ដោយៈ ប.ខុន / ភ្នំពេញៈ គម្រោងស្តារ និងអភិវឌ្ឍន៍ព្រែកថី សម្រាប់ដោះទឹកជំនន់ស្ទឹង ព្រែកត្នោត បានចាប់ផ្តើមអនុវត្តបន្ត ក្រោយពីសំណង់មិនរាបរយ នៅតាមមាត់ព្រែកនេះ ត្រូវ បានរុះរើចេញអស់ ដោយសារច្រាំងព្រែកនេះ បាក់ស្រុត ធ្លាក់ផ្ទះមួយចំនួន ចូលទៅក្នុងព្រែករួចមក។ ព្រែកដែលត្រូវស្តារនេះ មានប្រវែង ៣.៦០០ ម៉ែត្រ ក្នុងនេះ ប្រវែង ៣.០០០ ម៉ែត្រ បានស្តារនិងសាងសង់ ច្រាំងបេតុងរួចហើយ។

លោក ជា សុខនី នាយករងខុទ្ទកាល័យរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ថាៈ គម្រោងស្ថាបនាព្រែកថី ទៅជាបេតុង សម្រាប់ដោះទឹកជំនន់ ស្ទឹងព្រែកត្នោត ដោយបែកចេញពីព្រែកហូរ បានចាប់ផ្តើមអនុវត្តបន្តទៀតហើយ បន្ទាប់ពីព្រែកនេះ បានបាក់ធ្លាក់សំណង់ មិនរាបរយអស់មួយចំនួន ដោយសារទឹកជំនន់ ខុសរដូវកាល ពីក្នុងខែមករា រួច។

នាយករងខុទ្ទកាល័យ ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ គ្រឿងចក្រជាច្រើនគ្រឿង បានចាប់ផ្តើមចុះធ្វើ កាលពីថ្ងៃទី៨ ខែកុម្ភៈ ក្រោយពីសំណង់មិនរាបរយ ប្រឈមនឹងការ បាក់ធ្លាក់ចូលក្នុងព្រែក ត្រូវបានអាជ្ញាធរ ធ្វើការសម្របសម្រួល ឱ្យចាកចេញទៅនៅ កន្លែងថ្មី អស់រួចមក។ ព្រែកដែលត្រូវធ្វើបន្តនេះ មានទំហំបាតក្រោមពី ៥ ទៅ ១០ ម៉ែត្រ និងកន្លែងខ្លះ អាចធំជាងនេះ គឺអាស្រ័យលើស្ថានភាពជាក់ស្តែង និងមានទំហំមាត់លើ ពី ២០ ទៅ ៣០ ម៉ែត្រ សាងសង់ជាច្រាំងបេតុង និងមានផ្លូវ នៅសងខាង។

លោក ជា សុខនី បាននិយាយឱ្យដឹងទៀតថាៈ ព្រែកថី ដែលត្រូវធ្វើការស្តារ និងអភិវឌ្ឍន៍ ទៅជាច្រាំងបេតុងនេះ មានប្រវែងសរុប ៣.៦០០ ម៉ែត្រ ក្នុងនេះប្រវែង ៣.០០០ ម៉ែត្រ បានស្ថាបនារួចរាល់ហើយ នៅសល់ ៦០០ ម៉ែត្រ ផ្នែកខាងចុងព្រែក ទើបចាប់ផ្តើមអនុវត្ត បន្ត ដែលតាមគម្រោង ត្រូវធ្វើឱ្យបានរួចរាល់ មុនពេលរដូវភ្លៀងធ្លាក់ជោកជាំ មកដល់។ គម្រោង ស្តារព្រែកថី ស្ថិតនៅក្នុងគម្រោងសាងសង់ ប្រព័ន្ធស្រោចស្រព និងការពារទឹក ជំនន់ ស្ទឹងព្រែកត្នោត សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមកដល់ពេលនេះ អនុវត្តបានលទ្ធផលការងារ ប្រមាណជា ៧២,៥ ភាគរយ នៃគម្រោងទាំងមូលហើយ។
គម្រោងខាងលើនេះ អនុវត្តដោយក្រុមហ៊ុន The Consortium of Guangdong Foreign Construction Co., Ltd & Guangdong Yuantian Engineering Company Co., Ltd. ដោយប្រើប្រាស់ជំនួយ ហិរញ្ញប្បទានសម្បទាន បានមកពីសាធារណរដ្ឋប្រជាមានិតចិន ជាគម្រោងដ៏មាន សារៈសំខាន់ ក្នុងការកាត់បន្ថយជំនន់ទឹកស្ទឹងព្រែកត្នោត ដែលតែងតែយាយី ដល់រាជធានីភ្នំពេញ​និងក្រុងតាខ្មៅ ខេត្តកណ្តាល។

