ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ បណ្តាប្រទេសក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង(ណាតូ)កំពុងបង្កើនការផលិតគ្រាប់កាំភ្លើងខណៈកងកម្លាំងអ៊ុយក្រែនកាន់តែប្រើអស់គ្រាប់ផ្លោងលឿនជាងលោកខាងលិចអាចផលិតបាន នៅពេលសម្ពន្ធភាពយោធានេះបានសន្យាប្រគល់រថក្រោះទំនើប Leopard 2ចំនួន៤៨គ្រឿងដល់រដ្ឋាភិបាលទីក្រុងគៀវ។
ប្រធានណាតូលោក ជេនស៍ ស្តូលថិនប៊ឺក បានប្រាប់អ្នកយកព័ត៌មានក្រោយកិច្ចប្រជុំពីរថ្ងៃរបស់រដ្ឋមន្ត្រីការពារជាតិរបស់សម្ពន្ធភាពយោធានេះថា «កិច្ចខិតខំកំពុងធ្វើឡើង តែ…យើងត្រូវបង្កើនថែមទៀត ដោយសារតែតំរូវការធំមួយនៅទីនោះ គឺផ្គត់ផ្គង់គ្រាប់រំសេវដល់អ៊ុយក្រែន»។
លោកបានកត់សំគាល់ថា ប្រទេសជាច្រើនដូចជាអាម៉េរិក បារាំង អាល្លឺម៉ង់និងន័រវេស បានចុះកុងត្រាសំរាប់ផលិតគ្រាប់រំសេវដែលអាចអោយណាតូបំពេញឃ្លាំងរបស់ខ្លួនឡើងវិញ តែក៏សំរាប់បន្តផ្គត់ផ្គង់អោយអ៊ុយក្រែនដែលកំពុងរងការវាយប្រហារជាខ្លាំងពីរុស្ស៊ីផងដែរ។
សូម្បីតែនៅមុនការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃ២៤កុម្ភៈឆ្នាំមុន ក៏ប្រទេសក្នុងណាតូជាច្រើនមិនអាចបំពេញតាមគោលដៅបំពេញស្តុកគ្រាប់រំសេវនៅតាមឃ្លាំងរបស់ខ្លួនដែរ។ល្បឿននៃការបញ្ជូនគ្រាប់រំសេវទៅអោយកងកម្លាំងអ៊ុយក្រែន ដែលបាញ់គ្រាប់កាំភ្លើងធំដល់ទៅ១០.០០០ក្នុងមួយថ្ងៃបានធ្វើអោយកាន់តែរលួសអស់គ្រាប់ពីបណ្តាឃ្លាំងលោកខាងលិច។
ក្នុងពេលជាមួយគ្នា ផែនការប្រគល់រថក្រោះLeopard 2ចំនួនពីរកងពលដល់អ៊ុយក្រែនបានលេចចេញជារូបរាង។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកបូរីស ភីស្តូរីយ៉ូស(Boris Pistorius)បាននិយាយថាបណ្តាប្រទេសលោកខាងលិចបានសន្យាផ្តល់រថក្រោះLeopard 2 ចំនួន៤៨គ្រឿងដល់រដ្ឋាភិបាលទីក្រុងគៀវ រួមមានរថក្រោះចាស់Leopard 2 A4មួយកងពលមានចំនួន៣១គ្រឿង ដែលនឹងប្រគល់ក្រោមការសម្របសម្រួលពីប៉ូឡូញ។
បន្ថែមលើចំនួននេះ អាល្លឺម៉ង់នឹងប្រគល់១៤គ្រឿងនិងព័រទុយហ្កាល់ផ្តល់រថក្រោះLeopard 2 A6ទំនើបជាងចំនួនបីគ្រឿង៕
ប្រមុខអង្គការណាតូព្រមានអឺរ៉ុបថា ប្រឈមនឹងការរលួសអស់គ្រាប់រំសេវសំរាប់ផ្តល់អោយអ៊ុយក្រែន
កងកម្លាំងអ៊ុយក្រែន បាញ់គ្រាប់កាំភ្លើងធំដល់ទៅ១០.០០០ក្នុងមួយថ្ងៃ