ដោយ​: សុផល​/​ភ្នំពេញ​: លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ ។​

​អង្គសន្និបាត​ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ចម្បង​ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ស្នាដៃ និង​លទ្ធផល​ការងារ ដែល​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​និង​បុគ្គលិក​គ្រប់លំដាប់​ថ្នាក់ ក្រោម​ឱវាទ​ក្រសួង បាន​អនុវត្ត​រយៈពេល​មួយឆ្នាំ​២០២២ កន្លងទៅ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ​២០២៣ នេះ​ជាមួយនឹង​ទិស​ស្លោក “​បន្ត​លើកកម្ពស់​គុណភាព នៃ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ដឹកជញ្ជូន ប្រកបដោយ​ប្រសិទ្ធភាព ចីរភាព បរិ​យា​ប័ន្ន និង​ការអភិវឌ្ឍ​ធនធានមនុស្ស​”​។​

​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​នាឱកាស​នេះ លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​ពី​សមិទ្ធផល​នានា​ដែល​ក្រសួង​សម្រេចបាន​ក្នុង​ឆ្នាំ​២០២២ ក៏ដូចជា​គម្រោង​ការងា​រ​កំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ន និង​គ្រោង​អនុវត្ត​ក្នុងពេល​ខាងមុខ ដែល​រួមមាន​៖ (១) ការងារ​សាធារណការ និង​គ្រប់គ្រង​បច្ចេកទេស (២)​ការងារ​ដឹកជញ្ជូន​ផ្លូវគោក និង​សុវត្ថិភាព​ចរាចរណ៍ (៣)​ការងារ​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ (៤) ការងារ​ផ្លូវដែក និង​ការដឹកជញ្ជូន​សាធារណៈ (៥)​ការងារ​ភ័ស្តុភា​រកម្ម (៦)​ការងារ​គ្រប់គ្រង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ (៧)​ការងារ​កំណែទម្រង់ និង​ការបណ្តុះបណ្តាល និង (៨)​ការងារ​ភាពជា​ដៃគូ​ក្នុងការ​អភិវឌ្ឍ​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់​អង្គសន្និបាត​ទាំងមូល ចូលរួម​ផ្ដល់យោបល់​ឱ្យបាន​ផុលផុស ក្នុងការ​ពិនិត្យ​ពិភាក្សា​លើ​បញ្ហា​នានា​ដើម្បី​ជា​ធាតុ​ចូលក្នុង​ការអនុវត្ត​ទិសដៅ​របស់​ក្រសួង ប្រកបដោយ​ប្រសិទ្ធភាព​ការងារ​ខ្ពស់ ស្របទៅតាម​ទិស​ស្លោក​ដែល​បាន​ដាក់ចេញ ដើម្បី​ធានាបាន​នូវ​ផែនការ​ដែលមាន​ភាពប្រាក​ដ​ប្រជា​ព្រមទាំង​អាចអនុវត្ត​បាន ប្រកបដោយ​ជោគជ័យ​ផ្លែផ្កា​ក្នុង​ឆ្នាំ​២០២៣ និង​ទៅ​អនាគត​បន្តទៀត​៕​/R