ដោយៈសុផល/ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២ ការចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ៧.១២៥ស្លាក ដោយបានចំណូល ៤៤ ប៊ីលានរៀល និងការចុះបញ្ជីផ្លាកលេខពិសេសថ្នាក់រាជធានី-ខេត្ត បាន ៣១.៧៥៦ស្លាក រកបានចំណូលជាង ៤០ ប៊ីលានរៀល។
លោក ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងដូច្នេះក្នុងពេលលោកបានអញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន។
បើគិតចាប់តាំងពីបើកដំណើរការចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួនតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ មកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការអន្តរក្រសួងចុះបញ្ជីបាន ១៦.១៣២ស្លាក និងទទួលបានចំណូលជាង ១១៤ ប៊ីលានរៀល៕/R