ដោយ:ដេប៉ូ : ភ្នំពេញ៖ ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ គឺជាអាទិភាពការងារ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរួមកម្លាំងគ្នាសម្រេចឱ្យបាន ស្របពេលដែលរាជរដ្ឋាភិបាលកាន់តែផ្តោតការយកចិត្តទុកដាក់តាមរយៈការអនុវត្តគោលនយោបាយពាណិជ្ជកម្មអន្តរជាតិផ្សាភ្ជាប់នឹងលក្ខខណ្ឌការងារ សំដៅធានាថា សិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងលក្ខខណ្ឌការងារនៅកម្ពុជាអនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងបទដ្ឋានអន្តរជាតិខាងការងារ។

លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងបែបនេះ ក្នុងពិធី បើកសិក្ខាសាលា ស្តីពី “គោលការណ៍ណែនាំអំពីដែនកំណត់នៃការដោះស្រាយវិវាទការងាររួម” នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ធ្វើឡើងនៅទីស្តីការក្រសួងការងារ។

ថ្លែងក្នុងពិធីនេះលោក អ៊ិត សំហេង បានឱ្យដឹងថា បេសកកម្មរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធានាឱ្យបាននូវអនុលោមភាពការងារ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ក៏ដូចជាផ្តល់នូវបរិយាកាសការងារ និង វិនិយោគប្រកបដោយចីរភាព និង ភាពធន់ ដើម្បីបន្តទាក់ទាញបាននូវការវិនិយោគ និងការបញ្ជាទិញពីអន្តរជាតិ ព្រមទាំងរក្សាបាននូវកេរ្តិ៍ឈ្មោះជាប្រទេសផលិត ផលិតផលស្អាតស្អំ ដែលមិនមានការរំលោភបំពានសិទ្ធិ និង លក្ខខណ្ឌការងារ។

លោក អ៉ិត សំហេង បន្តថា ផ្អែកលើបទពិសោធន៍ការងារនាពេលកន្លងមក ស្ថានភាពនៃទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជាតែងតែត្រូវបានធ្វើឱ្យមានភាពចម្រូងចម្រាស ដែលមួយចំនួនអាចនាំទៅដល់សកម្មភាពដែលបម្រើឱ្យបដិវត្តន៍ពណ៌ ជាពិសេសនៅពេលការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តខិតជិតមកដល់។ ជាទូទៅ យើងតែងសង្កេតឃើញថា មានការកើនឡើងនូវវិវាទការងាររួម កូដកម្ម និងបាតុកម្ម ដែលមានភាពស្មុគស្មាញក្នុងការដោះស្រាយបញ្ចប់ដោយសន្តិវិធី បើទោះបីជា ក្រសួងបានប្រឹងប្រែងដោះស្រាយយ៉ាងណាក៏ដោយ។ជាក់ស្តែង កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលពី៧ នៃរដ្ឋសភា ក៏កាន់តែខិតជិតមកដល់ផងដែរ ដែលក្នុងនោះ ចលនាផ្សេងៗ ក្នុងចេតនាទុច្ចរិតបង្កអស្ថិរភាពក្នុងសង្គមកម្ពុជា។
សម្រាប់ ការរៀបចំសិក្ខាសាលានាពេលនេះរំពឹងថានឹងផ្តល់ជាសារៈយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារ ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បាតុភាពដែលអាចនឹងកើតមានឡើងនៅតាមសហគ្រាស គ្រឹះស្ថាននានា ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព សំដៅធានាបាននូវអត្ថប្រយោជន៍របស់កម្មករនិយោជិត និងរក្សាបាននូវស្ថេរភាពអាជីវកម្ម។
ខណៈពេលដែលបញ្ជាការឯកភាពក្រុមអធិការកិច្ចការងារសម្រេចបាននូវលទ្ធផលការងារជាច្រើន ឃើញថានូវបញ្ហាប្រឈមមួយចំនួនដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់ និងដោះស្រាយឱ្យបានល្អប្រសើរ ជាពិសេស ការកំណត់អំពីដែនសមត្ថកិច្ចក្នុងការដោះស្រាយវិវាទការងាររួម កូដកម្ម បាតុកម្ម ដែលកើតឡើងតាមសហគ្រាស គ្រឹះស្ថាននៅតាមបណ្តាខេត្ត ក៏ដូចជានៅក្នុងរាជធានីភ្នំពេញ ដែលជាទីប្រជុំជន។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានធ្វើការណែនាំ និងផ្តល់ជាអនុសាសន៍ដឹកនាំសម្រាប់ដោះស្រាយករណីទាំងនេះ ដូចខាងក្រោម៖
១. ត្រូវអនុវត្តតាមគោលការណ៍ណែនាំស្តីពី នីតិវិធីនៃការដោះស្រាយវិវាទការងាររួម កូដកម្ម និងបាតុកម្ម ឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងការទទួលខុសត្រូវ។
២. ត្រូវមានភាពបុរេសកម្មក្នុងការដោះស្រាយនូវរាល់បញ្ហានៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ (ចុះអធិការកិច្ចការងារ ដោះស្រាយវិវាទការងារ កូដកម្ម បាតុកម្ម) ស្របតាមដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងស្មារតីសហការជិតស្និទ្ធ ដោយមិនត្រូវបណ្តោយឱ្យជម្លោះ ឬ វិវាទការងារណាមួយត្រូវបានអូសបន្លាយក្នុងការដោះស្រាយ រហូតធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខជាតិជាដាច់ខាត។
៣. ត្រូវបន្តអនុវត្តយុទ្ធនាការ “រោងចក្រ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យ៖ ១. មានលក្ខខណ្ឌការងារល្អ (ប្រសើរជាងច្បាប់) ២. មានទំនាក់ទំនងវិជ្ជាជីវៈល្អ ៣. មានសុវត្ថិភាព និងសុខភាពការងារ
៤. មានកម្មវិធីលើកកម្ពស់ផលិតភាពការងារ និង ៥. មានកម្មវិធីទទួលខុសត្រូវសង្គម។៤. ត្រូវបន្តដោះស្រាយវិវាទការងារតាមនីតិវិធីដោយឈរលើមូលដ្ឋានច្បាប់ ភាពស្មោះត្រង់ តម្លាភាព មិនលំអៀង និងប្រកបដោយវិជ្ជាជីវៈ។
៥. ត្រូវអនុវត្តឱ្យបានតឹងរឹង និងម៉ឺងម៉ាត់នូវរាល់ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធប្រកបដោយយុទ្ធសាស្រ្ត។
៦. ត្រូវធានាថា រាល់ការអនុវត្តវិធានការនានាត្រូវបានធ្វើការពិចារណាហ្មត់ចត់ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមានដើម្បីបម្រើផលប្រយោជន៍រួម សំដៅធានាបានសុខដុមរមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលជាកត្តាស្នូលក្នុងការទាក់ទាញការវិនិយោគ និងរក្សាការងារជូនបងប្អូនកម្មករនិយោជិត។
៧. ត្រូវបន្តចូលរួមអនុវត្តនូវអនុសាសន៍ទាំង ១០ចំណុចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕ សរន / N