ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ យន្តហោះប្រដេញF-16របស់អាម៉េរិកពីរគ្រឿងបានស្ទាក់ផ្លូវយន្តហោះចម្បាំងរុស្ស៊ីបួនគ្រឿងនៅក្បែររដ្ឋអាឡាស្កា នេះបើតាមការប្រកាសរបស់បញ្ជាការការពារដែនអាកាសអាម៉េរិកខាងជើង(Norad)កាលពីថ្ងៃអង្គារ។
Noradបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្ទាក់ផ្លូវយន្តហោះរុស្ស៊ី«ជាធម្មតា»បានកើតឡើងកាលពីថ្ងៃចន្ទ និងយន្តហោះរុស្ស៊ីរួមមានយន្តហោះទម្លាក់គ្រាប់បែកTu-95និងយន្តហោះប្រយុទ្ធSu-35។«យន្តហោះរុស្ស៊ីស្ថិតនៅក្នុងដែនអាកាសអន្តរជាតិដោយមិនបានចូលក្នុងដែនអាកាសអាម៉េរិកឬកាណាដាទេ»ហើយសកម្មភាពដូច្នេះកើតឡើងជាធម្មតានិងមិនត្រូវគិតថាជាការគំរាម ឬជាការបង្ករឿងទេ»។
ព័ត៌មានស្តីពីអាម៉េរិកស្ទាក់ផ្លូវយន្តហោះរុស្ស៊ីកើតឡើងចំពេលមានសេចក្តីរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកចូលក្នុងអាកាសដើម្បីសម្ញែងកម្លាំងលោកខាងលិច ហើយន័រវេសបានព្រមានថា រុស្ស៊ីបញ្ជូននាវាបំពាក់អាវុធនុយក្លេអ៊ែរចូលក្នុងសមុទ្រខ្មៅជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំមកនេះ។
យន្តហោះខ្លាឃុំទឹកកTu-95MS ‘Bears’បានហោះអស់ពេលប្រាំពីរម៉ោងលើសមុទ្រប៊ែរីងស៊ី(Bering Sea) អមដោយយន្តហោះSu-30មកពីយោធភូមិភាគខាងកើតរុស្ស៊ី។សមុទ្រប៊ែរីងស៊ី ខណ្ឌចែករដ្ឋអាឡាស្ការបស់អាម៉េរិកនិង តំបន់ចុងបូព៌ារបស់រុស្ស៊ី។
សូមបញ្ជាក់ថា ចាប់តាំងពីលោកពូទីនចាប់ផ្តើមឈ្លានពានអ៊ុយក្រែននៅខែកុម្ភៈឆ្នាំ២០២២ ពួកមន្ត្រីរុស្ស៊ីបានគំរាមលោកខាងលិចអំពីការប្រើសព្វាវុធនុយក្លេអ៊ែរម្តងហើយម្តងទៀត៕
ប្រធានាធិបតីពូទីន បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពនុយក្លេអ៊ែរពីរគ្រឿងចូលក្នុងដែនអាកាសដើម្បីសម្ញែងកម្លាំងដល់លោកខាងលិច