ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប៉ូលិសបាននិយាយកាលពីថ្ងៃពុធទី១៥កុម្ភៈថា ស្ត្រីជនជាតិថៃ-អាម៉េរិកម្នាក់រស់នៅក្នុងរដ្ឋមីស៊ីហ្គែន ដែលបានភៀសខ្លួនទៅប្រទេសថៃ បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍បុកហើយរត់គេចខ្លួន ដែលសម្លាប់និស្សិតមហាវិទ្យាល័យនោះ បានយល់ព្រមត្រឡប់ទៅសហរដ្ឋអាម៉េរិកវិញដើម្បីប្រឈមមុខនឹងការចោទប្រកាន់។
ស្ត្រីឈ្មោះ ទូបទីម “ស៊ូ” ហូវសុន (Tubtim “Sue” Howson) អាយុ ៥៧ ឆ្នាំបានបើកឡានបុកនិស្សិតសាកលវិទ្យាល័យរដ្ឋមីស៊ីហ្គែន (Michigan) ឈ្មោះ បេនចាមីន កាប៊ិល (Benjamin Kable) អាយុ ២២ ឆ្នាំ មុនព្រឹកព្រលឹមថ្ងៃទី ១ ខែមករា ហើយយោងតាមអាជ្ញាធរអាម៉េរិក ស្ត្រីនេះបានហោះទៅថៃតាមសំបុត្រតែមួយជើងនៅថ្ងៃទី ៣ ខែមករា។ ឧបទ្ទវហេតុនេះបានកើតឡើងនៅតំបន់អោកលែនខោនធី (Oakland County) រដ្ឋមីស៊ីហ្គែន។
ការចោទប្រកាន់របស់រដ្ឋចំពោះការខកខានមិនបានឈប់នៅកន្លែងគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវបានដាក់ប្តឹងនៅថ្ងៃទី ២ ខែកុម្ភៈ ហើយការចោទប្រកាន់សហព័ន្ធទាក់ទងនឹងការហោះហើររបស់ស្ត្រីនេះចេញពីប្រទេសត្រូវបានដាក់ប្តឹងនៅថ្ងៃទី ៦ ខែកុម្ភៈ។
និយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលចូលរួមដោយលោកស្រីហូវសុនដែរនោះ អគ្គស្នងការរងនគរបាលជាតិថៃ លោក ស៊ូរ៉ាជាតិ ហាក់ផាន (Surachate Hakparn) បានប្រកាសថា លោកស្រីមានបំណងត្រឡប់ទៅសហរដ្ឋអាម៉េរិកវិញដើម្បីប្រឈមមុខនឹងការចោទប្រកាន់ ហើយការរៀបចំកំពុងត្រូវបានធ្វើឡើងសម្រាប់លោកស្រីដើម្បីហោះត្រឡប់ទៅវិញមុនថ្ងៃអាទិត្យ។
រំលឹកឡើងវិញនូវឧបទ្ទវហេតុនោះ លោកស្រីហូវសុនបាននិយាយថា “ខ្ញុំបានចាកចេញពីផ្ទះដើម្បីធ្វើការនៅម៉ោងប្រហែល ៥៖៣០ ព្រឹកដល់ម៉ោង ៦ ព្រឹក។ វាជារដូវរងា ហើយវាងងឹតណាស់។ ជាធម្មតាគ្មាននរណាម្នាក់ដើរលើផ្លូវនៅទីនោះទេ លើកលែងតែសត្វក្តាន់”។ លោកស្រីនិយាយថា ដំបូងលោកស្រីស្មានថាលោកស្រីបានបើកបុកក្តាន់ ប៉ុន្តែក្រោយមកនៅពេលសួរពីមូលហេតុដែលលោកស្រីភៀសខ្លួនទៅប្រទេសថៃ លោកស្រីបានឆ្លើយថា ពេលលោកស្រីឃើញរាងកាយរបស់កាប៊ិល លោកស្រីគិតថាគាត់ច្បាស់ជាស្លាប់ហើយ។
លោកស្រីនិយាយថា “ខ្ញុំមិននឹកគិតថាត្រូវរត់ចេញនោះទេ ប៉ុន្តែខ្ញុំរន្ធត់ចិត្តពេក។ ខ្ញុំបានព្យាយាមទូរស័ព្ទទៅប៉ូលិស ប៉ុន្តែដៃរបស់ខ្ញុំញ័រ។ ខ្ញុំមិនអាចធ្វើអ្វីបានទេ”។
ទីភ្នាក់ងារ FBI នៅពេលដែលខ្លួនដាក់ពាក្យបណ្តឹងសហព័ន្ធប្រឆាំងនឹងស្ត្រីនេះ បានកត់សម្គាល់នៅក្នុងឯកសារតុលាការថា ស្ត្រីនេះមានដើមកំណើតមកពីប្រទេសថៃ ហើយបានប្រាប់សហការីជិតស្និទ្ធម្នាក់បន្ទាប់ពីឧបទ្ទវហេតុនោះថា លោកស្រីគិតថាខ្លួនបានសម្លាប់មនុស្ស ហើយគាត់នឹងត្រឡប់ទៅប្រទេសថៃវិញ។
ភ្នាក់ងារ FBI លោក ម៉ាត់ធូ សូហ្វ (Matthew Schuff) បាននិយាយនៅក្នុងឯកសារនោះថា “នៅពេលត្រូវបានលើកទឹកចិត្តឱ្យប្រគល់ខ្លួនទៅប៉ូលិស លោកស្រីហូវសុនបាននិយាយថា “កុំអីលោកប៉ូលិស កុំអីលោកប៉ូលិស”។
លោកស្រីហូវសុនបានមកដល់ថៃនៅថ្ងៃទី ៥ ខែមករា ហើយប៉ូលិសបាននិយាយថា ពួកគេបានចាប់ផ្តើមតាមដានស្ត្រីនេះនៅថ្ងៃទី ១២ ខែមករាតាមសំណើរបស់ FBI ដោយរកឃើញរូបគាត់នៅថ្ងៃទី ១៤ ខែមករាក្នុងខេត្តរាជាបុរីភាគខាងលិច ជាកន្លែងដែលពួកគេបានស្នើឱ្យគាត់ប្រគល់ខ្លួន។
ថៃនិងសហរដ្ឋអាម៉េរិកមានសន្ធិសញ្ញាធ្វើបត្យាប័ន ហើយប្រសិនបើជនសង្ស័យជំទាស់នឹងដីកាធ្វើបត្យាប័ននោះ វាត្រូវតែឆ្លងកាត់តុលាការថៃ ដែលអាចជាដំណើរការវែងឆ្ងាយចំណាយពេលយូរ។
លោកស៊ូរ៉ាជាតិបាននិយាយថា លោកស្រីហូវសុនបានធ្វើការនិងរស់នៅក្នុងរដ្ឋមីស៊ីហ្គែនជាមួយគ្រួសារនិងកូនពីរនាក់អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។
លោកបាននិយាយថា “យើងមិនបានចាប់ខ្លួនគាត់ទេ។ បន្ទាប់ពីគាត់បានដឹងការពិត គាត់បានបង្ហាញចេតនាទទួលយកការដាក់ទោសនៅសហរដ្ឋអាម៉េរិក។ នេះនឹងក្លាយជាគំរូល្អសម្រាប់សង្គមថៃ”៕
លោកស្រីហូវសុនបង្ហាញខ្លួននៅសន្និសីទកាសែតជាមួយលោកស៊ូរ៉ាជាតិកាលពីថ្ងៃពុធ