គម្រោងដែលដឹកនាំផ្ទាល់ ដោយលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយមនេះ រួមមាន ការងារស្តារស្ទឹងព្រែកត្នោត ប្រវែង ២៦ គីឡូម៉ែត្រ , ស្តារស្ទឹងតូច ប្រវែង ២,៥ គីឡូម៉ែត្រ ពង្រឹងទំនប់សណ្តរការពារទឹកជំនន់ សងខាងស្ទឹងព្រែកត្នោត ត្រូវបុកដែកសន្លឹក (Sheet pile) ខាងឆ្វេងច្រាំង ប្រវែង ៨,៨២ គីឡូម៉ែត្រ
ខាងស្តាំប្រវែង ៦,៥៥ គីឡូម៉ែត្រ។ ចំពោះកំណាត់ច្រាំងដែលងាយច្រោះដី ត្រូវបានការពារ ដោយសំណាញ់ Reynolds mat slope proctection ប្រវែង ៣,៣៤ គីឡូ ម៉ែត្រ និងរៀបជញ្ជាំងការពារ ប្រវែង ៤១៧ ម៉ែត្រ ។ សាងសង់ និងជួសជុលប្រឡាយ ភា្ជប់លេខ១ ប្រវែង ១៥០ ម៉ែត្រ, ប្រឡាយភា្ជប់លេខ២ ប្រវែង ៩០០​ ម៉ែត្រ (ចាក់បេតុង ត្រង់ ៥០០ ម៉ែត្រ),ប្រឡាយភា្ជប់លេខ៣ ប្រវែងស្តារ ៥.៧០០ ម៉ែត្រ, ប្រឡាយលេខ៧៨ ធ្វើការជួសជុល និងចាក់បេតុង ប្រវែង ២.៨០០ ម៉ែត្រ, ប្រឡាយជីកថ្មី​ប្រវែង ៤.៥០០ ម៉ែត្រ, ប្រឡាយស្រោចស្រពហនុមាន ប្រវែងជួសជុល ៣.៦០០ ម៉ែត្រ (ក្នុងនោះចាក់ បេតុង ១.០០០ ម៉ែត្រ), ព្រែកហូរ ប្រវែងស្តារ និងចាក់បេតុង ៧.២០០ ម៉ែត្រ, ព្រែកយាយជា ប្រវែងស្តារ ១.៤០០ ម៉ែត្រ និងព្រែកថី ប្រវែងស្តារ និងចាក់បេតុង ៣.៦០០ ម៉ែត្រ។ សាងសង់សំណង់យកទឹកមួយកន្លែង, សំណង់សម្រួលចរន្តទឹក ចំនួន ៤ កន្លែង, សំណង់បង្វែរចរន្តទឹក ចំនួន ៣ កន្លែង, សំណង់ដោះទឹក ចំនួន ២ កន្លែង និងសំណង់តាមប្រឡាយ ចំនួន ៥៨ កន្លែង ។

ក្រោយការសាងសង់រួច គម្រោងខាងលើនេះ ជួយកាត់បន្ថយទឹកជំនន់ បានមួយផ្នែកធំ និងមានលទ្ធភាពស្រោចស្រព លើផ្ទៃដីស្រែ បានចំនួន ១០.១៥០ ហិកតា នៅរដូវប្រាំង និងបានចំនួន ១៧.៧៣០ ហិកតា នៅរដូវវស្សា ៕ V / N