ដោយៈ បញ្ញាសាស្រ្ត / ភ្នំពេញ៖ នៅពេលឆាប់ៗ ខាងមុខនេះ កម្ពុជាកំពុងសំលឹងឃើញក្តីសង្ឃឹមថ្មីមួយ ដែលខ្លួននឹងអាចក្លាយជាសមាជិកប្រព័ន្ធទូទាត់អន្ដរធនាគារចិន (CIPS) ក្រោយពេលដែលភាគីកម្ពុជា បានជជែកពិភាក្សា និងសិក្សាលម្អិត ពីការចូលជាសមាជិក នៃប្រព័ន្ធទូទាត់អន្ដរធនាគារចិនរួចរាល់។ នេះបើយោងតាមប្រសាសន៍របស់ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា ក្នុងជំនួបអ្នកសារព័ត៌មាន មកពីគ្រប់ស្ថាប័ន កាលពីពេលថ្មីៗនេះ។
លោកស្រី បានថ្លែងថាៈ «ធនាគារជាតិនៃកម្ពុជា បានសិក្សាលម្អិត ពីតម្រូវការក្នុងការចូលជាសមាជិកប្រព័ន្ធ CIPS តាំងពីប្រព័ន្ធនេះ បានបង្កើតឡើងដំបូង នៅឆ្នាំ២០១៥ មក ដូច្នេះធនាគារជាតិ បានដឹងពីតម្រូវការ ដែលនឹងអាចក្លាយជាសមាជិកនៃ CIPS នេះ។ មួយវិញទៀតថ្នាក់ដឹកនាំរបស់ ប្រទេសទាំងពីរ បានជជែកពិភាក្សា ព្រមទាំងបានឯកភាពគ្នា ជាគោលការណ៍រួចទៅហើយ ដូច្នេះសង្ឃឹមថា នឹងជួយពន្លឿននីតិវិធី ដើម្បីឱ្យកម្ពុជាចូលជាសមាជិក CIPS នាពេលឆាប់ៗ»។
លោកស្រី បានបន្ដថាៈ CIPS ជាប្រព័ន្ធទូទាត់ថ្នាក់អន្ដរជាតិ ដូចនឹងប្រព័ន្ធ SWIFT ដែលផ្ដល់នូវសេវាផាត់ទាត់ និងទូទាត់ សម្រាប់សមាជិក ដើម្បីទូទាត់ឆ្លងព្រំដែន ជាប្រាក់យ៉ាន់ចិន។ CIPS ត្រូវបានបង្កើតឡើង ដោយធនាគារកណ្ដាលចិន នៅឆ្នាំ២០១៥ ហើយសមាជិកដំបូងរបស់ CIPS មានសមាជិកផ្ទាល់២៧ និងសមាជិកប្រយោល ៤០០ គ្រឹះស្ថានហិរញ្ញវត្ថុ។
បច្ចុប្បន្ន CIPS មានសមាជិកផ្ទាល់ ចំនួន ៧៦ និងសមាជិកប្រយោល ១ ២៦៥ គ្រឹះស្ថាន ក្នុងនោះមកពីតំបន់អាស៊ី ៩៦៥, ទ្វីបអឺរ៉ុប ១៨៥, ទ្វីបអាហ្វ្រិក ៤៦ អាមេរិកខាងជើង ២៩ ទ្វីបអូសេអានី ២៣ និងអាមេរិកខាងត្បូង ១៧១ ដែលមកពី ១០៦ ប្រទេស។
លោកស្រី បានថ្លែងបញ្ជាក់ថាៈ ការចូលជាសមាជិក CIPS នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់កម្ពុជាដូចជា ផ្តល់ជម្រើសបន្ថែម ក្នុងការទូទាត់ទៅកាន់ពិភពលោក និងតំបន់ និងសម្រួល និងជំរុញពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ពិសេសពាណិជ្ជកម្មទ្វេភាគី ជាមួយប្រទេសចិន និងប្រទេសទទួលការទូទាត់ ជាប្រាក់យ៉ាន់ ព្រមទាំងសម្រួលការវិនិយោគទុនបម្រុងអន្តរជាតិ របស់កម្ពុជា ជាប្រាក់យ៉ាន់។
លោកស្រី បានបញ្ជាក់បន្ថែមថាៈ «មិនប្រាកដថា រាល់ប្រតិបត្តិការតាម CIPS មានតម្លៃទាបជាង SWIFT ហើយក៏មិនប្រាកដថា រាល់ប្រតិបត្តិការតាម SWIFT មានតម្លៃទាបជាង CIPS ទេ ដូច្នេះកាលណាមាន ២ ជម្រើស យើងចំណេញជាងទទួលបាន តែមួយជម្រើស ដូច្នេះខាងណា ចំណាយទាបជាង ខាងណាឱ្យយើងចំណេញជាង យើងទូទាត់តាមខាងនោះ»៕/V-PC