ដោយៈ វណ្ណៈ / ព្រះសីហនុ ៖ យោងតាមរបាយការណ៍​បូកសរុបលទ្ធកាងារ ប្រចាំឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបណ្តាញផ្សព្វផ្សាយ ក្នុងស្រុកទទួលបាន កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានបង្ហាញថាៈ បទល្មើសគ្រោះថ្នាក់ ចរាចរណ៍ បានកើតឡើង ១៨៥ លើក បង្កឲ្យមនុស្សប្រុស ស្រី ក្មេង ចាស់ សរុប ១១០ នាក់ បានស្លាប់ និង ២១២ នាក់ បានរងរបួសធ្ងន់ស្រាល រួមនឹងមានការខូចខាតយានយន្ត សរុប ២៨១ គ្រឿង ក្នុងនោះរថយន្ត ៩៩ គ្រឿង , ម៉ូតូ ១៨២ គ្រឿង ដោយសារគ្រោះថ្នាក់ ចរាចរណ៍ នៅក្នុងទឹកដីខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២២ កន្លងទៅនេះ ។

មន្ត្រីនគរបាលចរាចរណ៍ ខេត្តព្រះសីហនុ បានលើកឡើងថាៈ គ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យមានមនុស្សស្លាប់ និងរបួសច្រើន កន្លងមក ភាគច្រើន កើតឡើងមកពីកត្តាមនុស្ស (មិនគោរពច្បាប់ចរាចរណ៍, គ្មានការយោគយល់, ស្រវឹង , បើកវ៉ាជែង,។ល។) ។

មន្ត្រីនគរបាលចរាចរណ៍ដដែល បានអំពាវនាវដល់បងប្អូនពលរដ្ឋខ្មែរទាំងអស់ ចូលរួម គោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានចេញបទបញ្ជាថ្មីមួយ ដល់កម្លាំងជំនាញ ចរាចរណ៍ផ្លូវគោក បង្កើនសកម្មភាពត្រួតពិនិត្យ និងផាកពិន័យ ដោយគ្មានការយោគយល់ ឬលើកលែង ចំពោះអ្នកជិះម៉ូតូមិនពាក់មួកសុវត្តិភាព និងអ្នកបើកបររថយន្តល្មើសច្បាប់។

វិធានការនេះ ធ្វើឡើង បន្ទាប់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាព ខេត្តព្រះសីហនុ ប្រកាសបើកយុទ្ធនាការ ដោយប្រើប្រាស់ គ្រប់សកម្មភាព ដើម្បីទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យមនុស្ស ស្លាប់ និងរបួស ជាបន្តរបន្ទាប់ កន្លងមក៕ V / N