ដោយៈ គង់ហេង / កំពង់ចាម៖ មន្ទីរសាធារការ និងដឹកជញ្ជូន បានស្នើឱ្យអាជ្ញាធរ ស្រុក ក្រុង ឃុំ សង្កាត់ ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ចាត់វិធានការទប់ស្កាត់ យានយន្តដឹកលើសទំងន់កម្រិតកំណត់ ពោលគឺ បើកវាងគេចស្ថានីយ៍ថ្លឹងយានយន្តអចល័ត ទៅផ្លូវជាតិលេខ៦០ , លេខ ៧០ និងផ្លូវខេត្តលេខ២៧០។
នៅក្នុងរបាយការណ៍កម្រាស់ ប្រាំមួយទំព័រ ស្តីពីលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ ដែលអានដោយលោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម ដែលមានការអញ្ជើញចូលរួម ដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការី ជាច្រើនរូប ដែលបានរៀបចំនៅក្នុងមន្ទីរនេះ នារសៀលថ្ងៃទី១៤ កុម្ភៈ ម្សិលមិញ បានបញ្ជាក់ថាៈ បញ្ហាប្រឈមយានយន្តដឹកទំនិញធុនធ្ងន់មួយចំនួន នៅតែបន្តដឹកជញ្ចូនទំនិញលើសទម្ងន់កម្រិតកំណត់ គេចស្ថានីយថ្លឹងយានយន្តអចល័ត វាងទៅផ្លូវជាតិលេខ៦០ ផ្លូវជាតិលេខ៧០ និងផ្លូវខេត្តលេខ២៧០។
ប្រជាពលរដ្ឋ នៅមិនទាន់យល់ច្បាស់ពីច្បាប់ផ្លូវថ្នល់ នៅតែបន្តរំលោភបំពានដី ចំផ្លូវ សាងសង់សំណង់ តូបលក់ដូរ ចាក់ដីលុបមុខទឹក និងដាក់លូ មិនត្រឹមត្រូវ តាមលក្ខណៈ បច្ចេកទេស , បរិក្ខារចរាចរណ៍តាមដងផ្លូវទាំងអស់ ត្រូវបានជនខិលខូចមួយចំនួនធ្វើឱ្យខូច ដួល រលំ វៀច បាក់បែក, ប្រជាពលរដ្ឋមួយចំនួន នៅមិនទាន់យល់ច្បាស់ ពីច្បាប់ចរាចរណ៍ផ្លូវគោក បើកបរក្រោមឥទ្ធិពល នៃជាតិស្រវឹង បើកបរដោយគ្មានបណ្ណបើកបរ មិនបានពាក់មួកសុវត្ថិភាព ឬពាក់ខ្សែក្រវ៉ាត់ នៅពេលកំពុងបើកបរយានយន្ត, កត្តាប្រែប្រួលអាកាសធាតុ, ប្រជាពលរដ្ឋ មួយចំនួនធំ នៅពុំទាន់យល់ដឹង ពីការដាក់ពាក្យស្នើសុំ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស បានធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍ កើតឡើងជាយថាហេតុ។
លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានស្នើឱ្យអាជ្ញាធរ ស្រុក ក្រុង ឃុំសង្កាត់ ទាំងអស់ថា ជួយចាត់វិធានការចំពោះរថយន្តដឹកទំនិញ ធុនធ្ងន់គ្រប់ប្រភេទ (ដឹកដី ខ្សាច់ អុស ថ្ម ក្រួស) គ្មានសណ្តាប់ធ្នាប់ បាត់បង់ សោភ័ណភាពផ្លូវ និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ, សុំជួយទប់ស្កាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ដែលបើកវាងទៅផ្លូវជាតិលេខ៦០, ៧០ និងផ្លូវខេត្តលេខ ២៧០, ខ្សែផ្លូវជាតិ ផ្លូវខេត្ត បច្ចុប្បន្ន ត្រូវមានតម្រូវការប្រព័ន្ធរំដោះទឹកភ្លៀង ចេញពីទ្រូងផ្លូវ ជាចាំបាច់ ជួយចូលរួមសហការផ្សព្វផ្សាយច្បាប់ស្តីពីផ្លូវថ្នល់ និងជួយទប់ស្កាត់ ការរំលោភបំពានលើដីចំណីផ្លូវថ្នល់ ដូចជាការចាក់ដីខ្ពស់ជាងផ្លូវសងលំនៅឋាន ចូលដីចំណីផ្លូវ ។ល។, ជួយសហការថែរក្សា ការពារបរិក្ខារចរាចរណ៍តាមដងផ្លូវ, ជួយសហការត្រួតពិនិត្យយានដ្ឋាន ជួសជុល កែច្នៃ និងដំឡើងយានយន្តខុលក្ខណៈបច្ចេកទេស និងសូមឱ្យមន្ទីរអង្គភាព ដែលពាក់ព័ន្ធ ចូលរួមធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដល់មន្រ្តី សិស្សានុសិស្ស ប្រជាពលរដ្ឋ និងកម្មកររោងចក្រ។
ជុំវិញការស្នើជាសំណូមពររបស់ ខាងមន្ទីរសាធារការ លោក ភោគ សាវុធ ជាអភិបាលស្រុកកងមាស បានឱ្យដឹងនៅថ្ងៃទី១៥ កុម្ភៈនេះថាៈ បញ្ហានេះ ខាងលោក ជាអាជ្ញាធរ រង់ចាំសហការជានិច្ច ជាពិសេស ករណីយានយន្តដឹកទំនិញធុនធ្ងន់មួយចំនួន នៅតែបន្តដឹកជញ្ជូនទំនិញលើសទំងន់កម្រិតកំណត់ គេចស្ថានីយថ្លឹងយានយន្តអចល័ត វាងមកឆ្លងកាត់ផ្លូវជាតិលេខ៧០ និងផ្លូវខេត្តលេខ២៧០ ក្នុងភូមិសាស្រ្តស្រុកកងមាស។ ប៉ុន្តែលោក ( ភោគ សាវុធ) សូមស្នើត្រឡប់ទៅខាងមន្ទីរសាធារណការ និងដឹកជញ្ជូនវិញ គឺសូមផ្តល់ព័ត៌មានជាអត្តសញ្ញាណយានយន្ត ដែលផ្ទុកទំនិញលើសទំងន់កម្រិតកំណត់ និងបញ្ជូនមន្រ្តីជំនាញជាមួយជញ្ជីងចល័ត ដើម្បីត្រួតពិនិត្យជាក់ស្តែង បើមិនអនុវត្តវិធានការនេះទេ ខាងលោកមានសមត្ថភាព និងនីតិសម្បទា ឯណា? ឃាត់យានយន្ត ដើម្បីត្រួតពិនិត្យ។
លោកអភិបាលស្រុកកងមាស បានបន្តថាៈ មួយវិញទៀត ក៏ស្នើសុំឱ្យខាងសាធារណការលើកស្លាកសញ្ញាចរាចរណ៍ កំណត់ទំងន់ជាតោន ចំពោះរថយន្តផ្ទុកទំនិញប៉ុន្មាន? ដែលអាចឆ្លងកាត់ស្ពានដែកបាឡេ ព្រែកអង្គរបាន ព្រោះសព្វថ្ងៃ អត់មានស្លាកនេះទេ៕/V/R