ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យន្តហោះ​ឯកជន​របស់​តារាចម្រៀង អែល​វី​ស ប្រេ​សលី (Elvis Presley) មាន​ម្ចាស់​ថ្មី​ហើយ បន្ទាប់​ពី​យន្តហោះ​នេះ​ត្រូវ​បាន​ចត​ចោល​នៅ​វាល​ខ្សាច់​ញូ​វ​រ៉ូ​ស​វែល (New Roswell) ក្នុង​រដ្ឋ​ញូ​វ​ម៉ិ​ក​ស៊ីកូ​អស់​រយៈពេល ៤០ ឆ្នាំ​។​

​លោកស្រី ព្រី​ស៊ី​លឡា ប្រេ​សលី (Priscilla Presley) អាយុ ៧៧ ឆ្នាំ ជា​អតីត​ភរិយា​របស់​តារាចម្រៀង​រូបនេះ និង​ជា​ម្តាយ​របស់​កូនទោល​តែមួយគត់​របស់​គាត់​ដែល​ទើប​ស្លាប់​ទៅ​គឺ នាង លី​សា ម៉ា​រី ប្រេ​សលី (Lisa Marie Presley) បាន​ស្ថិតនៅ​ទីនោះ ខណៈ​យន្តហោះ​នេះ​ត្រូវបាន​នាំ​ទៅ​លក់​ដេញថ្លៃ​នៅឯ​ការដេញថ្លៃ​មួយ​ហៅថា Mecum Kissimmee Collector Car​ក្នុង​រដ្ឋ​ផ្លរីដា​​កាលពី​ថ្ងៃទី ៨ ខែ​មករា ដែល​ជា​ខួប​គម្រប់ ៨៨ ឆ្នាំ​របស់​ស្តេច​ចម្រៀង Rock and Roll រូបនេះ​។​

​ការដេញថ្លៃ​បើកឆាក​សម្រាប់​យន្តហោះ Lockheed 1329 Jetstar ឆ្នាំ​១៩៦២ គឺ ១០ ម៉ឺន​ដុល្លារ ប៉ុន្តែ​ការ​ផ្តល់ជូនបាន​កើនឡើង​បន្តិច​ម្តងៗ រហូត​ដល់​ញញួរ​វាយ​សម្រេច​ក្នុងតម្លៃ​ដេញថ្លៃ​ឈ្នះ ២៦ ម៉ឺន​ដុល្លារ​។​

​ម្ចាស់​ថ្មី​បាន​ដេញថ្លៃ​តាម​ទូរស័ព្ទ​ហើយ​មិន​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

​យន្តហោះ Lockheed នេះ​ត្រូវបាន​ទិញ​ដំបូង​ក្នុង​ខែធ្នូ ឆ្នាំ ១៩៧៦ ក្នុងតម្លៃ ៨៤ ម៉ឺន​ដុល្លារ គឺ​តិចជាង​មួយ​ឆ្នាំ​មុន​ពេល​ការស្លាប់​របស់​លោក​អែល​វី​ស​នៅ​ខែ​សីហា ឆ្នាំ ១៩៧៧៕

យន្តហោះ Lockheed 1329 Jetstar ឆ្នាំ​១៩៦២ លក់​ដេញថ្លៃ​បាន ២៦ ម៉ឺន​ដុល្លារ