​ដោយ​: សៅ​វ៉ាន់ឌី​/​ព្រះវិហារ​: លោក គីម រិទ្ធី អភិបាលខេត្ត​ព្រះវិហារ នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​ឆ្នាំ​២០២៣ នា​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត បាន​ជំរុញ​ព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ ប្រកបដោយ​តម្លាភាព ដោយ​ឈរលើ​គោលការណ៍​ច្បាប់ និង​លិខិតបទដ្ឋាន​នានា ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​។​

​ប្រជុំ​នេះ​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះវិហារ ក្រោម​វត្តមាន​ចូលរួម​ពី​សំណាក់​  លោក លោកស្រី ជា​អភិបាលរង​ខេត្ត លោក លោកស្រី ជា​ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ អភិបាលក្រុង ស្រុក មន្ត្រី​ជំនាញ​រដ្ឋបាល​សាលាខេត្ត នឹង​មន្ទីរ​ជាច្រើនរូប​ទៀត ។​

​ក្នុង​ពី​ធី​នោះ លោក គីម រិទ្ធី បានស្នើ​ដល់​សមាជិក​គណៈកម្មាធិកា​រ​គ្រប់គ្រង​ដី​រដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ពិភាក្សា និង​ចូលរួម​ជា​គំនិត យោបល់​ល្អៗ នឹង​សំណូមពរ​របស់​សមាជិក​ក្នុង​អង្គប្រជុំ​ទៅលើ​ការគ្រប់គ្រង​ដី​រដ្ឋ ការងារ​ដី សម្បទាន​សេដ្ឋកិច្ច ការងារ​ដី​សម្បទាន​សង្គមកិច្ច និង​ការចុះបញ្ជី​ដីធ្លី​ជាដើម ដើម្បី​ជា​ធាតុ​ចូល ក្នុងការ​ពិភាក្សា​រក​ដំណោះស្រាយ​ពី​បញ្ហា​ប្រឈម​នានា ដែល​កើតមានឡើង​នាពេល​កន្លងមក ជាពិសេស​ត្រូវ​ចូលរួម​លើក​ជា​សំណួរ​ឱ្យបាន​ផុលផុស ដើម្បី​មាន​សមត្ថភាព គ្រប់គ្រាន់ ក្នុងការ​ចូលរួម​អនុវត្តន៍​តាម​គោលការណ៍​ណែនាំ​ឱ្យបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ ។​
​កិច្ច​ប្រជុំបាន​ប្រព្រឹត្តទៅ​ដោយបាន​ស្ដាប់​នូវ​បទ​បង្ហាញ​របស់​មន្ទីរ​រៀបចំ​ដែនដី នគរ​រូប នីយកម្ម សំណង់ និង​សុរិយោដី ដែល​ទាក់ទង​ទៅនឹង​បញ្ហាដីធ្លី​ក្នុង​ខេត្ត នឹង​បាន​ពិភាក្សា​លើ បញ្ហា​មួយចំនួនទៀត ដូចជា​ការស្នើសុំ​ដី​សម្រាប់​ការសាងសង់​អគារ ក៏ដូចជា​សុំ​ចុះបញ្ជី​ដីធ្លី របស់​មន្ទីរ​មួយចំនួន បញ្ហា​ទំនាស់​ដីធ្លី​រវាង​មន្ទីរ​ស្ថាប័នរដ្ឋ និង​ស្ថាប័នរដ្ឋ​ដូចគ្នា នឹង​រវាង ស្ថាប័នរដ្ឋ និង​ឯកជន ព្រមទាំង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​ដែល ទាក់ទង​ទៅនឹង​ដីធ្លី ។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ ថ្នាក់​ខេត្ត បាន​ស្នើឱ្យ​អាជ្ញាធរ​ក្រុង​-​ស្រុក ត្រូវ​គ្រប់គ្រង និង​ការពារ​ដី​រដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ពិសេស​មន្ទីរជំនាញ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​-​ស្រុក និង​អ្នកពាក់ព័ន្ធ​ជាប់​ជាប្រចាំ ៕​/R