រថយន្ត​ធុន​ធំ​បើក​បុក​បង្គោល​ភ្លើង​នៅ​ផ្លូវ​ណត​ប្រី​ត​តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​

1209
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ធុន​ធំ​សណ្ដោង​កុង​ទី​ន័​រ​មួយគ្រឿង​បាន​បើក​ទៅបុក​បង្គោល​ភ្លើង​ធំៗ​ដែល​បន្សល់​ទុកចោល​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​បណ្ដាលឱ្យ​រថយន្ត​ខ្ទេច​ផ្នែក​ខាងមុខ​ស្ទើ​តែ​ទាំងស្រុង​តែ​តៃកុង​រងរបួស​បន្តិចបន្តួច​។​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​នៅក្នុង​សង្កាត់​អូរ​បែកក្អម​ខណ្ឌ​សែន​សុខ​ភ្នំពេញ​កាលពី​វេលា​ម៉ោង​៣:៤០​នាទី​ទាបភ្លឺ ឈាន​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨​។

​តាម​ឯកសារ​ដែល​ជ្រុះ​ពីលើ​រថយន្ត​នោះ​គឺ រថយន្ត​ធុន​ធំ​សណ្ដោង​កន្ទុយ​កុងតឺន័រ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-7071 ជា​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន PH PLUS LOGISTICS Co.,Ltd​បើកបរ​ដោយ​ឈ្មោះ យ៉​ន ភេទ​ប្រុស បាន​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​។
​ប្រភពព័ត៌មាន​បាន​ប្រាប់​ឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ធុន​ធំ​មួយគ្រឿង​ដែល​សណ្ដោង​កន្ទុយ​កុង​ទី​ន័​រ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-7071 បើកបរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​តែ​ដោយសារតែ​ស្ថានភាព​ផ្លូវ​រៀង​ងងឹត​ផង មេឃ​កំពុង​រលឹម​ភ្លៀង​ផង និង​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ធំៗ​ដែល​បន្សល់​ទុកចោល​ពេញទំហឹង​តែម្ដង ។

​ប្រភព​ដដែល​បាន​បន្តថា ឃើញ​សភាព​មិន​ស្រួល បុរស​ដែលជា​អ្នកបើកបរ​រថយន្ត បាន​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​មុន​សមត្ថកិច្ច​ចុះមក​ដល់ ។

ក្នុងករណីនេះ​មន្ត្រី​អាជ្ញាធរ​អគ្គិសនី​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែងថា អ្នកបច្ចេកទេស​មួយក្រុម​បាន​ចុះ​ត្រួតពិនិត្យ​ដល់ទី​តាំង​កាលពី​ថ្ងៃទី​៣០ ខែមេសា ២០១៨ ដើម្បី​ឈានទៅ​ធ្វើការ​អនុវត្ត និង​រុះរើ​បង្គោល​ភ្លើង​នៅ​ដើមខែ​ឧសភា ២០១៨​។​ខណៈ​បណ្ដាញ​អគ្គិសនី ដែល​គ្រោង​រុះរើ​នោះ គឺជា​បណ្ដាញ​តង់ស្យុង​ខ្ពស់ ១១៥​គីឡូវ៉ុល​។

ដូច្នេះ​អាច​រង​ផលប៉ះពាល់​ដល់​ការផ្គត់ផ្គង់​អគ្គិសនី​នៅតាម​បណ្ដា​ខណ្ឌ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។ ទោះយ៉ាងណា​អ្នកបច្ចេកទេស​កំពុង​សិក្សា​រក​ប្រភព​អគ្គិសនី​ជំនួស​តំបន់​ដែល​ត្រូវបាន​កាត់ផ្ដាច់ ព្រោះ​ការរុះរើ​បង្គោល​បាន​ខ្លះ​នៅ​ខ្លះ​ប៉ុណ្ណោះ​។

“​យើង​មិនអាច​ថា មិនមាន​ប្រភព​អគ្គិសនី​ជំនួស​នោះទេ ប៉ុន្តែ​គ្រាន់តែ​ថា ការកំណត់ និង​បែងចែក​ប្រភព​ជំនួស​ប៉ុន្មាន​ថ្ងៃ​ខ្ញុំ​មិនទាន់​ទទួលបាន​របាយការណ៍​នៅឡើយ​។ ដូច្នេះ​ជារួម​យើង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការរក្សា​ស្ថិរភាព​ការផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ​”​។​

​អគ្គិសនី​កម្ពុជា​នឹងមាន​ការជូនដំណឹង​លំអិត​បន្ថែមទៀត​ដល់​អ​តិ​ថិ​ជន​នៅមុន​ការ​កាត់ផ្ដាច់​ចរន្តអគ្គិសនី​។ កន្លងទៅ​ថ្មីៗ​នេះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​រិះគន់ និង​ថត​បង្ហោះ​រូប​បង្គោល​ភ្លើង ដែល​ស្ថិតនៅ​ចំ​កណ្ដាលផ្លូវ​ធ្វើដំណើរ ហើយ​អ្នកខ្លះ​បាន​ហៅថា បង្គោល​ភ្លើង​មរណៈ​ជាដើម​។

ប៉ុន្តែ​ត្រង់ចំណុច​នេះ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បកស្រាយ​ថា ដើមឡើយ​បង្គោល​ភ្លើង​នេះ​គឺ​ស្ថិតនៅ​អែប​ផ្លូវ​។ ប៉ុន្តែ​ដោយសារ​មានការ​ពង្រីក​ផ្លូវ​បន្ថែម ទើប​បង្គោល​ភ្លើង​នេះ​ស្ថិតនៅ​ចំ​ទ្រូងផ្លូវ​ទៅវិញ​។​

​កន្លងមក​លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ក៏បាន​សុំទោស​ដល់​អ្នកដំណើរ​ទាំ​ង​អស់​ចំពោះ​ករណី​បង្គោល​ភ្លើង​នេះ ហើយ​ថា ផ្នែក​ពាក់ព័ន្ធ​បាន​ពិភាក្សាគ្នា​រួចហើយ ដោយ​សម្រេច​ថា នឹង​ដក​បង្គោល​ភ្លើង​ទាំងអស់នោះ​ចេញ​ចាប់ពី​ចន្លោះ​ខែមេសា រហូតដល់ ខែ មិថុនា ឆ្នាំ​២០១៨​។ លោក​ថា អគ្គិសនី​កម្ពុជា ត្រូវ​បង្កប់​ខ្សែភ្លើង​នៅក្រោម​ដី​ជាមុនសិន ហើយ​បន្ទាប់មក ទើប​អាច​ដក​បង្គោល​ភ្លើង​ទាំងនោះ​ចេញ​បាន​៕S/

​រថយន្ត​ធុន​ធំ​បើក​បុក​បង្គោល​ភ្លើង​នៅ​ផ្លូវ​ណត​ប្រី​ត​តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​

ទីតាំងផ្សាយពាណិជ្ជកម្ម