ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយនឹងលោកនាយឧត្តមសេនីយ៍ យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ស្របពេលនឹងការប្រារព្ធខួបអនុស្សារីយ៍លើកទី៧០ នៃការបង្កើតចំណងការទូត រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន នៅក្នុងឆ្នាំ២០២៣ នេះ។ ជំនួបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ក្នុងជំនួបនេះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផល កិច្ចសហប្រតិបត្តិការទ្វេភាគី ដែលសម្រេចបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការរក្សាបាន នូវការប្រាស្រ័យទាក់ទងជាប់ជាប្រចាំ ដូចដែលស្តែងឡើង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំយោធាជាន់ខ្ពស់ ជាញឹកញាប់ ដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនង រវាងប្រភេទទ័ពជើងគោក នៃប្រទេសទាំងពីរ។

សម្រាប់ពេលបន្តទៅមុខ សមភាគីទាំងពីរក៏បានពិភាក្សា អំពីគោលគំនិត និងយន្តការក្នុងការអនុវត្តទិសដៅសហប្រតិបត្តិការនានា ជាពិសេស លើការងារពង្រឹងសមត្ថភាពកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងការបោសសម្អាតមីនមនុស្សធម៌ និងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ សំដៅរួមចំណែកពូនជ្រំ និងជំរុញ “ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន” ដែលទើបត្រូវបានដំឡើង កាលពីពេលថ្មីៗនេះ និងដែលត្រូវចាប់ផ្តើមអនុវត្ត ចាប់ពីឆ្នាំ២០២៣ តទៅ។

ដោយឡែក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ ចំពោះការរួមចំណែករបស់ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនជប៉ុន នៅក្នុងដំណាក់កាល ដែលកម្ពុជា បានជួបប្រទះនូវការលំបាក រួមមានទាំងការចូលរួម ក្នុងដំណើរការចរចាស្វែងរកសន្តិភាព ក៏ដូចជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ឱ្យមានការរីកចម្រើនឡើងវិញ។ មួយវិញទៀត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានគូសបញ្ជាក់ អំពីការគាំទ្រតួនាទី ដ៏មានសារៈសំខាន់ របស់ប្រទេសជប៉ុន នៅក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍ នៅក្នុងតំបន់។

ក្នុងឱកាសនៃជំនួបនេះផងដែរ សមភាគីទាំងពីរក៏បានចុះហត្ថលេខាលើឯកសារ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន” ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងមានកម្រិតខ្ពស់ឡើង។ សមិទ្ធផលថ្មីនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ក្នុងទំនាក់ទំនងកម្រិត កងទ័ពជើងគោក នៃប្រទេសទាំងពីរ និងជាការបោះជំហាន ប្រកបដោយសក្តានុពល ដើម្បីជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការ ជាក់ស្តែង ឱ្យមានលក្ខណៈសកម្មរស់រវើក ក្នុងវិស័យសំខាន់ៗមួយចំនួន ជាអាទិ៍៖ ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងនាយទាហានគ្រប់កម្រិត, ការហ្វឹកហ្វឺន និងលំហាត់រួម, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព, ការផ្លាស់ប្តូរព័ត៌មាន ព្រមទាំងជំនួយសម្ភារ បរិក្ខារយោធា និងបច្ចេកវិទ្យា ជាដើម៕ V / N