ដោយ​៖ សុវណ្ណ​កុម្ភៈ​/​កំពង់ធំ​៖ កីឡាករ​-​កីឡា​ការ​នី​ជា​កុមារ និង​យុវជន​សរុប​ចំនួន ៣៦០​នាក់ មកពី​៣០ ក្រុម​បានមក​ជួបជុំគ្នា​យ៉ាងច្រើន​កុះករ​នៅ​បរិវេណ​ទីលាន​បាល់ទាត់ ហ្វុ​ត​សាល​ក្លឹប​អាចារ្យ​លក្ខ​នៅ​ទី​រួម​ខេត្តកំពង់ធំ​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​បាល់​ទាត់​វិលជុំ កុមារ និង​យុវជន AIA – ISF Youth League លើក​ទី​ពីរ​ប្រចាំ​ឆ្នាំនេះ​ក្រោម​ការសហការ​រវាង​អង្គការ​ផ្កាយ​សមុទ្រ (ISF) និង​ក្រុមហ៊ុន​ធានា រ៉ាប់រង​អាយុជីវិត AIA Cambodia ។​

​ការប្រកួត​នេះ​មានការ​ចូលរួម​ដោយ​កុមារ និង​យុវជន ជា​កីឡាករ​-​កីឡា​ការ​នី បាន​បញ្ចេញ​សមត្ថភាព​របស់ខ្លួន​យ៉ាង​ស្វាហាប់ និង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុងការ​ប្រកួត​មិត្តភាព​មួយ​នេះ ដោយ​ទទួល​បានការ ឧបត្ថម្ភ​គាំទ្រ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត AIA Cambodia អង្គការ​ផ្កាយ​សមុទ្រ គឺ​ពិត​ជាមាន​មោទកភាព​ក្រៃលែង​ដែល​បាន​នាំយក​ភាពសប្បាយ​រីករាយ តាមរយៈ​ការលេង​កីឡា​ទៅដល់​កុមារ និង​យុវជន នៅ​ទូទាំងប្រទេស​កម្ពុជា ។


​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​វិលជុំ​កុមារ និង​យុវជន AIA – ISF Youth League ជាការ​ប្រកួត​បាល់ទាត់​វិលជុំ​ថ្នាក់មូលដ្ឋាន​ដ៏​ធំ​បង្អស់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​ការកកើតឡើង​នៃ​កិច្ចសហការ​មួយ​នេះ ស្ថាប័ន​ទាំងពីរ​នេះ​បានកត់សម្គាល់​ឃើញថា ឱកាស​ចូលរួម​ប្រកួតប្រជែង​ក្នុង​កីឡា​គឺ​ពិតជា​កម្រ​ខ្លាំងណាស់​សម្រាប់​កុមារ និង​យុវជន​កម្ពុជា ។ ដូច្នេះហើយ​ទើប​ក្នុង​ឆ្នាំ​២០២៣​នេះ អង្គការ​ផ្កាយ​សមុទ្រ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត AIA Cambodia រួមគ្នា​ពង្រីក​វិសាលភាព​នៃ​ការប្រកួត​នេះ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ធំ ។ ដោយឡែក ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​នេះ​នៅតាម​ខេត្ត​នឹង​ផ្តល់ឱកាស​ដល់​កីឡាករ កីឡា​ការ​នី​ជាង ១.៥០០​នាក់​ក្នុង​ការចូលរួម​ប្រកួតប្រជែង ដោយ​ជួយ​កាត់បន្ថយ​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​សម្រាប់​ពួកគេ ។

​ប្រធានការិយាល័យ​អប់រំ​កាយ និង​កីឡា ខេត្តកំពង់ធំ លោក ឃឹម ស្រេង ក៏បាន​បន្ថែមថា ពួកយើង​ពិតជា​សប្បាយរីករាយ​ណាស់ ដែល​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត AIA Cambodia បានរៀបចំ​ការប្រកួត​បាល់ទាត់​វិលជុំ​កុមារ និង​យុវជន AIA – ISF Youth League នៅ​ខេត្ត​យើង​ក្នុងឆ្នាំនេះ ដើម្បី​ផ្តល់ឱកាស ឲ្យ​កីឡាករ​កីឡា​ការ​នី​ឲ្យ​មក​ចូលរួម​កាន់តែច្រើន ។ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​នេះ​បាន​ជួយ​លើកទឹកចិត្ត​ឲ្យ​កុមារ និង​យុវជន​ចាប់ផ្តើម​លេង​កីឡា និង​ក្លាយជា​ពលរដ្ឋ​មាន​សុខ​ភាពល្អ​ទាំង​ផ្លូវចិត្ត និង​កាយ​នា​ថ្ងៃ​អនាគត ដែល​វា​ក៏​ស្របទៅនឹង​បេសកកម្ម​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ ។​

​លោក ឡុ​ច រ៉ែ​ន ជា នាយក​អភិវឌ្ឍន៍​អាជីវកម្ម របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត AIA Cambodia ដែលមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​បើក​ការប្រកួត​នេះ​ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់លោក​ថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​វិលជុំ​កុមារ និង​យុវជន​នៅ​ខេត្តកំពង់ធំ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​ប្រាំ បី​សប្តាហ៍​ជាប់​គ្នា ។ ក្រុម​ឈ្នះ​ក្នុងការ​ប្រកួត​នេះ​នឹងចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League នៅ​ថ្ងៃទី​១១ ខែមិថុនា​នៅ​រាជធានី​ភ្នំពេញ​៕/R​