ដោយៈសុផល/ភ្នំពេញ៖ យោងតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើក​ទិសដៅការងារឆ្នាំ២០២៣ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឆ្នាំ២០២២កន្លង​ទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ មាន​ទំនិញ​ឆ្លងកាត់ប្រមាណ ៥,៣ លានតោន មានការកើនឡើង ១,២៩ភាគរយនិងរកចំណូល​សរុប​ប្រមាណ ៣៥១ ប៊ីលានរៀល ស្មើនឹងប្រមាណ ៨៦លានដុល្លារអាម៉េរិក កើនឡើង ២,៤៥ភាគរយបើធៀបនឹងឆ្នាំ២០២១។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននឹងកំពុងអភិវឌ្ឍន៍​ និងធ្វើទំនើបកម្មចំណតផែកុងតឺន័រថ្មី ​តាមរយៈការសិក្សាជាមួយ ភ្នាក់ងារចៃកា(JICA) ដើម្បីប្រែក្លាយជាកំពង់ផែក្នុងតំបន់ដ៏មានសក្តានុពលក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលបច្ចុប្បន្នបាននិងកំពុងស្ថិតក្នុងនីតិវិធីដេញថ្លៃជ្រើសរើស​ក្រុមហ៊ុន​សាងសង់។

ជាមួយគ្នានេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បាននិងកំពុងសិក្សាសមិទ្ធិលទ្ធភាពសាងសង់​ផែ​កុងតឺន័រ​ជំហានទី២ និងជំហានទី៣ ក្នុងនោះ ជំហានទី២ មានប្រវែង៤០០ម៉ែត្រ មានជម្រៅទឹក ១៦ម៉ែត្រ ​ដែលជាគម្រោងឆ្នាំ២០២៥-២០២៨ និង ជំហានទី៣ មាន​ប្រវែង ៤៣០ម៉ែត្រ មានជម្រៅទឹក ១៧,៥ម៉ែត្រ ដែលជាគម្រោងឆ្នាំ២០២៦-២០៣០៕សរន/R