ដោយៈ សុផល/ភ្នំពេញៈ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួង នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា៖គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២៣នេះ ខណៈបច្ចុប្បន្នក្រុមអ្នកបច្ចេកទេស និងភាគីពាក់ព័ន្ធ កំពុងពន្លឿនសិក្សាផលប៉ះពាល់ ដើម្បីពន្លឿនទៅសម្រេចបើកការដ្ឋានតាមផែនការកំណត់។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តឱ្យដឹងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុបប្រមាណជា១៣៥គ.ម ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។
គម្រោងនេះ ក៏រួមបញ្ចូលទាំងការសាងសង់ស្ពានផ្លូវឆ្លងកាត់ទន្លេមេគង្គប្រវែងប្រមាណ៥គ.ម គ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣និងបញ្ចប់គម្រោងឱ្យរួចរាល់នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដោយត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ ១.៦៣៨លានដុល្លារ។
ជាងនេះទៀត គម្រោងផ្លូវល្បឿនលឿននេះ ត្រូវបានរដ្ឋាភិបាលចាត់ទុកថា មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ទាំងប្រទេសចិន មកភូមា មកប្រទេសថៃ មកកម្ពុជា ទៅវៀតណាមថែមទៀត៕/R