​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ សម្រាប់​ថ្ងៃ​ពុធ​នេះ ក្នុង​ការប្រកួត Uefa Champions League វគ្គ​១៦ ក្រុម​ចុង​ក្រោយ​ជើង​ទី​១ មាន​ពីរ​គូ​ធំៗ​ត្រូវ​ប៉ះគ្នា គឺ Club Brugge ប៉ះ Benfica និង Dortmund ស្វាគមន៍ Chelsea​។ Club Brugge និង Chelsea ដែល​កំពុង​ធ្លាក់​ជើង​ដូចគ្នា មិន​សង្ឃឹម​ឈ្នះ​ក្នុង​ការប្រកួត​នេះ​ទេ ព្រោះ​គូប្រជែង​សុទ្ធតែ​កំពុង​លេង​ល្អ​រៀងៗ​ខ្លួន​។

​ទន្ទឹមនេះ ក៏​មាន​ជំនួប​ធំ​នៅ EPL មួយគូ​ផងដែរ គឺ​រវាង Arsenal និង Man City ហើយ​ក្នុង La Liga ក៏​មាន​មួយគូ​ទៀត​ដែរ រវាង​ក្រុម Real Madrid និង Elche តែ​យើង​នឹង​លើកយក​តែ​គូ​ក្នុង UCL មក​វិភាគ​ជូន​ប៉ុណ្ណោះ​។

​ការព្យាករណ៍ ៖

– Club Brugge vs Benfica

* Benfica មិន​ស្គាល់​ចាញ់​សោះ​ក្នុង Champions League វគ្គ​ចែក​ពូ​ល (​ឈ្នះ​៤, ស្មើ​២) រដូវ​កាល​នេះ​។​
* Club Brugge ឈ្នះ​១​គត់​ក្នុង​ចំណោម​ការប្រកួត ១៣ លើកចុងក្រោយ​។​
* Benfica របូត​គ្រាប់​បាល់​ក្នុង ៥ ប្រកួត​នៃ UCL ៦ លើកចុងក្រោយ​។

​ក្រុម Benfica កំពុង​រីករាយ​នឹង​រដូវ​កាល​ដ៏​ល្អ​មកទល់ពេលនេះ កូនក្រុម​របស់លោក Roger Schmidt បច្ចុប្បន្ន​មាន ៥ ពិន្ទុ​ដាច់​គេ​ក្នុង Primeria Liga ហើយ​ពួកគេ​បាន​ឆ្លងកាត់​ការប្រកួត​វគ្គ​ចែក​ពូ​ល Champions League ដោយ​មិន​ចាញ់​សោះ (​ឈ្នះ​៤, ស្មើ​២)​។​

Benfica បាន​ឈរ​នៅ​ទី​កំពូល​នៃ​ពូ​ល H ដែល​មាន​ក្រុម​ខ្លាំងៗ​ដូចជា PSG, Juventus និង​ម្ចាស់​ជើងឯក​អ៊ីស្រាអែល ១៤ សម័យ Maccabi Hafia ។ ក្រុម​ព័រ​ទុយ​ហ្គាល់​នេះ​មិន​ដែល​ចាញ់សោះ​ក្នុង​ការប្រកួត​ក្រៅ​ដី ៥ លើកចុងក្រោយ (​ឈ្នះ​៤, ស្មើ​១) ហើយ​គួរតែ​ឈ្នះ​ទៀត​នៅ​យប់​ថ្ងៃ​ពុធ​នេះ​។​

Club Brugge កំពុង​ធ្លាក់​ដុនដាប​ខ្លាំង​ចាប់តាំងពី​ការប្រកួត World Cup ដោយ​ឈ្នះ​តែ​១​ប្រកួត​គត់​ក្នុង​ចំណោម​ការប្រកួត ១៣ លើកចុងក្រោយ​។ ក្រុម​ម្ចាស់ផ្ទះ​អាច​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ២ ក្នុង​ពូ​ល B ប៉ុន្តែ​បាន​ធ្លាក់ចុះ​ទម្រង់​លេង​តាំងពី​ពេលនោះ​មក ហើយ​គេ​ពិបាក​ជឿថា​ក្រុម​បែលហ្ស៊ិក​នេះ​នឹង​អាច​យក​ឈ្នះ​នៅ​ថ្ងៃនេះ​បាន​នោះឡើយ​។​

​បរាជ័យ​តែមួយគត់​របស់ Club Brugge ក្នុង​ពូ​ល B បាន​កើតឡើង​នៅពេលដែល​ពួកគេ​ត្រូវបាន​ផ្តួល ៤-០ នៅក្នុង​ផ្ទះ​ក្រោម​ថ្វី​ដៃ Porto ។ បច្ចុប្បន្ន Porto ឈរ​នៅ​លេខ​រៀង​ទី ២ ក្នុង​ក្របខណ្ឌ​កំពូល​របស់​ព័រ​ទុយ​ហ្គាល់ ដោយ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Benfica ចំនួន ៥ ពិន្ទុ​។ ក្រុម​ម្ចាស់ផ្ទះ​ប្រឈម​មុខ​នឹង​ភារកិច្ច​ធ្ងន់​ដើម្បី​ទទួលបាន​លទ្ធផល​នៅក្នុង​ជើង​ទី​មួយ​នេះ​។​

​ការប្រកួត​នៅ​យប់​ថ្ងៃ​ពុធ​នេះ​ច្បាស់​ជា​ល្អមើល ព្រោះ​ក្រុម​ទាំង​ពីរ​តែង​របូត​គ្រាប់​បាល់​នៅ​៥​ឬ​៦​ប្រកួត​ចុងក្រោយ​នេះ​។ ម្ចាស់ផ្ទះ​ដឹង​យ៉ាងច្បាស់​អំពី​សារៈសំខាន់​នៃ​ការនាំ​មុខ​មុន​ក្នុង​ជើង​ទី​១ ហើយ​ពួកគេ​រំពឹង​លេង​ការពារ​ច្រើនជាង​វាយ​សម្រុក​។​

