ដោយៈសុវណ្ណកុម្ភៈ / ភ្នំពេញៈ ក្រុមបាល់ទះជម្រើសជាតិ អាយុក្រោម ១៩ ឆ្នាំបារាំង បានធ្វើដំណើរដល់កម្ពុជាហើយ ដើម្បីប្រកួតជាមិត្តភាព ជាមួយក្រុមជម្រើសជាតិកម្ពុជា នៅចុងសប្ដាហ៍នេះ។

លោក Belmadi Slimane ដែលជាគ្រូបង្វឹកក្រុមបារាំង បានចាត់ទុកការប្រកួត មិត្តភាពនេះថា នឹងផ្ដល់នូវផលចំណេញរៀងៗខ្លួន ហើយអ្វីដែលសំខាន់ ការប្រកួតនេះ នឹងក្លាយជាឱកាសផ្ដល់បទពិសោធន៍ ដល់ក្រុមកម្ពុជា ដែលកំពុងត្រៀមខ្លួនប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាពេលខាងមុខនេះ។ លោកបានអះអាងថាៈ លោកនឹងដឹកនាំ កូនក្រុមរបស់លោក ឲ្យធ្វើបានល្អ នៅក្នុងការប្រកួតនេះ។

គ្រូបង្វឹករូបនេះ បានបន្តថាៈ វិស័យបាល់ទះកម្ពុជា ពេលនេះ មានការរីកចម្រើនខ្លាំង ជាងមុន។ តាមរយៈការប្រកួតមិត្តភាពនេះ ក្រុមរបស់លោក នឹងចែករំលែកនូវអ្វីដែល ខ្លួនមាន ជូនដល់ក្រុមកម្ពុជា និងទទួលមកវិញ នូវអ្វីដែលកម្ពុជាមាន។

អនុប្រធានបច្ចេកទេសរបស់ក្រុមបារាំង លោក Bertrand LEYS បាននិយាយដែរ ថាៈ នេះជាលើកដំបូងហើរយ ដែលក្រុមបាល់ទះបារាំងមកកម្ពុជា។ លោកមានជំនឿចិត្តថា ការប្រកួតមិត្តភាពនេះ នឹងទទួលបានបទពិសោធន៍ល្អៗ ពីគ្នាទៅវិញទៅមក បន្ថែមលើ​ ការងារទំនាក់ទំនង និងចុះអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីជំរុញវិស័យកីឡា មួយនេះ។

ក្រុមកម្ពុជា និងក្រុម U-19 បារាំង នឹងជួបគ្នា ២ ប្រកួត គឺថ្ងៃទី១៩ និង ២២ កុម្ភៈ នៅពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក)។
សូមបញ្ជាក់ថាៈ បារាំង ជាប្រទេសមហាអំណាច បាល់ទះ ដោយក្រុមឈុតធំរបស់បារាំង ឈរនៅចំណាត់ថ្នាក់លេខ៣ ពិភពលោក៕/V-PC