។ យើងជឿថានឹងមានឱកាសសម្រាប់ពួកគេដើម្បីអនុវត្តគំនិតផ្តួចផ្តើមនេះ”។
ប្រមុខអង្គការណាតូ លោក ជែន ស្តូលធិនបឺក (Jens Stoltenberg) បាននិយាយថា លោកពូទីន “កំពុងត្រៀមសម្រាប់សង្គ្រាមបន្ថែមទៀត សម្រាប់ការវាយលុកថ្មី និង ការវាយប្រហារថ្មីៗ”។
ខណៈខួបលើកទីមួយនៃការលុកលុយរបស់រុស្ស៊ីជិតចូលមកដល់ វិមានក្រឹមឡាំងបានបង្កើនប្រតិបត្តិការនៅទូទាំងតំបន់ភាគខាងត្បូងនិងខាងកើតអ៊ុយក្រែន ហើយការវាយលុកថ្មីដ៏សំខាន់មួយត្រូវគេរំពឹងទុកយ៉ាងទូលំទូលាយ៕
ទាហានកំពុងបាញ់បេដាក់ទីតាំងទាហានរុស្ស៊ីនៅតំបន់ដូណិតសខ៍កាលពីថ្ងៃទី១៤កុម្ភៈ