​លទ្ធផល​ទស្សនទាយ Benfica ឈ្នះ ២-១​។​

– Dortmund vs Chelsea

* Julian Brandt បាន​រួមចំណែក​ស៊ុត​បញ្ចូល​ទី​ក្នុង​ការប្រកួត ៤ លើក​ក្នុងចំណោម ៦ ប្រកួត​ចុងក្រោយ​របស់ Dortmund ក្នុង​ឆ្នាំ ២០២៣​។​
* Chelsea ឈ្នះ​តែ​២​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត​១២​លើក​ចុងក្រោយ​របស់​ពួកគេ​។​
* ៥​ប្រកួត​ចុងក្រោយ​របស់ Dortmund មាន​គ្រាប់​បាល់​លើស​២,៥​គ្រាប់​។​
* Dortmund មិនទាន់​អាច​រក្សា Clean Sheet ក្នុង​ទឹកដី​បាន​ទេ​នៅ​ឆ្នាំ ២០២៣ នេះ​។​

Borussia Dortmund របស់លោក Edin Terzic លេង​សាហាវ​ខ្លាំងណាស់ ចាប់តាំងពី​ការ​ត្រឡប់មក Bundesliga វិញ ដោយ​ឈ្នះ​ការប្រកួត​ទាំង​៦​របស់​ពួកគេ ខណៈ​ស៊ុត​បញ្ចូល​ទី​យ៉ាងហោចណាស់​២​គ្រាប់​ក្នុង​ការប្រកួត​នីមួយៗ​ក្នុង​អំឡុង​ឆ្នាំ ២០២៣​។​

​ដោយ​គ្មាន​បញ្ហា​របួស​ធំដុំ​ណាមួយ លោក Terzic នឹង​អាច​រៀបចំ​កីឡាករ​បាន​ងាយស្រួល​និង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​បង្កើន​នូវ​គ្រាប់​បាល់​មិន​គួរឱ្យ​ជឿ​ចំនួន​៩​គ្រាប់​របស់​ពួកគេ​ដែល​បាន​ស៊ុត​បញ្ចូល​ក្នុង​ការប្រកួត​ក្នុងផ្ទះ​២​លើក​ចុងក្រោយ​របស់​ពួកគេ​។ ទោះយ៉ាងណា ពួកគេ​បាន​របូត​៤​គ្រាប់​ក្នុង​ដំណើរការ​នេះ ដូច្នេះ​ពួកគេ​ពិតជា​មាន​លទ្ធភាព​ធ្លាយ​សំណាញ់​ទី​គ្រប់ពេល​។​

​កំណត់​ត្រា​របស់ Dortmund ក្នុង​៩​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​ទល់នឹង​គូ​ប្រជែង​មកពី​អង់គ្លេស​គឺ​មិន​ល្អ​ទេ (​ស្មើ​៣, ចាញ់​៩) ប៉ុន្តែ​ពួកគេ​ពិតជា​អាច​មានឱកាស​ឈ្នះ​ក្នុង​ទឹកដី​ជា​លើកដំបូង​ទល់នឹង​ក្រុម​ធ្លាក់​ជើង Chelsea ។​

​ទោះបីជា​អ្វីៗ​មិនទាន់​រលូន​សម្រាប់ Chelsea ក្រោម​ការដឹកនាំ​របស់​លោក Graham Potter (​ឈ្នះ​៩ ស្មើ​៧ ចាញ់​៧) ក៏ដោយ ក៏​ពួកគេ​មក​ទី​នេះ​ក្រោយ​លេង​មិន​ដែល​ចាញ់ ៤ ប្រកួត​ជាប់គ្នា (​ឈ្នះ​១ ស្មើ​៣) ជា​ការ​មិន​ដែល​ចាញ់​យូរ​បំផុត​ទី​ពីរ​របស់​ពួកគេ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​បច្ចុប្បន្ន​។​

​ត្បិត​បង្ហាញ​ភាពរឹងមាំ​ខ្លះ​ក៏ដោយ ក៏ Chelsea ឈ្នះ​បាន​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​៨​ប្រកួត​ចុងក្រោយ​ចាប់តាំងពី​បើកឆាក​ឆ្នាំ​ថ្មី​២០២៣ ដោយ​មិន​អាច​ស៊ុត​បញ្ចូល​ទី​លើសពី​១​គ្រាប់​ក្នុង​រាល់​ការប្រកួត​នោះឡើយ​។​

​អ្វីដែល Chelsea អាច​អួត​បាន​នៅ​ថ្ងៃនេះ​គឺ​កីឡាករ​ចំណូល​ថ្មី​ដែល​ទិញ​ចូល​កាលពី​ខែ​មករា​។ ពួកគេ​ជះ​លុយ​ច្រើនជាង​ក្លិប​ណាៗ​ទាំងអស់ ដោយ​ទិញ​បាន​កីឡាករ​ល្អៗ​ដូចជា Mudryk, Fernandez និង Madueke ក្នុងចំណោម​អ្នក​ផ្សេង​ទៀត​។​

​តែ​ទោះ​យ៉ាងណា ពួកគេ​នៅតែ​មិន​រំពឹង​ឈ្នះ Dortmund ដែល​កំពុង​លេង​ល្អ​ដូច​ផ្កា​។

​លទ្ធផល​ទស្សនទាយ Dortmund ឈ្នះ ៣-១៕

Chelsea មិន​រំពឹង​ឈ្នះ​នៅ​ទឹកដី Dortmund​