ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ គូថេរ៉េស បានព្រមានកាលពីថ្ងៃអង្គារទី១៤កុម្ភៈថា កម្រិតទឹកសមុទ្រនឹងកើនឡើងយ៉ាងខ្លាំង បើទោះបីជាការឡើងកម្តៅផែនដីត្រូវបានកំណត់ ត្រឹម ១,៥ អង្សាសេក៏ដោយ ហើយបាននិយាយថា ផែនដីទំនងជាស្ថិតលើផ្លូវឆ្ពោះទៅរកការឡើងកម្តៅខ្លាំង ដែលស្មើនឹង “ការកាត់ទោសប្រហារជីវិត” សម្រាប់បណ្តាប្រទេសងាយរងគ្រោះពីការឡើងកម្រិតទឹកសមុទ្រ។
ប្រមុខអ.ស.បបាននិយាយថា រាល់ការប្រែប្រួលនៃកម្រិតអង្សាសេគឺសុទ្ធតែមានផលប៉ះពាល់ ដោយហេតុថាការកើនឡើងនីវ៉ូទឹកសមុទ្រអាចកើនទ្វេដង ប្រសិនបើសីតុណ្ហភាពកើនឡើង ២អង្សាសេហើយនឹងកើនឡើងជាលំដាប់នៅពេលសីតុណ្ហភាពកើនបន្ថែមទៀត។ លោកបាននិយាយបែបនេះនៅឯការបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអ.ស.បស្តីពីការកើនឡើងកម្ពស់ទឹកសមុទ្រ ដែលចូលរួមពីប្រទេសចំនួន ៧៥ ហើយបាននិយាយថាក្រុមប្រឹក្សានេះមានតួនាទីសំខាន់ក្នុងការកសាងការគាំទ្រសម្រាប់សកម្មភាពដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
លោកបានបន្ថែមថា នៅក្រោមសេណារីយ៉ូណាមួយ ប្រទេសដូចជាបង់ក្លាដែស ចិន ឥណ្ឌា និងហូឡង់ សុទ្ធតែប្រឈមនឹងហានិភ័យ ហើយទីក្រុងធំៗនៅគ្រប់ទ្វីបទាំងអស់នឹងប្រឈមមុខនឹងផលប៉ះពាល់ធ្ងន់ធ្ងរ រួមមាន ទីក្រុងគែរ ទីក្រុងឡាហ្គោស (Lagos) ទីក្រុងម៉ាពូតូ (Maputo) ទីក្រុងបាងកក ទីក្រុងដាក្កា ទីក្រុងហ្សាការតា ទីក្រុងមុំបៃ ទីក្រុងសៀងហៃ ទីក្រុងកូប៉ិនហាក ទីក្រុងឡុងដ៍ ទីក្រុងឡូសអាន់ជេឡេស ទីក្រុងញូវយ៉ក ទីក្រុងប៊ុយណូស៊ែរ និងទីក្រុងសាន់ទីអាហ្គោ (Santiago)។
អង្គការឧតុនិយមពិភពលោក (WMO) បានចេញផ្សាយតួលេខកាលពីថ្ងៃអង្គារទី១៤កុម្ភៈ ដែលដកស្រង់ដោយលោកគូថេរ៉េស យ៉ាងដូច្នេះថា កម្រិតទឹកសមុទ្រជាមធ្យមលើពិភពលោកនឹងកើនឡើងប្រហែល ២ ទៅ ៣ ម៉ែត្រក្នុងរយៈពេល ២.០០០ ឆ្នាំខាងមុខ ប្រសិនបើកម្តៅត្រូវបានកំណត់ត្រឹម ១,៥ អង្សាសេ។ ជាមួយនឹងការកើនឡើង ២ អង្សារសេ សមុទ្រអាចកើនឡើងដល់ ៦ ម៉ែត្រ ហើយជាមួយនឹងការកើនឡើង ៥ អង្សារសេ សមុទ្រអាចកើនឡើងដល់ ២២ ម៉ែត្រ នេះបើយោងតាមអង្គការ WMO ។
លោកគូថេរ៉េសបាននិយាយថា “ពិភពលោករបស់យើងកំពុងបោះពួយហួសពីដែនកំណត់កម្តៅ ១,៥ អង្សាសេ ដែលអនាគតអាចរស់នៅបានតម្រូវ ហើយជាមួយនឹងគោលនយោបាយបច្ចុប្បន្ន កម្តៅនឹងឈានដល់ ២,៨ អង្សាសេ ដែលជាការកាត់ទោសប្រហារជីវិតសម្រាប់ប្រទេសងាយរងគ្រោះ”។
លោកគូថេរ៉េសបាននិយាយថា គ្រោះថ្នាក់គឺធ្ងន់ធ្ងរជាពិសេសសម្រាប់មនុស្សជិត ៩០០ លាននាក់ដែលរស់នៅក្នុងតំបន់ឆ្នេរទាបៗ ឬ គ្រោះថ្នាក់សម្រាប់មនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០ នាក់នៅទូទាំងពិភពលោក៕
បុរសម្នាក់កំពុងដើរនៅតំបន់ទឹកលិចនៅជ្វាកណ្តាល ប្រទេសឥណ្ឌូនេស៊ី