ដោយៈ ទេពកង្រី/កំពង់ឆ្នាំងៈ ពិធីប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២២-២០២៣ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅនៅក្នុងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសំណាក់ លោក យិន សាវ៉េន អភិបាលរងខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ប្រតិភូដឹកនាំកីឡាករ កីឡាការិនី សិស្សានុសិស្ស មកពីក្រុងស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំងផងដែរ ។
បើយោងតាមការបញ្ជាក់របស់លោក ស៊ឺម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថាចំពោះដំណើរការប្រកួតនៅពេលនេះ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែល មានសមាសភាព ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សរុបចំនួន១.៧៦០នាក់ ស្រីចំនួន ៨១៣នាក់ ក្នុងនោះមាន៖ កីឡាករ កីឡាការិនី សិស្សបឋមសិក្សា ចំនួន ៦៧២នាក់ ស្រីចំនួន ៣២៤នាក់ ។ ដោយឡែកសិស្សមធ្យមសិក្សាមានកីឡាករ-កីឡាការិនី ចំនួន ៧៨៤នាក់ ស្រីចំនួន ៣៩២នាក់ ។ សរុបកីឡាករ-កីឡាការិនីមានចំនួន១.៤៥៦នាក់ ស្រីមានចំនួន ៧១៦នាក់ ។ ប្រតិភូ គ្រូបង្វឹក ចំនួន ១៥៤ នាក់ ស្រី ១៧ នាក់។ ឯប្រភេទកីឡាមាន៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៊ូល និងប៉េតង់។
លោក យិន សាវ៉េន បានមានប្រសាសន៍ថា កីឡាករ កីឡាការិនី គឺជាទំពាំងស្នងឫស្សីក្នុងការអភិវឌ្ឍជាតិនាថ្ងៃ អនាគត ដែលមិនអាចខ្វះបាន។ ការប្រកួតកីឡាជ្រើសរើស ជើងឯកនៅក្នុងពេលនេះ គឺជាការប្រកួតដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាពមិត្តភាព និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ វេទិកាកីឡា គឺជាកាលានុវត្តភាពប្រកបដោយសមធម៌ ដែលផ្ដល់ឱ្យកីឡាករ និងគូប្រកួតមានឱកាសសាកល្បង បញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ ដើម្បីទទួលជ័យជម្នះ។ ទន្ទឹមនឹងនេះផងដែរវិស័យកីឡា បានរួមចំណែកកាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជា ការសេពគ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ ក្នុងសង្គមជាតិ។
អភិបាលរងខេត្តក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំក្រុង/ស្រុក ដែលដឹកនាំប្រតិភូកីឡាមកចូលរួមប្រកួតត្រូវខិតខំពង្រឹងវិន័យ សាមគ្គីភាពរបស់ក្រុមនីមួយៗ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់កីឡាករទាំងអស់ ធ្វើយ៉ាងណាឲ្យការស្នាក់នៅ ហូបចុក និងការចូលរួមប្រកួត ដំណើរការល្អប្រសើរ ស្របតាមកម្មវិធីដែលបានគ្រោងទុក៕/R